ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ សាលាឃុំអន្សាចំបក់មិនទាន់មានជម្រាល តែមន្រ្តី​តាំងចិត្តបម្រើសេវាដល់អ្នកមានពិការភាពឱ្យល្អ
30, Dec 2022 , 7:59 am        
រូបភាព
ដោយ៖ ឡំ សេងហុង (យុវជនអន្សាចំបក់) 
 
ស្រុកក្រគរ, ពោធិ៍សាត់ ៖ អគាររដ្ឋបាលឃុំអន្សាចំបក់ពុំទាន់មានជម្រាលឡើងចុះសម្រាប់ពលរដ្ឋមានពិការភាពនោះទេ ដែលការណ៍នេះ បានបង្កការលំបាកខ្លះដែរដល់អ្នកមានជនពិការភាព នៅពេលពួកគេ​ មកទទួលសេវាសាធារណៈនៅសាលាឃុំ។ លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ដែលស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បញ្ជាក់ថា ​ឃុំមិនមានលទ្ធភាពសង់ជម្រាលនេះទេព្រោះថវិកាចំណាយប្រចាំឆ្នាំក្នុងឃុំ​មានកំណត់។ «យើងមានផែនការធ្វើជម្រាលជនពិការហើយតែយើងជួបបញ្ហាខ្វះខាតថវិកា។ ឥឡូវនេះ មិនសូវមានជនពិការមកទទទួលសេវាដែរទេប៉ុន្តែបើសិន ពួកគេ(ជនពិការ)មក យើងផ្ដល់ឱ្យគាត់មុនគេ ហើយកម្រៃសេវា បើសិនវាតិចតួចយើងអាចជួយគាត់បានយើងនឹងជួយ»។ លោក សំបូរ បញ្ជាក់ដូច្នេះ។
ឃុំអន្សាចំបក់ នៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ មានពលរដ្ឋរស់នៅប្រមាណ ១ម៉ឺននាក់ ក្នុង​នោះជនពិការមាន ១២៣នាក់ដែលភាគច្រើនពិការដៃ ជើង និងភ្នែក។ សព្វថ្ងៃ មានពល​រដ្ឋ​ពិការតិចតួចប៉ុណ្ណោះ ពោលគឺរង្វង់៣ទៅ៤នាក់ ​ក្នុងមួយខែ ដែលមកទទួលសេវាសាធារណៈ នៅសាលាឃុំ។ 

បើតាមលោកមេឃុំអន្សាចំបក់ ប្រសិនបើនៅអគាររដ្ឋបាលឃុំ មានជម្រាលសម្រាប់ពលរដ្ឋមានពិការភាព នោះនឹងផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ ដោយខ្លួនឯង ទៅរកសេវានៅសាលាឃុំ។ មេឃុំរូបនេះ បានអំពាវនាវដល់ រដ្ឋាភិបាល និងអង្កការនានា ជួយសង់ជម្រាលជនពិការ ២ កន្លែង ដែលនៅត្រង់ចំណុចមុខបន្ទប់ទឹក និងមុខសាលា។
ទោះជាយ៉ាងនេះក្តី មន្ត្រីឃុំ បានប្ដេជ្ញា បម្រើសេវាឱ្យកាន់តែប្រសើរបន្ថែមទៀត ដល់ពលរដ្ឋដែលមានពិការភាព​។ លើសពីនេះ លោក ផាន់ សំបូរ ក៏បានលើកទឹកចិត្តដល់ពលរដ្ឋដែលមានពិការភាព ឱ្យមកទទួលសេវារដ្ឋបាល តាមតម្រូវការ ហើយពួកគាត់នឹងទទួលបានការផ្តល់អាទិភាពក្នុងការទទួលសេវាមុនគេ ហើយមិនបង់កម្រៃទៀតផង៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ជម្រាលជនពិការ
 ​ ឃុំអន្សាចំបក់
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com