អន្តរជាតិ
ប្រមុខការទូតរុស្ស៊ី៖ បើអ៊ុយក្រែនមិនធ្វើតាមសំណើ បញ្ហាអ៊ុយក្រែននឹងធ្លាក់លើដៃទាហានរុស្ស៊ី
27, Dec 2022 , 11:29 am        
រូបភាព
ដោយ:
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី២៦ ខែធ្នូ លើកឡើងថា ក្រុងកៀវដឹងច្បាស់ណាស់ពីសំណើដោះស្រាយជម្លោះរបស់ក្រុងមូស្គូ ហើយប្រសិនបើក្រុងកៀវមិនធ្វើតាមដើម្បីប្រយោជន៍របស់ខ្លួនទេ កងទ័ពរុស្ស៊ីនឹងជាអ្នកសម្រេច។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ។
 
ទាំងរុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែមានសំណើរៀងៗខ្លួនដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែកិច្ចចរចាស្វែងរកសន្តិភាពកន្លងមកបានជាប់គាំង ដោយសារតែរកចំណុចរួមមិនឃើញ។ ខណៈរុស្ស៊ីបន្តឈ្លានពានអ៊ុយក្រែនចូលដល់ខែទី១១ ហើយ ភាគីជម្លោះទាំងពីរនៅតែមិនទាន់ស្រុះស្រួលចូលតុពិភាក្សាឡើងវិញនៅឡើយ។
 
«​សំណើរបស់យើងដើម្បីរំសាយកងទ័ព និងរំដោះទឹកដីដែលគ្រប់គ្រងដោយរបប (លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី) ពីពួកណាស៊ី, លុបបំបាត់ការគំរាមដល់សន្តិសុខរុស្ស៊ីដែលចេញពីទីនោះរួមមានទឹកដីថ្មីរបស់យើងដែលសត្រូវស្គាល់យ៉ាងច្បាស់»។ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ស្រង់សម្តីរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បែបនេះនៅថ្ងៃទី២៦ ខែធ្នូ។ 
 
បើតាមប្រមុខការទូតរុស្ស៊ី សារដែលលោកចង់បញ្ជាក់ទៅអ៊ុយក្រែនគឺធម្មតាទេ ពោលគឺក្រុងកៀវត្រូវបំពេញសំណើទាំងលើដើម្បីប្រយោជន៍ខ្លួន បើមិនដូច្នោះទេ បញ្ហានៅអ៊ុយក្រែននឹងត្រូវសម្រេចដោយទាហានរុស្ស៊ី។
 
កន្លងមក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ម្តងហើយម្តងទៀតអះអាងថា ក្រុងមូស្គូបើកផ្លូវចាំចរចាជានិច្ច។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កន្លងមកបញ្ជាក់ថា ទាល់តែរុស្ស៊ីបញ្ឈប់ការវាយប្រហារ ហើយផ្តល់ដីដែលលេបបានកន្លងមកឱ្យខ្លួនវិញ ទើបព្រមចូលតុចរចា។ 
 
ដោយផ្អែកលើអំណះអំណាងរំដោះប្រទេសជិតខាងខ្លួនពីពួកណាស៊ី ក្រុងមូស្គូកាលពីខែកញ្ញាបានលេបទឹកដីអ៊ុយក្រែនចំនួនបួនដូចជា សាធារណរដ្ឋលូហាន សាធារណរដ្ឋដូណេត្ស តំបន់ Zaporizhzhia និងតំបន់ Kherson។ ចំណាត់ការនេះត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចថ្កោលទោស ហើយទទូចឱ្យប្រទេសទាំងអស់កុំទទួលស្គាល់៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com