FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ការផ្ដល់បាល់ពិន័យ ១១ម៉ែត្រ ឲ្យវៀតណាម នាជំនួបម៉ាឡេស៊ី ជារឿងត្រឹមត្រូវ ស្របតាមច្បាប់ FIFA
28, Dec 2022 , 3:39 pm        
រូបភាព
ការប្រកួតរវាង វៀតណាម និងម៉ាឡេស៊ី នៅនាទី ៥៨ រូបពី VDO Mitsubishi Electric Cup
ការប្រកួតរវាង វៀតណាម និងម៉ាឡេស៊ី នៅនាទី ៥៨ រូបពី VDO Mitsubishi Electric Cup
អ្នកគាំទ្របាល់ទាត់មួយចំនួន ដែលបានទស្សនាការប្រកួតរវាងវៀតណាម និងម៉ាឡេស៊ី នៅកីឡដ្ឋាន My Dinh នាថ្ងៃទី២៧ ខែធ្នូ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 បានរិះគន់ជាខ្លាំងចំពោះបាល់ពិន័យ ១១ម៉ែត្រទៅលើម៉ាឡេស៊ី លើក្រុមភ្ញៀវ ។ ពួកគេចោទថា អាជ្ញាកណ្ដាលលំអៀងទៅលើក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែបើតាមច្បាប់ FIFA ការសម្រេចចិត្តរប​ស់អាជ្ញាកណ្ដាលជារឿងត្រឹមត្រូវ។


ការប្រកួតរវាងវៀតណាម និងម៉ាឡេស៊ី បានបញ្ចប់ទៅក៏ពិតមែន ប៉ុន្ដែការរិះគន់ចំពោះការពិន័យបាល់ ១១ម៉ែត្រ ឲ្យក្រុមវៀតណាម នៅនាទី៥៩ ដោយលោក Sato Ryuji អាជ្ញាកណ្ដាលក្នុងទីលាន ត្រូវបានអ្នកគាំទ្រ ចាត់ទុកថា ជាការកាត់សេចក្ដីមិនត្រឹមត្រូវ និងលម្អៀងទៅរកក្រុមម្ចាស់ផ្ទះ។ 
  
រូបកីឡាករម៉ាឡេស៊ី បានយកជើងជាន់មុខ ខ្សែប្រយុទ្ធវៀតណាម រូបពី Ha Thanh Binh
 
ជាក់ស្ដែងប្រសិនជា អ្នកគាំទ្រមើលការប្រកួតនោះ នៅនាទី៥៨ គឺខ្សែប្រយុទ្ធវៀតណាម និងខ្សែការពារម៉ាឡេស៊ី បានរត់ប្រជែងយកបាល់គ្នា ប៉ុន្តែត្រូវបានខ្សែការពារក្រុមម៉ាឡេស៊ី ទាត់បំផ្លោងបាល់នោះចេញពីតំបន់គ្រោះថ្នាក់ មកតំបន់កណ្ដាលទីលានវិញ។ តែយ៉ាងណាអំឡុងពេលនោះ ស្រាប់តែខ្សែប្រយុទ្ធវៀតណាម រត់លឿនពេកដោយមិនអាចទប់ជំហរបាន ក៏ទៅបុកជាមួយខ្សែការពារម៉ាឡេស៊ី Azam Azmi រួចក៏ដួលទាំងពីរនាក់ ទៅក្រៅទីលាន ក្បែរទីតាំងចាំទី នៃតំបន់គ្រោះថ្នាក់របស់ក្រុមម៉ាឡេស៊ី។ 
 
គ្រាដែលរត់បុកគ្នាដួលច្រងាប់ច្រងិលនោះ ស្រាប់តែកីឡាករ Azam Azmi ខ្សែការពាររបស់ម៉ាឡេស៊ី បានព្យាយាមងើបឡើង ហើយយកជើងទៅជាន់លើផ្ទៃមុខកីឡាករ Van Hau ខ្សែប្រយុទ្ធវៀតណាម។ ការយកជើងជាន់មុខខ្សែប្រយុទ្ធវៀតណាមនេះ គឺជាកំហុសមួយ។ ដ្បិតតែកំហុសនេះ បង្កឡើងនៅពីក្រោយទីតាំងរបស់អ្នកចាំទីម៉ាឡេស៊ី នៃតំបន់គ្រោះថ្នាក់ពិតមែន ប៉ុន្តែភ្លាមៗនោះ អាជ្ញាកណ្ដាលក៏សម្រេចផ្ដល់បាល់ពិន័យ១១ម៉ែត្រ ឱ្យក្រុមម្ចាស់ផ្ទះវៀតណាម ស៊ុតគ្រាប់ទី២បានសម្រេចលើក្រុមភ្ញៀវតែម្ដង។
 
ត្រង់ចំណុចនេះហើយ ដែលបង្កើតជាចម្ងល់ដល់អ្នកគាំទ្រ ហើយចោទថា លោក Sato Ryuji  អាជ្ញាកណ្ដាលក្នុងទីលាន កាត់សេចក្ដីលម្អៀង ទៅលើម្ចាស់ផ្ទះ ខណៈកំហុសបង្កឡើងនៅក្រៅតំបន់គ្រោះថ្នាក់។
 
 
ប៉ុន្តែបើតាមច្បាប់របស់ FIFA បាល់ពិន័យ ១១ម៉ែត្រ ត្រូវបានផ្ដល់ជូន ប្រសិនជាការបង្កកំហុស ក្នុងតំបន់គ្រោះថ្នាក់ ឬក្នុងតំបន់អាទិភាពរបស់អ្នកចាំទី។ មួយវិញទៀត បាល់ពិន័យ ១១ម៉ែត្រ ក៏អាចកើតឡើងដែរ ទោះជាកំហុសនោះ បានបង្កនៅតំបន់ខាងក្រៅទីលាន នៅពីក្រោយខ្នងអ្នកចាំទី។
 
ត្រង់ប្រការ ១៤ និយាយពីបាល់ពិន័យ ១១ម៉ែត្រថា បានចែងថា៖«បាល់ពិន័យ១១ម៉ែត្រត្រូវបានផ្តល់ជូន ប្រសិនបើកីឡាករប៉ះទង្គិចគ្នាតំបន់គ្រោះថ្នាក់ (Free Kick in Penalty Areas) ឬក្រៅទីលាន, នេះគឺជាផ្នែកនៃការប្រកួតដូចមានចែងក្នុងប្រការ ១២ និង១៣។»។
 
ដូច្នេះ លោកអាជ្ញាកណ្ដាលក្នុងទីលាន Sato Ryuji បានកាត់សេចក្ដីទៅតាមអ្វី ដែលFIFA បានចែង​ ដែលចាត់ទុកថាជាការកាត់សេចក្ដីដ៏សុក្រិត។
 
ការប្រកួតនាថ្ងៃទី២៧ ខែធ្នូនោះ វៀតណាម បានឈ្នះ លើម៉ាឡេស៊ី ដោយលទ្ធផល ៣-០។ កីឡាករវៀតណាម Nguyen Tien Linh រកគ្រាប់បាល់ទី១ នៅនាទី២៨, កីឡាករ N. H. Que ទាត់គ្រាប់បាល់ពិន័យ១១ម៉ែត្រ នាទី៥៩ និង Hoang Duc Nguyen នៅនាទី៨៣។ ចំណែក ជម្រើសជាតិឡាវ បានចាញ់ ក្រុមសិង្ហបុរី ក្នុងលទ្ធផល ២-០។ ជម្រើសជាតិឡាវ និងមីយ៉ាន់ម៉ា អស់​ឱកាសទៅវគ្គបន្ដ បើទោះជាសល់មួយប្រកួតទៀតក៏ដោយ។
 
ចំណែក ៣ក្រុមផ្សេងទៀត ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី សុទ្ធតែមាន ៦ពិន្ទុដូចគ្នា។ ដោយឡែក ម៉ាឡេស៊ី សល់តែមួយប្រកួតប៉ុណ្ណោះ ខណៈ វៀតណាម និងសិង្ហបុរី សល់២ប្រកួតដូចគ្នា៕
 
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com