ជាតិ
យុវជនសកម្ម សេវាល្អ
​កោះកុង៖ នាយកសាលាបឋមសិក្សាអណ្ដូងទឹក ចង់ឱ្យមានការបង្រៀន​បំណិន​កសិកម្ម​​ដល់សិស្ស
30, Dec 2022 , 12:59 pm        
រូបភាព
ដោយ៖ ឈិន យួន (យុវជនឃុំអណ្ដូងទឹក)

ស្រុកបទុមសាគរ, កោះកុង៖ នាយកសាលាបឋមសិក្សាអណ្ដូងទឹក លោក សៅ រិទ្ធ ចង់ឱ្យអង្គការដៃគូ​ ដែលមានជំនាញផ្នែកកសិកម្មសហការគ្នា ដើម្បីបង្រៀន និងបណ្ដុះបណ្ដាលដល់សិស្សានុសិស្ស ទៅលើផ្នែកបំណិនកសិកម្ម ដើម្បីឱ្យពួកគេយកទៅប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រសើរជាងការផ្ដល់អាហារូបករណ៍។
 
លោក សៅ រិទ្ធ​ បានបញ្ជាក់ថា សម្រាប់ការផ្ដល់អាហារូបករណ៍ដល់សិស្ស ២៤ម៉ឺនរៀល គឺមិនគ្រប់គា្រន់ក្នុងការចាយវាយនោះទេ។ ដោយ មើលឃើញបែបនេះ នាយកសាលារូបនេះ ក៏បានប្រកាសស្វែងរកអង្គការដៃគូ​ ដើម្បីបង្រៀនសិស្សទាំងអស់ ឱ្យមានចំណេះជំនាញក្នុងការដាំដំណាំកសិកម្ម ហើយទាញផលប្រយោជន៍ទាំងនោះ យកទៅទិញសម្ភារសិក្សាឱ្យសិស្សវិញ។
  


លោក រិទ្ធ បានរៀបរាប់ថា៖ «ខ្ញុំមានគំនិតបង្កើតបែបនេះយូរមកហើយ តែខ្ញុំខ្វះអង្គការដៃគូ​ជួយ​។ ខ្ញុំចង់បង្កើតផលិតផលសហគម ឬផលិតផលសិស្ស ហើយយើងដាក់លើទីផ្សារលក់ ដើម្បីយកថវិកាទាំងនោះ មកឧបត្ថម្ភសិស្សក្រីក្រ ឱ្យពួកគេអាចបន្តសិក្សារៀនសូត្រ»។
 
លោក សៅ រិទ្ធ បានសង្កេតឃើញនៅឃុំអណ្ដូងទឹក បន្លែបង្ការនៅផ្សារអណ្ដូរទឹក មានតម្លៃសមរម្យ។ ដូចនេះបើខាងសាលារៀន និងអង្គការដៃគូ​បង្រៀនឱ្យសិស្សានុសិស្ស មានចំណូលចិត្តក្នុងការធ្វើកសិកម្ម និងដាំដំណាំស្ពៃ ត្រកួន និងបន្លែផ្សេងៗទៀត ដើម្បីយកទៅលក់នៅលើទៅផ្សារ។
 
កន្លងមកលោក សៅ រិទ្ធ និងលោកគ្រូ អ្នកគ្រូ នៅក្នុងសាលា បានទិញសម្ភារៈ និងឧបករណ៍ ដើម្បីយកទៅធ្វើម្ដងរួចមកហើយ ប៉ុន្តែដោយសារពេលនោះ មានមានភ្លៀងធ្លាក់ខ្លាំង ការសាងល្បងដាំដុះដំណាំកសិកម្ម ត្រូវបានបរាជ័យ។ 



នាយកសាលារូបនេះ បន្ថែមថា គម្រោងនៃការបង្កើតសហគមសិស្ស ឬដំណាំកសិផលរបស់សិស្ស អាចនឹងទទួលបានផ្លែផ្កា ប្រសិនបើចូលរួមធ្វើទាំងអស់គ្នា។ លោក រិទ្ធ បញ្ជាក់ទៀតថា ត្រង់ចំណុចនេះ ត្រូវពន្យល់ឱ្យអង្គការដៃគូ យល់ពីអ្វីដែលសាលាចង់ផ្ដល់ឱ្យសិស្សានុសិស្ស និងសិស្សត្រូវយល់ និងពេញចិត្តក្នុងការធ្វើ។ លោកបន្តថា សមិទ្ធផលដែលទទួលបាន ត្រូវសន្សំឱ្យពួកគេ សម្រាប់ជាកញ្ចប់អនាគត ដើម្បីបន្តការសិក្សាពេលទៅរៀននៅសាកលវិទ្យាល័យ។
 
លោក សៅ រិទ្ធ បានបញ្ជាក់ថា៖ «ខ្ញុំចង់យកសមទ្ធិផល និងអត្ថប្រយោជន៍ពីការដាំដុះដំណាំ ដែលពួកគេបានរៀន ពីចំណេះជំនាញបំណិនជីវិតកសិកម្ម ដើម្បីទុកសម្រាប់ជាប្រាក់សន្សំ ទៅថ្ងៃអនាគតរបស់ពួកគេ»។
 
លោកនាយកសាលាបឋមសិក្សាអណ្ដូងទឹក នឹងឱ្យសិស្សានុសិស្សទាំងអស់ អនុវត្តដាំដំណាំ នៅក្នុងបរិវេណសាលារៀន ហើយបន្តយកទៅធ្វើនៅតាមផ្ទះរបស់ពួកគេរៀងៗខ្លន​៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 

(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 បំណិនកសិកម្ម
  បឋមសិក្សាអណ្ដូងទឹក
© រក្សាសិទ្ធិដោយ thmeythmey.com