ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សកាន់អំណាច នឹងបើកមហាសន្និបាត ដើម្បីកំណត់យុទ្ធសាស្រ្តដឹកនាំប្រទេសតទៅមុខទៀត
27, Dec 2022 , 10:29 am        
រូបភាព
គណបក្សប្រជាជនកម្ពុជា បេីកសន្និបាតគណៈកម្មាធិការកណ្ដាលរបស់ខ្លួនលេីកទី៤២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។
គណបក្សប្រជាជនកម្ពុជា បេីកសន្និបាតគណៈកម្មាធិការកណ្ដាលរបស់ខ្លួនលេីកទី៤២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។
ឈានចូលឆ្នាំ២០២៣ភ្លាម គណបក្សប្រជាជនកម្ពុជា នឹងចាប់ផ្តើមរៀបចំបើកមហាសន្និបាតតែម្តង ដើម្បីអនុម័តគោលនយោបាយ សម្រាប់យកទៅអនុវត្តក្នុងអាណត្តិទី៧ ដែលជាអាណត្តិថ្មី (២០២៣-២០២៨)។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសពីការរៀបចំមហាសន្និបាតនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤១ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។


ប្រមុខគណបក្សប្រជាជនកម្ពុជា ថ្លែងដូច្នេះថា៖«ថ្ងៃមុន គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ត១ គឺបំផ្លាញគ្រាប់មីនឲ្យអស់នៅត្រឹមឆ្នាំ២០២៥ ដែលជាយុទ្ធសាស្រ្តសម្រាប់ការដឹកនាំប្រទេសឆ្នាំ២០២៣-២០២៨។ ក្នុងខែមករា [ឆ្នាំ២០២៣] គណបក្សប្រជាជនកម្ពុជា នឹងបើកមហាសន្និបាត ដើម្បីអនុម័តគោលនយោបាយ វាជាគោលនយោបាយរបស់ខ្លួនសម្រាប់អាណត្តិបន្ត»។  
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗថា មហាសន្និបាតនេះ គឺជាមហាសន្និបាតតំណាងគណបក្សនៅទូទាំងប្រទេស។ លោក មានប្រសាសន៍ដូច្នេះថា៖«តំណាងគណបក្ស នៅតាមឃុំ តាមស្រុក ដែលចាំបាច់ ក៏អាចត្រូវបានអញ្ជើញឲ្យចូលរួមដែរ»។ 
 
ដោយមិនទាន់ដឹងព័ត៌មានជាក់លាក់ អ្នកនាំពាក្យគណបក្សកាន់អំណាច អាចត្រឹមប៉ាន់ស្មានជាបឋមថា តំណាងគណបក្សដែលចូលរួម អាចមានដល់ខ្ទង់រាប់ពាន់នាក់ ទៅតាមទំហំសាលនៃវិមាន៧មករា ដែលអាចដាក់មនុស្សបានប្រមាណពី ៣ពាន់នាក់ ទៅ៤ពាន់នាក់ ហើយមហាសន្និបាតនេះ អាចនឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ ក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៣៕ 
 
 
 
 

Tag:
 គណបក្សប្រជាជនកម្ពុជា
  មហាសន្និបាត
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com