ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អំពើហិង្សាក្នុងគ្រួសារនៅឃុំអូរសណ្តាន់ ច្រើនកើតឡើងដោយសារការប្រើគ្រឿងស្រវឹង
31, Dec 2022 , 10:59 pm        
រូបភាព
ដោយ៖ បុត្រ លក្ខិណា(យុវជនឃុំអន្លង់ត្នោត)

ស្រុកក្រគរ,ពោធិ៍សាត់៖ ឆ្នាំ២០២២នេះ នៅក្នុងឃុំអូរសណ្ដាន់មានករណីហិង្សា ក្នុងគ្រួសារចំនួន ៦ករណី  ដែលក្នុងនោះមានករណីប្រច័ណ្ឌ និងជម្លោះពាក្យសម្តីក្នុងរង្វង់សមាជិកគ្រួសារ។ លោក ឈីន ម៉ូ មេប៉ុស្តិ៍ឃុំអូរសណ្ដាន់ បញ្ជាក់ថា ករណីនេះ កើតឡើងដោយសារការទទួលទានគ្រឿងស្រវឹង ច្រៀងរាំ ហើយកើតជាទំនាស់ពាក្យសម្ដី និងសកម្មភាពហិង្សា។

 
ជុំវិញករណីប្រើប្រាស់អំពើហិង្សានៅក្នុងឃុំកន្លងមក បើតាមលោក ឈីន ម៉ូ គឺអាជ្ញាធរទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋ នៅប៉ុស្ដិ៍នគរបាលឃុំអូរសណ្ដាន់ផ្ទាល់ និងតាមរយៈការផ្តល់ដំណឹងតាមលេខទូរសព្ទ។ ករណីខ្លះអាជ្ញាធរ បានអន្តរាគមន៍ទាន់ពេល ហើយករណីខ្លះ ក៏ការអន្តរាគមន៍មានការខ្វះចន្លោះ ព្រោះខ្វះខាតកម្លាំងមន្ត្រីប៉ុស្តិ៍ ខណៈ សព្វថ្ងៃ ប៉ុស្តិ៍នគរបាលឃុំអូសណ្តាន់ មានមន្ត្រីប៉ុស្តិ៍តែ២នាក់ប៉ុណ្ណោះ ដើម្បីផ្តល់សេវាសាធារណៈនានា ជូនពលរដ្ឋ។ «ពេលខ្លះពួកខ្ញុំ ចុះទៅអន្តរាគមន៍អត់ទាន់ដែរ
ព្រោះខ្វះខាតកម្លាំងនៅប៉ុស្ដិ៍ខ្ញុំ»។ នេះជាការបញ្ជាក់របស់លោក  ឈីន ម៉ូ។


 
ចំពោះដំណោះស្រាយរបស់កម្លាំងសមត្ថកិច្ច គឺនៅពេលដែលទៅដល់ព្យាយាមពន្យល់ និងអប់រំពួកគេ វែកញែករកហេតុផលនៅក្នុងរឿងនោះ បន្ទាប់មកឱ្យពួកគេសម្របសម្រួលគ្នា និងដោះស្រាយគ្នាតាមនីតិវិធី។ លោក ឈិន ម៉ូ លើកឡើងបែបនេះ ហើយបន្តថា៖« ករណីហិង្សា ធ្វើឱ្យប៉ះពាល់ដល់គ្រួសារ សង្គម ដែលធ្វើឱ្យអសន្តិសុខនៅក្នុងសហគមន៍»។
ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កម្លាំងប៉ុស្ដិ៍នរគបាលឃុំអូរសណ្ដាន់ បានបង្កើនការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកមេប៉ុស្តិ៍ ក៏ ស្នើឱ្យប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ ក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាមកកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីមានកិច្ចអន្តរាគមន៍បានទាន់ពេលវេលា និងទប់ស្កាត់ករណីប្រើហិង្សាធ្ងន់ធ្ងរនៅក្នុងឃុំ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
 (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com