ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ឆ្នាំ២០២២ ករណីគ្រឿងញៀននៅឃុំអូរសណ្ដាន់ថយចុះ ធៀបនឹងឆ្នាំ២០២១
31, Dec 2022 , 4:59 pm        
រូបភាព
ដោយ៖ បុត្រ លក្ខិណា (យុវជនឃុំអន្លង់ត្នោត)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ នៅឆ្នាំ២០២២នេះ នគរបាលឃុំអូរសណ្តាន់ បានបង្កា្របករណីប្រើប្រាស់គ្រឿងញៀនចំនួន៣ករណី ខណៈដែលកាលឆ្នាំ២០២១កន្លងទៅ អាជ្ញាធរបានបង្ក្រាបករណីដូចគ្នានេះ៤ករណី។  នេះបើតាមលោក ឈីន ម៉ូ មេប៉ុស្ដិ៍ឃុំអូរសណ្ដាន់។
 
មេប៉ុស្ដិ៍ឃុំអូរសណ្ដាន់ បានបញ្ជាក់ទៀតថា ការប្រើប្រាស់គ្រឿងញៀនថយចុះទេ ព្រោះអាជ្ញាធរភូមិឃុំ ដូចជាបញ្ជាការពារភូមិ មេឃុំ កម្លាំងនរគបាលប៉ុស្ដិ៍បានចុះផ្សព្វផ្សាយ និងសំណូមពរឱ្យប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ឱ្យចូលរួមទាំងអស់គ្នាផងដែរ។
 
ឃុំអូរសណ្ដាន់ មានចំនួន៨ភូមិ ដែលមានប្រជាពលរដ្ឋសរុប ១ ៩៧០គ្រួសាររស់នៅ។សម្រាប់លោក ឈីន ម៉ូ ការអនុវត្តការពារភូមិឃុំឱ្យមានសុវត្ថិភាព គឺទាមទារការសហការគ្នាយ៉ាងជិតស្និទ្ធរវាងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ។
 
«នៅឃុំខ្ញុំនេះពុំសូវមាន(ករណីគ្រឿញៀន) ដូចនៅឃុំគេផ្សេងនោះទេ។ មានតិចតួច។ បញ្ហាគ្រឿងញៀននេះ ត្រូវមានការសហការច្រើនជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរ»។ លោក ម៉ូ អះអាងបែបនេះ ហើយបន្តថា បើគ្មានការចូលរួមពីពួកគាត់ទេ កម្លាំងនគរបាល មិនអាចធ្វើបានល្អប្រសើរនោះទេ ព្រោះនៅក្នុងឃុំអូរសណ្ដាន់មានកម្លាំងតែ ២នាក់ប៉ុណ្ណោះ។
 
បើលោកមេប៉ុស្ដិ៍បានរៀបរាប់ថា ទោះជាកម្លាំងប៉ុស្ដិ៍មានការខ្វះខាតយ៉ាងណាក៏ដោយ ក៏លោកនៅតែបន្តពង្រឹងស្មារតី កៀងគរកម្លាំងបន្ថែមពីប្រជាការពារភូមិ និងប្រជាពលរដ្ឋឱ្យចូលរួមសហការ និងរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើមានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងឃុំអូរសណ្ដាន់។ លោកបន្តថា៖«កម្លាំងប៉ុស្ដិ៍មានតិច អ៊ឹចឹងបើខ្ញុំនៅប្រចាំការនៅប៉ុស្ដិ៍ គឺកម្លាំងម្នាក់ត្រូវចុះល្បាតតាមភូមិគោលដៅ។ ពិបាកតែយើងត្រូវតែផ្ដល់សេវាឱ្យពលរដ្ឋ។ ខ្ញុំបានស្នើកម្លាំងបន្ថែមដែរ តែអត់ទាន់បាន»។

លោក ឈីន ម៉ូ មេប៉ុស្ដិ៍ឃុំអូរសណ្ដាន់។ រូបភាព៖ យុវជនអន្លង់ត្នោត
 
លោកបន្ថែមថា ករណីអ្នកប្រើប្រាស់គ្រឿងញៀន ភាគច្រើនអ្នកមានគ្រួសារ មានប្រពន្ធកូន មិនមានក្មេងៗ ឬសិស្សមកប្រើប្រាស់នោះទេ។ នេះបើតាមការជាក់ស្ដែង ដែលកម្លាំងប៉ុស្ដិ៍នគរបាលឃុំអូរសណ្ដាន់ បានឃាត់ខ្លួនកន្លងមក។ គ្រឿងញៀន ភាគច្រើនជាប្រភេទ ម៉ាទឹកកក។
 
អ្នកដែលបានប្រើប្រាស់ ក្រោយពេលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន គឺសមត្ថកិច្ចអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់បន្តទៀត រាល់អំពើដែលសង្គមស្អប់ខ្ពើម។ ដើម្បីបំបាត់ឱ្យអស់គ្រឿងញៀននេះ គឺអ្នកដែលបានឃើញ និងដឹងទីតាំងណា មានប្រើប្រាស់ ឬជួញដូរ ត្រូវរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់។
 
សូមជម្រាបថា ផ្ទៃដីនៅប៉ុស្តិ៍ឃុំអូរសណ្ដាន់មាន៧ ៨១២ហិកតា ដែលត្រូវចុះការពារសុវត្ថិភាពជូនពលរដ្ឋចំនួន ៨ភូមិ រួមមាន ភូមិអូរអាចម៍កុក ភូមិក្រាំងធំ ភូមិថ្នឹង ភូមិដូងជួរ ភូមិពុទ្រាម ភូមិចុងខ្លុង ភូមិអូរតាប្រុក និងភូមិអូរសណ្ដាន់៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com