កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ PSG ថា Messi នឹងវិលត្រលប់មកក្លិបវិញនៅដើមខែមករា
28, Dec 2022 , 7:29 pm        
រូបភាព
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលទើបជួយក្រុមជម្រើសជាតិឈ្នះ World Cup នឹងវិលត្រលប់មកកាន់ក្លិប Paris Saint Germain វិញនៅដើមខែមករាឆ្នាំ ២០២៣ ។ នេះបើតាមលោក Christophe Galtier អ្នកចាត់ការក្រុមស្ថិតនៅកំពូលតារាង Ligue 1 បាននិយាយថ្ងៃទី២៧ ខែធ្នូ។


ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ទើបតែជួយក្រុមជម្រើសជាតិខ្លួន គ្រងតំណែងជើងឯកបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា ដោយយកឈ្នះលើបារាំង ក្នុងលទ្ធផលបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២។ Messi ម្ចាស់ពាន Ballon d’Or ៧សម័យ អំឡុងការប្រកួតផ្តាច់ព្រ័ត្រ ដោយរូបគេជាអ្នកស៊ុតបាល់​ ២គ្រាប់សម្រាប់អាហ្សង់ទីន។
 
កីឡាករវ័យ ៣៥ឆ្នាំរូបនេះ នឹងត្រូវអវត្តមានការប្រកួតក្នុងទឹកដី ​Parc des Prince ដែល ​PSG ស្វាគមន៍ក្រុម Strasbourg ជាជំនួបក្នុងក្របខណ្ឌ Ligue 1 ថ្ងៃទី២៨ មុនធ្វើដំណើរទៅប៉ះក្រុម Lens នៅថ្ងៃទី១ ខែមករា។
 
នាសន្និសីទកាសែតមុនការប្រកួតមកដល់លោក ​Galtier បានអះអាងថា Messi នឹងវិលត្រលប់មកកាន់ក្លិបវិញ នៅថ្ងៃទី១ ខែមករា ។ «រូបគេ(Messi) ត្រូវការវិលត្រលប់ទៅកាន់អាហ្សង់ទីនសម្រាប់ប្រារព្ធការអបអរជ័យជម្នះ ហើយជារឿងមួយដ៏ល្អយើងបានសម្រេចចិត្តថារូបគេនឹងមានពេលសម្រាករហូតដល់ថ្ងៃទី១ ខែមករា។ ដូច្នេះរូបគេនឹងវិលត្រលប់មកចូលរួមជាមួយយើងប្រហែលជានៅថ្ងៃទី២ ឬក៏ទី៣ ដើម្បីបន្តការប្រកួតប្រជែងជាមួយយើង ក្រោយពេលរូបគេទទួលបានពេលវេលាសម្រាកចន្លោះពី ១៣ ទៅ១៤ ថ្ងៃរួចមក។»។ លោក Gultier បាននិយាយបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះអ្នកចាត់ការ PSG រូបនេះ ក៏បានបន្ថែមថាកីឡាករដែលវិលត្រលប់មកវិញតាមពេលកំណត់ ពួកគេនឹងមានវត្តមានសម្រាប់ការប្រកួតថ្ងៃទី២៨ ធ្នូ ក្នុងនោះក៏រួមមានខ្សែប្រយុទ្ធ ​Kylian Mbappe ម្នាក់ដែរ។
 
មិនត្រឹមតែប៉ុណ្ណោះលោក Galtier ក៏បានច្រានចោលអំពីការលើកឡើងនៃជម្លោះទាក់ទងនឹងរឿងរ៉ាវរវាង Messi និង Mbappe បន្ទាប់ពីការប្រកួត ​​World Cup រួចមក។  គ្រូបង្វឹកវ័យ ៥៦ឆ្នាំរូបនេះ បាននិយាយថាគ្មានមូលហេតុអ្វីដែលអាចមកបំបែកបំបាក់ទំនាក់ទំនងរវាង Mbappe និង Messi ឡើយ។
 
បច្ចុប្បន្នបញ្ហាកីឡាកររបស់ PSG ខ្សែការពារ Presnel Kimpembe នឹងបន្តព្យាបាលរបួស ខណៈ Nuno Mendes អាចនឹងវិលត្រលប់ក្នុងរយៈពេល ២សប្តាហ៍ បន្ទាប់ពីព្យាបាលរបួសសរសៃពួរអំឡុង World Cup។ PSG បច្ចុប្បន្នជាក្រុមស្ថិតនៅកំពូលតារាង Ligue 1 ដែលមាន ៤១ពិន្ទុបន្ទាប់ពីការប្រកួតចំនួន ១៥លើក៕
 
 

Tag:
 Lionel Messi
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com