ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ មេឃុំអូរសណ្ដាន់ អំពាវនាវឱ្យស្រ្តី និងកុមារ ប្រុងប្រយ័ត្នពេលធ្វើដំណើរពេលយប់
01, Jan 2023 , 10:39 am        
រូបភាព
ដោយ៖ បុត្រ លក្ខិណា (យុវជនឃុំអន្លង់ត្នោត)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ លោក ម៉ម ធន មេឃុំអូរសណ្ដាន់ ដែលស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅក្នុងដែនមូលដា្ឋនដែលលោកគ្រប់គ្រង មានបញ្ហាចរាចរណ៍ពេលយប់ ដែលភាគច្រើនកើតឡើងលើមនុស្សវ័យជំទង់។ 
 
លោក ធន បន្តថា ក្មេងៗពេញវ័យពេលយប់ បាននាំគ្នាជិះម៉ូតូដើរលេងបណ្ដេញគ្នា តាមដងផ្លូវ ទើបបណ្ដាលឱ្យជួបគ្រោះថ្នាក់ចរាចរណ៍ តែមិនមានច្រើននោះទេ។ លោកបន្តថា ពួកគេភាគច្រើនអ្នករស់នៅតាមតំបន់ដាច់ស្រយាល ហើយពួកគេមិនបានចូលរៀនសូត្រនៅក្នុងសាលារៀនឡើយ។
 
លោក ម៉ម ធន បានរៀបរាប់ថា ការធ្វើដំណើរពេលយប់របស់ស្រ្តី និងកុមារ មិនដែលកើតមានលើករណីចាប់ជម្រិត និងការលោភបំពាន់នោះទេ តែមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង។ លោកបន្ថែមថា កន្លងមកធ្លាប់មានអ្នកចាញ់បោកគេ ដោយសារពួកគេបានណាត់ជួបគ្នាហើយបបួលគ្នាទៅបាត់ មិនប្រាប់ឪពុកម្ដាយ។

លោក ម៉ម ធន មេឃុំអូរសណ្ដាន់
 
ត្រង់ចំណុចនេះ លោកមេឃុំ បានចុះណែនាំអប់រំ ដល់ណាព្យាបាលតាមភូមិនីមួយៗ ឱ្យជួយមើលកូនចៅ កុំឱ្យពួកគេដើរលេងដល់យប់ជ្រៅពេក និងអប់រំកូនៗឱ្យបានល្អ។ លោកថា៖«ស្រី្ត និងកុមារ ភាគច្រើនចាញ់បោកគេ អ្នកខ្លះចេញពីរៀនវិញអត់ទៅផ្ទះ តែដើរលេងជាមួយសង្សារ មិត្តភក្ដិ មិនប្រាប់ឪពុកម្ដាយ។ ដើម្បីទប់ស្កាត់មានតែផ្សព្វផ្សាយ ហើយឪពុកម្ដាយណែនាំ  ជាពិសេសខ្លួនពួកគាត់យល់ពីបញ្ហានេះ ហើយក៏ត្រូវមានការចូលរួមពីលោកគ្រូអ្នកគ្រូផងដែរ»។
 
ដើម្បីចុះអន្តរាគមន៍ទាន់ពេលវេលា នៅពេលមានករណីអ្វីកើតឡើងនៅក្នុងភូមិឃុំ គឺលោកមេឃុំ ស្នើឱ្យប្រជាពលរដ្ឋទាំងអស់រាយការណ៍ទៅប៉ុស្ដិ៍រដ្ឋបាល និងរាយការណ៍ទៅឃុំដោយផ្ទាល់ តាមរយៈទូរស័ព្ទ។ ប៉ុន្តែបើពួកគេមិនបានប្រាប់ និងរាយការណ៍មកទាន់ពេលទេ គឺការចុះជួយអន្តរាគមន៍ នឹងមានការយឺតយ៉ាវ។
 
លោក ម៉ម ធន បានអំពាវនាវដល់អាជ្ញាធរនៅតាមភូមិនីមួយៗ ប្រើវិធានការ និងផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដល់ពលរដ្ឋ និងអប់រំណែនាំពួកគេ ហាមកូនៗកុំឱ្យដើរលេងពេលយប់។ ប្រសិនបើមានករណីធ្ងន់ធ្ងរណាមួយកើតឡើង លោកមេឃុំ នឹងចាត់ការទៅតាមច្បាប់។ លោកបានបន្ថែមថា ប្រជាពលរដ្ឋទាំងអស់ ពេលដែលធ្វើដំណើរពេលយប់ ត្រូវមានគ្នាចាប់ពី ២ទៅ ៣នាក់ ដើម្បីការពារនៅកន្លែងយប់ងងឹត និងស្ងាត់ ព្រោះវាអាចបង្កឲ្យមានអសន្តិសុខនៅក្នុងភូមិឃុំ៕


 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 សុវត្ថិភាព
  អូរសណ្ដាន់
© រក្សាសិទ្ធិដោយ thmeythmey.com