អន្តរជាតិ
ចិន លុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរចូលប្រទេស
27, Dec 2022 , 3:09 pm        
រូបភាព
ដោយ:
ចិន នៅថ្ងៃទី២៦ ខែធ្នូ ប្រកាសលុបចោលវិធានការដាក់នៅដាច់ដោយឡែកសម្រាប់អ្នកធ្វើដំណើរ និងទំនិញនាំចូលប្រទេស។ ចំណាត់ការនេះនឹងមានប្រសិទ្ធភាពពីថ្ងៃទី៨ ខែមករា ខាងមុខ ស្របពេលចិនកំពុងប្រឈមនឹងករណីឆ្លងជំងឺកូវីដ-១៩ ដ៏ច្រើនបំផុតមិនធ្លាប់មាន។
 
កាត់ផ្តាច់ពីពិភពលោកស្ទើរតែស្រុងជិតបីឆ្នាំមកនេះ ចិននៅថ្ងៃទី២៦ ខែធ្នូ ប្រកាសលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរចូលប្រទេសដែលជាចំណាច់ការមិនគួរឱ្យរំពឹងទុក ស្របពេលប្រទេសមួយនេះកំពុងប្រឈមនឹងការកើនឡើងករណីឆ្លងវីរុសបង្កជំងឺកូវីដ-១៩ មិនធ្លាប់មាន ក្រោយបន្ធូរបន្ថយការរឹតត្បិតនៅដើមខែធ្នូ។ ការសិក្សាមួយចំនួនបង្ហាញថា នៅប៉ុន្មានខែបន្ទាប់ប្រជាជនចិនប្រហែល១លាននាក់នឹងស្លាប់ដោយសារជំងឺកូវីដ-១៩។
 
«យោងតាមច្បាប់ចត្តាឡីស័កសុខាភិបាលជាតិ វិធានការដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់ជំងឺឆ្លងនេះនឹងមិនត្រូវអនុវត្តចំពោះអ្នកធ្វើដំណើរ និងទំនិញចូលប្រទេសទៀតទេ»។ គណៈកម្មាការសុខាភិបាលជាតិចិនប្រកាសបែបនេះក្នុងសេចក្តីថ្លែងការណ៍។ 
 
ចាប់ពីថ្ងៃទី៨ ខែមករា ចិននឹងផ្លាស់ប្តូរវិធានការគ្រប់គ្រងជំងឺឆ្លងនេះពីប្រភេទ A មកប្រភេទ B វិញ ស្របតាមច្បាប់ប្រទេសលើការបង្ការ និងការព្យាបាលជំងឺឆ្លង។ បច្ចុប្បន្ន ជំងឺកូវីដ-១៩ ត្រូវបានចាត់ចូលជាជំងឺឆ្លងប្រភេទ B ប៉ុន្តែស្ថិតក្រោមវិធានការគ្រប់គ្រង និងការបង្ការសម្រាប់ជំងឺឆ្លងប្រភេទ A ដែលតឹងរ៉ឹងជាងប្រភេទ B។ 
 
តាំងពីខែមីនា ឆ្នាំ២០២០ អ្នកធ្វើដំណើរទាំងអស់ដែលមកដល់ចិនត្រូវតែឆ្លងកាត់ការធ្វើចត្តាឡីស័កជាចាំបាច់។ ជាងបីខែមុន រយៈពេលចត្តាឡីស័កនេះបានបន្ថយពីបីសប្តាហ៍មកមួយសប្តាហ៍វិញ ហើយធ្លាក់មកប្រាំថ្ងៃវិញកាលពីខែមុន។ 
 
ជុំវិញបញ្ហានេះ ប្រធានាធិបតីចិន ស៊ី ជិនភីង បញ្ជាក់នៅថ្ងៃទី២៦ ខែធ្នូ ថា បច្ចុប្បន្នការគ្រប់គ្រង និងការបង្ការជំងឺកូវីដ-១៩ នៅចិនកំពុងតែប្រឈមនឹងស្ថានការណ៍ និងកិច្ចការថ្មី។ បើតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV លោក ស៊ី បញ្ជាក់ថា យុទ្ធនាការសុខភាពស្នេហាជាតិគួរតែត្រូវបង្កើតឡើងដើម្បីពង្រឹងការការពាររបស់សហគមន៍ក្នុងការទប់ស្កាត់ គ្រប់គ្រងជំងឺរាតត្បាត ហើយការពារជីវិត សុវត្ថិភាព និងសុខភាពរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com