អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង រិះគន់យោធាដែលបរាជ័យទប់ស្កាត់ការជ្រៀតចូលរបស់ដ្រូនកូរ៉េខាងជើង
27, Dec 2022 , 9:29 pm        
រូបភាព
ដោយ:
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី២៧ ខែធ្នូ រិះគន់យោធាជុំវិញបរាជ័យបាញ់ទម្លាក់ដ្រូនកូរ៉េខាងជើងដែលហោះចូលទឹកដីខ្លួន។ ទន្ទឹមនេះ លោក យូន ក៏ប្តេជ្ញាបង្កើតអង្គភាពយោធាជំនាញខាងដ្រូនផងដែរ។
 
ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដ្រូនកូរ៉េខាងជើង៥គ្រឿងនៅថ្ងៃទី២៦ ខែធ្នូ បានហោះឆ្លងកាត់ព្រំដែនអន្តរកូរ៉េដែលមានមួយគ្រឿងហោះពីលើដែនអាកាសភាគខាងជើងក្រុងសេអ៊ូលថែមទៀត។ យោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន និងបញ្ជូនយន្តហោះចម្បាំងរួមទាំងឧទ្ធម្ភាគចក្រទៅរារាំងដ្រូនទាំងនោះផងដែរ ប៉ុន្តែមិនមានដ្រូនមួយណាត្រូវបានបាញ់ធ្លាក់នោះទេ។ 
 
«ហេតុការណ៍នេះបង្ហាញពីការខ្វះខាតយ៉ាងខ្លាំងនៃការត្រៀមខ្លួន និងការហ្វឹកហ្វឺនជាច្រើនឆ្នាំកន្លងមករបស់យោធាយើង ហើយបញ្ជាក់យ៉ាងច្បាស់ពីតម្រូវការត្រៀមខ្លួន និងហ្វឹកហ្វឺនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត»។ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល លើកឡើងបែបនេះអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៧ ខែធ្នូ។
 
ទន្ទឹមនឹងរិះគន់រដ្ឋាភិបាលមុន លោក យូន បញ្ជាក់ថា ក្រុងសេអ៊ូលគ្រោងនឹងបង្កើតអង្គភាពដ្រូនដើម្បីត្រួតពិនិត្យ និងកំណត់ទីតាំងយោធាសំខាន់ៗរបស់ក្រុងព្យុងយ៉ាងឡើងវិញ ហើយនឹងពន្លឿនផែនការនេះឱ្យបានលឿនតាមដែលអាចធ្វើបាន។ ប្រធានាធិបតីកូរ៉េខាងត្បូងថែមទាំងប្តេជ្ញាបង្កើនសមត្ថភាពឃ្លាំមើល និងឈ្លបយកការណ៍តាមរយៈដ្រូនបំបាំងកាយដ៏ទំនើបផងដែរ។ 
 
ជុំវិញរឿងនេះ យោធាកូរ៉េខាងត្បូងចេញមុខសុំទោសដែលខ្លួនបរាជ័យបាញ់ទម្លាក់ ដោយអះអាងថាដ្រូនទាំងនោះដែលមានប្រវែងប្រហែល៣ម៉ែត្រតូចពេកមិនអាចស្ទាក់ចាប់បាន។ លោក Kang Shin-chul មន្រ្តីជាន់ខ្ពស់នៃនាយសេនាធិការចម្រុះ ប្រាប់សន្និសីទសារព័ត៌មានថា ដោយសារតែខ្វះការត្រៀមខ្លួន យោធាកូរ៉េខាងត្បូងមិនអាចបាញ់ទម្លាក់ដ្រូនទាន់ពេលវេលា ខណៈដែលត្រូវគិតដល់ពីសុវត្ថិភាពរបស់ជនស៊ីវិល៕
 
 
 
 
 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com