អន្តរជាតិ
អ៊ុយក្រែន រកការគាំទ្រពីឥណ្ឌាជុំវិញផែនការស្ដារសន្តិភាព
27, Dec 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៦ ខែធ្នូ បានស្នើសុំឥណ្ឌាឱ្យអនុវត្តរូបមន្តសន្តិភាពរបស់ខ្លួនអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី។ ការអំពាវនាវនេះធ្វើឡើងស្របពេលបណ្ដាប្រទេសលោកខាងលិចព្យាយាមរឹតត្បិតចំណូលរុស្ស៊ី តែឥណ្ឌាបែជាបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ីវិញ។


ប្រធានាធិបតីអ៊ុយក្រែន បាននិយាយទូរស័ព្ទជាមួយលោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី២៦ ខែធ្នូ ដើម្បីស្នើសុំឱ្យឥណ្ឌាដល់ផែនការស្ដារសន្តិភាព។ កាលពីខែវិច្ឆិកា ក្នុងកិច្ចប្រជុំនៅបាលី លោក វ៉ូឡូឌីមៀ បានអំពាវនាវឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) គោរពផែនការស្ដារសន្តិភាពទាំង ១០ ចំណុចមានការគោរពអធិបតេយ្យអ៊ុយក្រែន និងការដោះលែងអ្នកទោសជាដើម។
 
ឥណ្ឌាដែលជាសមាជិក G20 ដែរនោះ បានបង្កើនទំនាក់ទំនងពាណិជ្ជកម្មកាន់តែខ្លាំងជាមួយរុស្ស៊ីពិសេសលើវិស័យថាមពល។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់២៧ពាន់លានដុល្លារនៅឆ្នាំ២០២២ ដែលភាគច្រើនដោយសារតែការនាំចូលប្រេង និងជីក្នុងបរិមាណច្រើនពីរុស្ស៊ី។ កន្លងមក ឥណ្ឌាក៏មិនបានចូលរួមថ្កោលទោសរុស្ស៊ីក្នុងជំហរច្បាស់លាស់ ចំពោះការលុកលុយអ៊ុយក្រែនដែរ។ 
 
«ខ្ញុំបាននិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី ហើយបានជូនពរឱ្យទទួលបានជោគជ័យក្នុងពេលជាប្រធាន G20។ វាជាវេទិកាដែលខ្ញុំបានប្រកាសអំពីរូបមន្តសន្តិភាព ដូច្នេះឥឡូវនេះខ្ញុំរាប់បញ្ចូលឥណ្ឌាក្នុងការចូលរួមអនុវត្តផែនការសន្តិភាពនោះដែរ»។ លោក ហ្សេលេស្គី សរសេរបែបនេះនៅលើបណ្ដាញសង្គម Twitter ហើយលោកក៏បានថ្លែងអំណរគុណដល់ជំនួយមនុស្សធម៌របស់ឥណ្ឌា និងការគាំទ្រតាមរយៈ UN។
 
ឥណ្ឌា នៅបន្តទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោក ហើយក៏មិនចូលដៃជាមួយបណ្ដាប្រទេសលោកខាងលិចដើម្បីកំណត់តម្លៃប្រេងរុស្ស៊ីត្រឹម៦០ដុល្លារក្នុងមួយបារ៉ែល ក្នុងគោលដៅបន្ទាបចំណូលរុស្ស៊ីឡើយ។ លើសពីនេះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះលោក Subrahmanyam Jaishankar ធ្លាប់អះអាងថាក្នុងនាមជាអ្នកប្រើប្រាស់ប្រេង និងឧស្ម័នធំជាងគេទី៣ របស់ពិភពលោក ឥណ្ឌាត្រូវថែរក្សាផលប្រយោជន៍ជាតិដោយចាត់ទុករុស្ស៊ីជាដៃគូស្ថិតស្ថេរ និងយូរអង្វែង។ 
 
កាលពីខែវិច្ឆិកា ទីក្រុងមូស្គូបានបញ្ជូនបញ្ជីផលិតផលជាង៥០០ មុខដែលមានសក្ដានុពលសម្រាប់នាំចេញទៅឥណ្ឌា រួមទាំងគ្រឿងបន្លាស់សម្រាប់រថយន្ត យន្តហោះ និងរថភ្លើង។ ឥណ្ឌា​ក៏​បាន​បញ្ជូន​បញ្ជី​ផលិតផលរបស់ខ្លួនសម្រាប់នាំចេញទៅឱ្យរុស្ស៊ីផងដែរ។
 
រូបមន្តសន្តិភាព១០ ចំណុចរបស់លោក ហ្សេលេនស្គី ស្នើក្នុងកិច្ចប្រជុំ G20 បានទាមទារឱ្យរក្សាសុវត្ថិភាពវិទ្យុសកម្ម និងសុវត្ថិភាពនុយក្លេអ៊ែរ, សន្តិសុខស្បៀងអាហារ, សន្តិសុខថាមពល, ការដោះលែងអ្នកទោស និងអ្នកដែលបាននិរទេសទាំងអស់ពីរុស្ស៊ី។ លើសពីនេះ​ វាក៏មានការទាមទារឱ្យអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងការស្ដារឡើងវិញបូរណភាពទឹកដីអ៊ុយក្រែន និងសណ្តាប់ធ្នាប់ពិភពលោក, ការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន និងបញ្ចប់អរិភាព, ផ្ដល់យុត្តិធម៌, ការពារបរិស្ថានភ្លាមៗឆ្លើយតបនឹងការវាយប្រហារ, ការពារការកើនឡើងនៃសង្គ្រាម និងទាមទារការបញ្ជាក់ពីការបញ្ចប់សង្គ្រាម៕ 
 

Tag:
 អ៊ុយក្រែន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com