កីឡាអន្តរជាតិ
អន្តរជាតិ
​Premier League៖ Chelsea ទទួល Bournemouth មុន Man Utd ស្វាគមន៍ Nottingham Forest
27, Dec 2022 , 5:29 pm        
រូបភាព
ជំនួបការប្រកួតក្របខណ្ឌ Premier league ដែលបន្តធ្វើឡើងនៅរាត្រីថ្ងៃទី២៧ ខែធ្នូ នេះ ក្រុមតោខៀវ Chelsea នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ AFC Bournemouth វេលាម៉ោង ០០:៣០ មុនពេលក្រុមបិសាចក្រហម Manchester United បើកទ្វារកីឡដ្ឋាន ​Old Trafford ស្វាគមន៍ក្រុមលំដាប់បាតតារាង Nottingham Forest វេលាម៉ោង ៣យប់។


មុនការប្រកួតព្រឹត្តិការណ៍ World Cup 2022 មកដល់ក្រុមតោខៀវ Chelsea ហាក់បីជួបបញ្ហាក្នុងការយកឈ្នះលើដៃគូប្រកួត ដោយក្នុងចំណោម ៥ប្រកួតចុងក្រោយបង្អស់របស់ក្រុមតោខៀវពួកគេរកបានជ័យជម្នះត្រឹមតែ ១លើកប៉ុណ្ណោះ ខណៈ ៤លើកទៀតចាញ់ទាំងអស់។ ជំនួបប៉ះគ្នា ៣លើកចុងក្រោយរវាងក្រុម Bournemouth ទល់ Chelsea គឺពួកគេមិនទាន់រងបរាជ័យនៅឡើយទេ។ ការប្រកួត ៣លើកចុងក្រោយ Chelsea បរាជ័យក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទីលើគូប្រកួតជាប់គ្នា មិនការប្រកួត ​World Cup មកដល់ក្នុងនោះសុទ្ធសឹងតែជាការប្រកួតក្របខណ្ឌ Premier League នឹងមួយប្រកួតក្នុងពានរង្វាន់ EFL Cup។ 
 
បច្ចុប្បន្នក្រុម Chelsea ជួបបញ្ហាកីឡាករសំខាន់ច្រើនកំពុងរងរបួស ខណៈការផ្លាស់ប្តូរម្ចាស់ក្លិប និងគ្រូបង្វឹកក្លិបពុំទាន់អាចកែប្រែស្ថានកាលក្លិបដ៏ខ្លាំងប្រចាំអង់គ្លេសមួយនេះមានសមត្ថភាពខ្លាំងប្រកួតប្រជែងវិញបាន។ កីឡាករដែលស្ថិតក្នុងបញ្ជីរបួសមាន​ Armando Broja, Wesley Fofana, N’Golo Kante, Ben Chilwell និង Ruben loftus Cheek ខណៈដែលខ្សែបម្រើប្រយុទ្ធ Hakim Ziyech និង Mateo Kovacic ត្រូវផ្តល់ពេលវេលាសម្រាកក្រោយប្រកួត World Cup។ សម្រាប់ ​Bournemouth បញ្ហាកីឡាករ ក៏កើតមានឡើងដូចទៅនឹងក្រុម Chelsea ដឹកនាំដោយលោក Graham Potter ផងដែរ ដោយអ្នកចាំទីដៃទីមួយ Neto និងខ្សែបម្រើ David Brooks នឹងអវត្តមានរហូតដល់ឆ្នាំ ២០២៣។
 
ក្រឡែកទៅកាន់ការប្រកួតនៅទឹកដី ​Old Trafford វិញក្រុមបិសាចក្រហមដែលដឹកនាំដោយលោក Erik ten Hag រំពឹងទទួលបានជ័យជម្នះដ៏ជោគជ័យបន្ថែមមួយទៀត បន្ទាប់ពីក្រុមបានប្រកួតយកឈ្នះក្រុមមកពីលីគទី២ Burnley ក្នុងពានរង្វាន់ ​EFL Cup រួចមកហើយឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។ Nottingham forest ក៏ជាក្រុមដែលឡើងទៅកាន់វគ្គ ៨ក្រុមនៃពានរង្វាន់ EFL Cup ផងដែរដោយយកឈ្នះ Blackburn ៤-១។
 
ក្រុមបិសាចក្រហមរំពឹងឡើងឈរតំណែងកំពូលទាំង ៤ឡើងវិញ ក្នុងការប្រកួតបន្តនៃរដូវកាល ២០២២-២៣ នេះក្រោយការប្រកួតទល់ Nottingham ក្នុងទឹកដី។ ក្រុមដែលដឹកនាំដោយលោក ​Ten Hag មុនការប្រកួត World Cup មកដល់ជ័យជម្នះចុងក្រោយក្នុង Premier league របស់ពួកគេបានយកឈ្នះ Fulham ដោយលទ្ធផល ២-១ អំឡុងពាក់កណ្តាលខែវិច្ឆិកា ហើយការវិលមកវិញនេះបិសាចក្រហមហាក់ត្រៀមខ្លួនបានល្អជាងពេលមុនៗ​ខណៈកីឡាករភាគច្រើនក៏ជាប់ឈ្មោះលេងឱ្យក្រុមជម្រើសជាតិថែមទៀត។
 
ខ្សែការពារ Harry Maguire រំពឹងនឹងអាចវិលត្រលប់ បន្ទាប់ពីខកខានប្រកួតទល់ ​Burnley ព្រោះតែជំងឺ តែខ្សែការពារ Raphael Varane និង Lisandro Martinez នឹងមិនមានឈ្មោះជួយក្រុមឡើយព្រោះសម្រាកក្រោយ World Cup 2022។ Diogo Dalot ក៏មិនមានវត្តមានព្រោះរបួស រួមជាមួយ Jadon Sancho គ្មានឈ្មោះម្តងទៀត។ សម្រាប់ Nottingham កីឡាករចាំទី Dean Henderson រួមជាមួយ Jessie Lingard នឹងត្រូវលេងទល់ក្រុមចាស់របស់ពួកកេ ខណៈក្រុមភ្ញៀវរំពឹងទទួលបានផលពីរូបគេ ចំណែកកីឡាករ Wayne Hennessey ក៏នឹងមានវត្តមាន។ 
 
កីឡាករ Serge Aurier និង Morgan Gibbs-White សុទ្ធសឹងតែជាប់បម្រាម ខណៈ Omar Richards, Giulian Biancone, Cheikhou Kouyate និង Moussa Niakhate ស្ថិតក្នុងបញ្ជីរងរបួស។ 
 
ការប្រកួតរាត្រីនេះអាចនិយាយបានថានឹងក្លាយជារឿងងាយស្រួលមួយសម្រាប់ក្រុម ​Man United ក្នុងការដណ្តើមជ័យជម្នះ ពី Nottingham Forest ដែលកំពុងជួបបញ្ហាកីឡាកររបួសច្រើនជាងខ្លួន៕
 
 
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com