អន្តរជាតិ
ជប៉ុន តម្រូវឱ្យអ្នកដំណើរមកពីចិនធ្វើតេស្តរកជំងឺកូវីដ-១៩ 28, Dec 2022 , 8:29 am
× នាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ ប្រកាសថា ជប៉ុននឹងតម្រូវឱ្យអ្នកដំណើរមកពីចិនដីគោកទាំងអស់ធ្វើតេស្តរកវីរុសបង្កជំងឺកូវីដ-១៩ នៅពេលមកដល់ព្រលានយន្តហោះនៅជប៉ុនចាប់ពីថ្ងៃទី៣០ ខែធ្នូ។ សេចក្ដីប្រកាសរបស់រដ្ឋាភិបាលទីក្រុងតូក្យូធ្វើឡើង ស្របពេលស្ថានភាពជំងឺកូវីដ-១៩ នៅទីក្រុងប៉េកាំងធ្ងន់ធ្ងរមិនធ្លាប់មាន។
ក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល ទីក្រុងតូក្យូបានបន្ធូរបន្ថយវិធានការរឹតបន្តឹងរបស់ខ្លួនលើភ្ញៀវទេសចរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ យ៉ាងណាមិញ នៅថ្ងៃទី២៧ ខែធ្នូ នាយករដ្ឋមន្ត្រីជប៉ុន លោក គូស៊ីដា ហ្វូមីអូ បានប្រកាសថាជប៉ុននឹងតម្រូវឱ្យអ្នកដំណើរទាំងអស់ដែលមកពីចិនធ្វើតេស្តជំងឺកូវីដ-១៩ រួមទាំងអ្នកដំណើរដទៃដែលមានរោគសញ្ញាជំងឺ។ វិធានការថ្មី នឹងចូលជាធរមានចាប់ពីថ្ងៃទី៣០ ខែធ្នូ។
ការសម្រេចចិត្តនេះបណ្ដាលមកពី ស្ថានភាពជំងឺកូវីដ-១៩ នៅចិនកំពុងផ្ទុះឡើងខ្លាំងមិនធ្លាប់មាន ចាប់តាំងពីបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងប្រទេស។ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានប្រកាសលុបចោលការធ្វើចត្តាឡីស័កចំពោះភ្ញៀវទេសចរដែលទៅដល់ចិនចាប់ពីថ្ងៃទី៨ ខែមករាតទៅ ថែមទៀត។
លោក គីស៊ីដា ប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពនៅចិនបង្ករការព្រួយបារម្ភយ៉ាងខ្លាំងដល់ជប៉ុន ព្រោះវាពិបាកបញ្ជាក់ពីស្ថានភាពច្បាស់លាស់ដោយសារវាមានរបាយការណ៍អ្នកជំងឺកូវីដ-១៩ ខុសគ្នារវាងអាជ្ញាធរថ្នាក់កណ្តាល និងនៅតាមតំបន់ ក៏ដូចជារវាងរដ្ឋាភិបាល និងវិស័យឯកជន។
លើសពីនេះ នាយករដ្ឋមន្ត្រីជប៉ុនបន្ថែមថាអ្នកដំណើរមកពីចិនដែលធ្វើតេស្តជំងឺកូវីដ-១៩ ឃើញលទ្ធផលវិជ្ជមាននឹងត្រូវធ្វើចត្តាឡីស័ករយៈពេលប្រាំពីរថ្ងៃ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋាភិបាលទីក្រុងតូក្យូក៏នឹងកាត់បន្ថយជើងហោះហើរពីចិនផងដែរ។
ជប៉ុនបានបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរតាំងពីខែតុលា បន្ទាប់ពីបិទអស់រយៈពេលជាងពីរឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តែក៏នៅតែតម្រូវឱ្យអ្នកដំណើរបង្ហាញភស្តុតាងថាបានចាក់ថ្នាំបង្ការជំងឺរួចរាល់ ឬបង្ហាញលទ្ធផលអវិជ្ជមានមុនពេលចេញដំណើរមកជប៉ុន។
គួរបញ្ជាក់ថា ទោះចិនកំពុងផ្ទុះការរាលដាលជំងឺកូវីដ-១៩ ជាថ្មីដែលធ្ងន់ធ្ងរលើសពីមុនក៏ដោយ ប្រជាជននៅតែសម្រុកទៅកន្លែងទេសចរ និងទៅក្រៅប្រទេស។ នៅខែវិច្ឆិកា ឆ្នាំ២០២២ ជប៉ុនទទួលបានភ្ញៀវទេសចរមកពីចិនជាង២ម៉ឺននាក់ ស្មើប្រហែល២ភាគរយនៃភ្ញៀវបរទេសទាំងអស់របស់ជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com