ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ស្រ្តីទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព អូរសណ្ដាន់ ភាគច្រើននៅថ្ងៃចុងសប្តាហ៍
31, Dec 2022 , 9:39 pm        
រូបភាព
ដោយ៖ ផាន់ សុខហួយ (យុវជនឃុំអន្លង់ត្នោត)

ស្រុកក្រគរ, ពោធិ៍សាត់៖ នៅមណ្ឌលសុខភាពអូរសណ្ដាន់ មានផ្ដល់សេវាពិគ្រោះជំងឺក្រៅ ពិនិត្យផ្ទៃពោះ ពន្យារកំណើត សម្រាលកូន និងមានផ្ដល់សេវាផ្សេងៗជាច្រើនទៀត។ អ្នកគ្រូពេទ្យ វុទ្ធី ស្រីល័ក្ខណ៍ ប្រធានមណ្ឌលសុខភាពអូរសណ្ដាន់ ដែលស្ថិតក្នុងស្រុកក្រគរ បានបញ្ជាក់ថា នៅថ្ងៃសៅ-អាទិត្យ មានអ្នកទៅទទួលសេវាច្រើនជាង ដែលភាគច្រើនជាកម្មការិនីរោងចក្រ។
អ្នកស្រី វុទ្ធី ស្រីល័ក្ខណ៍ បានលើកឡើងថា ជាទូទៅនៅថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពុំសូវមានអ្នកទៅទទួលសេវានោះទេ ដោយភាគច្រើនមាននៅថ្ងៃសៅ-អាទិត្យ។ សម្រាប់អ្នកមានផ្ទៃពោះ បានទៅទទួលសេវាចាប់ពី ១ទៅ ២នាក់ ក្នុងមួយថ្ងៃនៅថ្ងៃធម្មតា មិនគិតថ្ងៃសៅ-អាទិត្យនោះទេ។

 
អ្នកគ្រូពេទ្យ ស្រីល័ក្ខណ៍ បានបញ្ជាក់ថា៖ «ស្រ្តីសឹងតែ ៨០ភាគរយ ជាកម្មកររោងចក្រ ហើយពួកគាត់ភាគច្រើន ទៅទទួលសេវា និងពិនិត្យផ្ទៃពោះនៅថ្ងៃសៅ-អាទិត្យ ច្រើនជាងថ្ងៃធម្មតា»។
ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពអូរសណ្ដាន់ បានត្រៀមខ្លួនរួចជាស្រោច ដើម្បីផ្ដល់សេវាជូនពលរដ្ឋនៅឃុំអូរសណ្ដន់។ ចំពោះស្ត្រីមានផ្ទៃពោះ ក៏គ្រូពេទ្យបានត្រៀមរួចដែរ ដោយមានក្រុមគ្រូពេទ្យប្រចាំការ២៤ ម៉ោងលើ ២៤ម៉ោង។ ប្រសិនបើមានបញ្ហាអ្វីធ្ងន់ធ្ងរ គឺត្រូវបញ្ចូនទៅមន្ទីរពេទ្យស្រុក ឬខេត្តតែម្ដង។ នេះបើតាមអ្នកគ្រូពេទ្យ វុទ្ធី ស្រីល័ក្ខណ៍។

អ្នកស្រី វុទ្ធី ស្រីល័ក្ខណ៍ ប្រធានមណ្ឌលសុខភាពឃុំអូរសណ្ដាន់
 
ជាមួយគ្នានេះ អ្នកគ្រូពេទ្យ បានតាំងចិត្តយ៉ាងមុតមាំ ដើម្បីផ្ដល់សេវាជូនពលរដ្ឋឱ្យបានល្អ ដោយមិនដែលគិតពីភាពហត់នឿយ ឬលំបាកនោះទេ ព្រោះជាការងារដែលអ្នកគ្រូស្រឡាញ់ ជាពិសេសបានជួយពលរដ្ឋ នៅក្នុងភូមិឃុំ និងជួយដល់សង្គមជាតិ។
 
អ្នកស្រី មិល ធួង ជាស្រ្តីមានផ្ទៃពោះ អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិពុទ្រ្ទាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរៀបរាប់ថា អ្នកស្រីមានផ្ទៃពោះលើកដំបូង ហើយបានទៅទទួលសេវា នៅមណ្ឌលសុខភាពអូរសណ្ដាន់ ក្នុងមួយខែម្ដង។ អ្នកស្រី មិល ធួង បញ្ជាក់ថា ៖ «នៅមណ្ឌលសុខភាព គ្រូពេទ្យអ្នកគ្រូ បានយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋដែលមកទទួលសេវា ទាំងការថែទាំសុខភាពឱ្យកូន និងសុខភាពម្ដាយ»។ 

អ្នកស្រី មិល ធួង ជាស្រ្តីមានផ្ទៃពោះនៅឃុំអូរសណ្ដាន់
 
អ្នកស្រី ធួង កន្លងមកធ្លាប់ខកខានការទៅពិនិត្យផ្ទៃពោះ ដោយសារតែរវល់ធ្វើការងាររោងចក្រ ហើយគ្រូពេទ្យបានណែនាំ និងផ្ដល់យោបល់ ឱ្យរូបគេថែរក្សាសុខភាពឱ្យបានល្អ និងទៅពិនិត្តផ្ទៃពោះ តាមការណាត់ជួបរបស់គ្រូពេទ្យ។
 
សូមជម្រាបថា នៅក្នុងឃុំអូរសណ្ដាន់ មានប្រជាជនសរុប ៥ ៣៧៣ នាក់ ដែលពលរដ្ឋដែលទៅទទួលសេវានៅមណ្ឌលសុខភាពមានចន្លោះពី ៥-១០នាក់។ ហើយនៅថ្ងៃសៅរ៍-ថ្ងៃអាទិត្យមានអ្នកទៅទទួលសេវាច្រើនជាងគេ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 


 

Tag:
 ស្ត្រីមានផ្ទៃពោះ
  ឃុំអូរសណ្ដាន់
© រក្សាសិទ្ធិដោយ thmeythmey.com