អន្តរជាតិ
លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំបក្សកាន់អំណាចកូរ៉េខាងជើងដើម្បីកំណត់ទិសដៅឆ្នាំថ្មី
27, Dec 2022 , 7:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សពលករកូរ៉េ (WPK) ដើម្បីពិភាក្សាពីទិសដៅគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំ២០២៣។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី២៧ ខែធ្នូ។


គណៈមជ្ឈិមអាណត្តិទី៨ របស់បក្សពលករកូរ៉េ (WPK) បើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដោយពិភាក្សាអំពីការងារសម្រាប់ឆ្នាំ២០២៣។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) រាយការណ៍ថា កិច្ចប្រជុំធ្វើឡើងស្របពេលភាពតានតឹងដែលអាចបង្កហានិភ័យមិនអាចទាយទុកជាមុន បានគំរាមកំហែងដល់អត្ថិភាពនិងការអភិវឌ្ឍរបស់ទីក្រុងព្យុងឥតឈប់ឈរ។ 
កិច្ចប្រជុំនេះ ក៏ជាឱកាសសម្រាប់មេដឹកនាំកូរ៉េខាងជើង ដាក់ចេញគោលនយោបាយសំខាន់ៗ ជំនួសឱ្យការថ្លែងសុន្ទរកថានាថ្ងៃចូលឆ្នាំដែរ។
 
«អំណាចកូរ៉េខាងជើងបានកើនឡើងគួរឱ្យកត់សម្គាល់នៅគ្រប់វិស័យរួមទាំងនយោបាយ យោធា សេដ្ឋកិច្ច និងវប្បធម៌ ហើយភាពជោគជ័យ និងវឌ្ឍនភាពត្រូវបានលេចឡើងតាមរយៈការបំពេញភារកិច្ចដ៏មហិមាដែលបានកំណត់ក្នុងកិច្ចប្រជុំពេញអង្គលើកទី៤ និងទី៥ នៃគណៈមជ្ឈិមបក្សអាណត្តិទី៨ ជាមួយការតស៊ូដ៏លំបាក និងសាហាវមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ»។ មេដឹកនៃកូរ៉េខាងជើងលើកឡើងបែបនេះ។ 
 
បើតាម KCNA លោក គីម ក៏បានសង្កត់ធ្ងន់លើតម្រូវការដាក់ចេញគោលនយោបាយតស៊ូប្រកបដោយទំនុកចិត្តបន្ថែមទៀតសម្រាប់ឆ្នាំ២០២៣ ដោយផ្អែកលើតម្លៃនៃការពិតដែលសម្រេចបានជាក់ស្តែង ដោយឆ្លងកាត់ការតស៊ូលំបាកកន្លងមក។ 
 
របៀបវារៈសំខាន់ៗចំនួនប្រាំ ត្រូវបានអនុម័តជាឯកច្ឆន្ទនៅក្នុងកិច្ចប្រជុំ រួមទាំងការពិនិត្យឡើងវិញលើគោលនយោបាយរដ្ឋសំខាន់ៗ និងថវិកាក្នុងឆ្នាំ២០២២ ក៏ដូចជាផែនការការងារ និងសេចក្តីព្រាងថវិការដ្ឋសម្រាប់ឆ្នាំ២០២៣។ លោក គីម ថែមទាំងបានជំរុញឱ្យសម្រេចគោលដៅសំខាន់ៗនៅក្នុងវិស័យឧស្សាហកម្មសំខាន់ៗនៅឆ្នាំក្រោយ រួមមាន លោហៈ គីមី ថាមពលអគ្គិសនី ធ្យូងថ្ម សំណង់ ឧស្សាហកម្មម៉ាស៊ីន ក៏ដូចជាវិស័យកសិកម្មផងដែរ។
 
នេះជាកិច្ចប្រជុំចុងក្រោយរបស់បក្សកាន់អំណាចកូរ៉េខាងជើងក្នុងឆ្នាំ២០២២ ដែលជាឆ្នាំប្រទេសឯកោមួយនេះ បានបាញ់មីស៊ីលយ៉ាងច្រើនមិនធ្លាប់មានពីមុនមក រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ទៀតផង។
 
ក្នុងឆ្នាំ២០២២ដដែល កូរ៉េខាងជើង ក៏បានប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារការដាក់ទណ្ឌកម្មអន្តរជាតិ ការបិទខ្ទប់ប្រទេសទប់ស្កាត់រាលដាលជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិជាដើម។
 
យ៉ាងណាមិញ កូរ៉េខាងជើង នៅតែប្រកាន់ជំហររឹងត្អឹង ដោយក្នុងថ្ងៃបើកកិច្ចប្រជុំ កូរ៉េខាងជើងបញ្ជូនដ្រូនឆ្លងចូលទៅកូរ៉េខាងត្បូងថែមទៀត។ ទីក្រុងសេអ៊ូលក៏ប្រើយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រតាមបាញ់ទម្លាក់ដ្រូននោះ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com