អន្តរជាតិ
រុស្ស៊ី ហាមលក់ប្រេងទៅប្រទេសដែលធ្វើតាមការកំណត់តម្លៃរបស់លោកខាងលិច
28, Dec 2022 , 4:09 pm        
រូបភាព
ដោយ:
រុស្ស៊ី នៅថ្ងៃទី២៧ ខែធ្នូ ប្រកាសហាមលក់ប្រេងទៅប្រទេស និងក្រុមហ៊ុនដែលអនុវត្តតាមការកំណត់តម្លៃរបស់លោកខាងលិចកាលពីដើមខែនេះដើម្បីបិទប្រភពចំណូលរបស់រុស្ស៊ី។
 
ការកំណត់តម្លៃប្រេងរុស្ស៊ីដែលឯកភាពដោយបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧(G7), អូស្រ្តាលី និងសហភាពអឺរ៉ុប(EU) ចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូ។ ចំណាត់ការនេះហាមប្រាមបណ្តាប្រទេសទាំងនោះពីការទិញប្រេងរុស្ស៊ីដែលដឹកជញ្ជូនតាមសមុទ្រមិនឱ្យលើសពីតម្លៃ៦០ដុល្លារក្នុងមួយបារ៉ែល។ 
 
តាមការព្រមានកន្លងមក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៧ ខែធ្នូ ក៏បានចេញក្រឹត្យហាមលក់ផលិតផលប្រេងរបស់ខ្លួនទៅអ្នកណាដែលធ្វើតាមការកំណត់តម្លៃខាងលើ។ បើតាមក្រឹត្យរបស់ប្រធានាធិបតី ចំណាត់ការនេះនឹងមានប្រសិទ្ធភាពរយៈពេលប្រាំខែពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែកក្កដា ខាងមុខ។ 
 
បន្ថែមពីនេះ ក្រឹត្យនេះក៏បញ្ជាក់ដែរថា លោក ពូទីន អាចផ្តល់ការអនុញ្ញាតពិសេសសម្រាប់ការផ្គត់ផ្គង់ប្រេងដល់ប្រទេសដែលស្ថិតនៅក្រោមបម្រាម។
 
ទាក់ទងនឹងការកំណត់តម្លៃប្រេងនេះ បណ្តាប្រទេសលោកខាងលិចសម្រេចឡើងដើម្បីកំហិតប្រាក់ចំណូលរុស្ស៊ីកុំឱ្យយកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ីដែលជាប្រទេសផ្គត់ផ្គង់ហ្គាសដ៏ធំជាងគេទីពីរលើពិភពលោកកន្លងមកបង្ហាញទំនុកចិត្តថា ការកំណត់តម្លៃនេះមិនប៉ះពាល់ដល់យុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែនទេ។ 
 
តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក បើទោះតម្រូវការប្រេងរបស់លោកខាងលិចពីរុស្ស៊ីធ្លាក់ចុះ ប្រាក់ចំណូលរបស់រុស្ស៊ីនៅតែខ្ពស់ដោយសារតែតម្លៃ ហើយតម្រូវការកើនឡើងនៅប្រទេសផ្សេងទៀតដូចជាចិន និងឥណ្ឌាជាដើម៕
 

Tag:
 រុស្ស៊ី
  G7
  EU
© រក្សាសិទ្ធិដោយ thmeythmey.com