អន្តរជាតិ
UN ទទូចឱ្យប្រទេសនានាជួយជនភាគតិចរ៉ូហ៊ីងយ៉ាជាប់គាំងនៅសមុទ្រ និងនៅឥណ្ឌូណេស៊ី
28, Dec 2022 , 10:59 am        
រូបភាព
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅដល់ទឹកដីឥណ្ឌូណេស៊ីក្រោយធ្វើដំណើរជាង៤០ថ្ងៃពីបង់ក្លាដែស។ រូបថត AFP
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅដល់ទឹកដីឥណ្ឌូណេស៊ីក្រោយធ្វើដំណើរជាង៤០ថ្ងៃពីបង់ក្លាដែស។ រូបថត AFP
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) នៅថ្ងៃទី២៧ បានទទូចឱ្យប្រទេស​នានាជួយសង្គ្រោះជនភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាដែលជាប់គាំងនៅសមុទ្រខណៈរាប់រយនាក់ទៀតបាន ធ្វើ​ដំណើរដល់ទឹកដីឥណ្ឌូណេស៊ីក្រោយពីបានរត់ភៀសខ្លួនតាមសមុទ្រឥណ្ឌា។
 
ជាយូរមកហើយ ជនភាគតិចរ៉ូហ៊ីងយ៉ា រងការបៀតបៀនដោយអាជ្ញាធរមីយ៉ាន់ម៉ាដែលបង្ខំឱ្យពួកគេរត់​ទៅប្រទេសជិតខាងរួមមានថៃ បង់ក្លាដែស ឬទៅដល់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម។ ជនភាគតិចរ៉ូហ៊ីងយ៉ាបប្រមាណ១លាននាក់កំពុងរស់ក្នុងជំរំនៅបង់ក្លាដែស។ 
 
ជាមួយស្ថានភាពលំបាកក្នុងជំរំភៀសខ្លួន ក្រុមសិទ្ធិមនុស្សក៏រាយការណ៍ពីការចាកចេញជាបន្តបន្ទាប់ដោយមាន៥០០នាក់កាលពីឆ្នាំ២០២១​ ហើយឡើងដល់ប្រហែល២,៤០០នាក់ក្នុងឆ្នាំ២០២២។ សកម្មជនសិទ្ធិមនុស្សអះអាងថា ការលុបចោលវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ អាចជាកត្តាមួយ។
 
ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយ UNHCR បានលើកឡើងថា ជនភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ៥០០នាក់​បានទៅដល់ឥណ្ឌូណេស៊ីក្នុង៦សប្ដាហ៍ចុងក្រោយនេះខណៈដែលប្រទេសផ្សេងៗមិនបានជួយជ្រោ​ម​ជ្រែងនោះឡើយទោះបីមានការអង្វរអំពាវនាវក្ដី។ UNHCR បញ្ជាក់ថា  ឆ្នាំ ២០២២ ជាឆ្នាំដែល​ជន​ភាគ​តិចមួយក្រុមនេះរងគ្រោះច្រើនបំផុត។ នៅដើមខែធ្នូ ទូកដែលបានដឹកមនុស្ស១៨០នាក់​បា​ន​លិច ហើយមនុស្សទាំងអស់នោះត្រូវបានសន្និដ្ឋានថាស្លាប់។
 
ស្របពេលជាមួយគ្នានេះ មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់ឥណ្ឌូណេស៊ីលើកឡើងថា មាន​ទូក​មួយទៅដល់ឆ្នេរក្នុងខេត្ត Aceh នៅថ្ងៃទី២៦ ខែធ្នូ ជាមួយជនភាគតិចរ៉ូហ៊ីងយ៉ាចំនួន១៧៤ នាក់។ ពួកគេខ្សោះជាតិទឹក អស់កម្លាំង និងត្រូវការការថែទាំសុខភាពជា​បន្ទាន់​ក្រោយ​បា​ន​ធ្វើ​ដំណើរ​ឆ្លង​សមុទ្រ​រាប់សិបសប្ដាហ៍។ អ្នករួចផុតពីសេចក្ដីស្លាប់មួយចំនួនបានរៀបរាប់ប្រាប់ពីសេចក្ដីស្រែកឃ្លាន និងការ​អស់សង្ឃឹម។ អ្នកធ្វើដំណើរ២០នាក់បានស្លាប់អំឡុងពេលធ្វើដំណើរ៤០ថ្ងៃពីបង់ក្លាដែសទៅ​ទឹកដីឥណ្ឌូណេស៊ី៕
 
 
 
 

Tag:
 UN
  ឥណ្ឌូណេស៊ី
  រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com