អន្តរជាតិ
សិង្ហបុរី បិទស្លាកកម្រិតជាតិស្ករលើភេសជ្ជៈដើម្បីទប់ស្កាត់ជំងឺទឹកនោមផ្អែម
30, Jan 2023 , 8:29 am        
រូបភាព
ដបភេសជ្ជៈដែលមានបិតកម្រិតជាតិស្ករ។ រូបថត Nikkei Asia
ដបភេសជ្ជៈដែលមានបិតកម្រិតជាតិស្ករ។ រូបថត Nikkei Asia
សិង្ហបុរី នឹងរឹតបន្តឹងការបរិភោគភេសជ្ជៈមានជាតិស្ករ ដោយតម្រូវឱ្យបិទស្លាកសញ្ញាបង្ហាញកម្រិតជាតិស្ករក្នុងភេសជ្ជៈ ដើម្បីទប់ស្កាត់ការកើនឡើងចំនួនអ្នកជំងឺទឹកនោមផ្អែមក្នុងប្រទេស។ បទបញ្ញត្តិថ្មី បាន​ចូលជាធរមានកាលពីថ្ងៃទី៣០ ខែធ្នូ កន្លងមក​។


ជាប្រទេសដែលមានអ្នកជំងឺទឹកនោមផ្អែមច្រើនលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីម៉ាឡេស៊ី សិង្ហបុរីបានបង្កើតវិធានការថ្មីមួយដើម្បីទប់ស្កាត់ជំងឺនេះ។ ចាប់ពីថ្ងៃទី៣០ ខែធ្នូទៅ ភេសជ្ជៈមានជាតិស្ករទាំងអស់របស់សិង្ហបុរីចាំបាច់ត្រូវបិទស្លាកម៉្យាងដែលពណ៌នាពីកម្រិតជាតិស្ករតាមអក្សរអង់គ្លេស និងតាមពណ៌។ 
 
​នៅក្រោមប្រព័ន្ធ Nutri-Grade ថ្មី ភេសជ្ជៈដែលលក់នៅសិង្ហបុរី នឹងត្រូវបានចាត់ថ្នាក់ជាបួនពីអក្សរ A ដល់ D អាស្រ័យលើបរិមាណជាតិស្ករក្នុងចំណុះ១០០មីលីលីត្រ។ ភេសជ្ជៈដែលមានអក្សរ A ក្នុងរង្វង់បៃតង មានន័យថា ល្អបំផុត ហើយមានជាតិស្ករ១ក្រាម ឬតិចជាងនេះក្នុងភេសជ្ជៈ១០០មីលីលីត្រ ខណៈភេសជ្ជៈស្ថិតក្នុងថ្នាក់ B មានពណ៌បៃតងខ្ចី ជាមួយកម្រិតស្ករពី១ក្រាមទៅ៥ក្រាមក្នុងភេសជ្ជៈ១០០មីលីលីត្រ 
 
ចំណែក ភេសជ្ជៈចាត់ចូលក្នុងថ្នាក់ C ក្នុងរង្វង់ពណ៌ទឹកក្រូច និងមានបរិមាណស្ករពី៥ក្រាមទៅ១០ក្រាមក្នុងភេសជ្ជៈ១០០មីលីលីត្រ ខណៈដែលភេសជ្ជៈថ្នាក់ D មានពណ៌ក្រហម មានន័យថាគ្រោះថ្នាក់បំផុត ដោយមានជាតិស្ករច្រើនបំផុតដែលច្រើនជាង១០ក្រាមក្នុង១០០មីលីលីត្រ។ ភេសជ្ជៈ​ស្ថិតក្នុងថ្នាក់ C និង D នឹងត្រូវបិទស្លាកកម្រិតជាតិ​ស្ករ​នៅ​ខាង​មុខដប ឬកំប៉ុង ហើយភេសជ្ជៈកម្រិត D នឹងត្រូវហាមឃាត់មិនឱ្យផ្សាយពាណិជ្ជកម្មឡើយ។ 
 
ក្រុមប្រឹក្សាលើកកម្ពស់សុខភាពសិង្ហបុរីលើកឡើងថា វិធានការថ្មីមានគោលបំណងជួយដល់អ្នកទិញក្នុងការកត់សម្គាល់ភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ព្រមទាំងជួយកាត់បន្ថយឥទ្ធិពលនៃការផ្សព្វផ្សាយពាណិជ្ជកម្ម។ ក្រុមប្រឹក្សាដដែលបន្ថែមថា ការធ្វើបែបនេះនឹងជួយឱ្យប្រជាជនយល់ដឹងកាន់តែច្រើន អាចជ្រើសបានជម្រើសល្អចំពោះសុខភាព និងអាចជួយកែទម្រង់ឧស្សាហកម្មភេសជ្ជៈ។ 
 
ក្រុមហ៊ុនផលិត អ្នកនាំចូល និងអ្នកលក់ភេសជ្ជៈ ក៏ត្រូវមមាញឹករៀបចំតាមបទបញ្ញត្តិនោះជាចាំបាច់។សម្រាប់ភេសជ្ជៈនាំចូលពីបរទេស ក្រុមហ៊ុននាំចូលត្រូវបើកប្រអប់យកភេសជ្ជៈទៅបិទស្លាកសញ្ញាកម្រិតជាតិស្ករមុនដាក់លក់។ វាជាបន្ទុកសម្រាប់ក្រុមហ៊ុននាំចូលភេសជ្ជៈ ហើយវានឹងត្រូវបង្កើនថ្លៃចំណាយលើកម្លាំងពលកម្ម។ យ៉ាងណាមិញ ហាងលក់ភេសជ្ជៈ និងរោងចក្រផលិតមួយចំនួនបានអនុវត្តតាមបទបញ្ញត្តិរួចទៅហើយ សូម្បីតែមិនទាន់ដល់ថ្ងៃចូលជាធរមាន។
 
គួរបញ្ជាក់ថា ការទប់ស្កាត់ជំងឺទឹកនោមផ្អែមបានក្លាយជាចំណុចស្នូលនៃគោលនយោបាយសុខភាពសាធារណៈរបស់សិង្ហបុរីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរីធ្លាប់បានអះអាងថា១ភាគ៣នៃប្រជាជនសរុបអាចប្រឈមហានិភ័យវិវដ្តទៅមានជំងឺទឹកនោមផ្អែម។ អត្រាប្រជាជនពេញវ័យរបស់សិង្ហបុរីដែលមានជំងឺទឹកនោមផ្អែមមានដល់១៤,៩ភាគរយកាលពីឆ្នាំ២០២១ ដែលខ្ពស់ជាងនៅជប៉ុន និងចិនទៅទៀត។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ៕
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com