ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បានឡេក្លែងក្លាយច្រើនសន្ធឹកសន្ធាប់ ដែលមិនធ្លាប់មានពីមុន
27, Dec 2022 , 3:39 pm        
រូបភាព
រូបពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
រូបពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
មន្រ្តីនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចាប់បានផលិតផលសម្អាងកាយស្រ្តី (ឡេ) ម៉ាក Black Sheep Body Lotion ជាច្រើនតោន នៅទីតាំង១កន្លែង ក្នុងភូមិត្រពាំងក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នាពេលថ្មីៗនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។


គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អះអាងដូច្នេះថា៖«នេះ ជាករណីគ្រឿងសម្អាងក្លែងក្លាយ ដែលមានចំនួនសន្ធឹកសន្ធាប់ដ៏ធំបំផុតក្នុងប្រវត្តិនៃប្រតិបត្តិការរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ បន្ទាប់មក គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អំពាវនាវបែបនេះថា៖«សូមសាធារណជន ឈប់ទិញឡេម៉ាក Black Sheep Body Lotion ពីបណ្តាញសង្គម...ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព»។ 
 
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ពុំបានបញ្ជាក់ពីចំនួនជាក់លាក់នៃឡេម៉ាក Black Sheep Body Lotion ដែលត្រូវចាប់បានឡើយ តែសារព័ត៌មាននានាផ្សាយថា មានចំនួនជាង៦តោន។ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លើកឡើងថា ឡេម៉ាក Black Sheep Body Lotion ត្រូវលួចផលិត ស្តុកទុក និងចែកចាយ ដោយគ្មានបទដ្ឋានបច្ចេកទេស និងដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខភិបាល។ 
 
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បន្តថា ឡេម៉ាក Black Sheep Body Lotion មានប្រភពដើមពីប្រទេសថៃ ហើយត្រូវជនសង្ស័យលួចកែច្នៃ ដោយការយកវត្ថុធាតុដើម ដូចជា ឱសថ និងគ្រឿងសម្អាងក្លែងក្លាយ ទៅលាយផ្សំគ្នា ដើម្បីផលិតចេញជាឡេម៉ា Black Sheep Body Lotion ក្លែងក្លាយ។ 
 
បើតាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទីតាំងដែលលួចកែច្នៃគ្រឿងសម្អាងក្លែងក្លាយខាងលើ បានប្រើប្រាស់បុគ្គលិកជាង២០នាក់ ដោយបុគ្គលិកខ្លះ មិនទាន់នឹងគ្រប់អាយុសម្រាប់បម្រើការងារផង។ ស្ថាប័នមានសមត្ថកិច្ចមួយនេះ បញ្ជាក់ថា ទីតាំងនេះ ត្រូវបានបិទបណ្តោះអាសន្ន ហើយសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ 
 
«យើង សង្កេតឃើញថា មានជនខិលខួចមួយចំនួន កំពុងលួចផលិត ស្តុកទុក និងចែកចាយផលិតផលក្លែងក្លាយ ស្របពេលអ្នកប្រើប្រាស់ កំពុងមានតម្រូវការច្រើន ដែលជាហានិភ័យងាយរងផលប៉ះពាល់ដល់សុខភាព។ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងបន្តតាមដានស្រាវជ្រាវបន្ថែមទៀត ដើម្បីនាំជនល្មើសពាក់ព័ន្ធឲ្យទទួលខុសត្រូវតាមច្បាប់»។ នេះជាសាររបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជូនទៅសាធារណជន៕ 
 

Tag:
 ឡេខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com