ជាតិ
រដូវត្រីប្រហុក៖ អ្នកនេសាទ រកត្រីបានជិត៣តោនត្រឹមរយៈពេល១ម៉ោង
01, Jan 2023 , 11:59 am        
រូបភាព
អ្នកនេសាទ កំពុងមមាញឹកប្រមូលផលត្រី នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល។ រូបថត៖ ហ្វេសប៊ុក លោក ឌិត ទីណា
អ្នកនេសាទ កំពុងមមាញឹកប្រមូលផលត្រី នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល។ រូបថត៖ ហ្វេសប៊ុក លោក ឌិត ទីណា
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចុះទៅកន្លែងនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល។ លោក ឌិត ទីណា សារទរចំពោះផលនេសាទត្រី ដែលរយៈពេលជិតមួយម៉ោង អ្នកនេសាទ រកត្រីបានរហូតដល់ទៅជិត៣តោន។
 
ត្រីប្រហុក ចាប់ផ្ដើមសម្បូរ ឬដល់រដូវត្រីត្រូវ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ បើតាមរដ្ឋជលផល ត្រីត្រូវខ្លាំងនៅដាយត្រីតាមដងទន្លេសាប នៅភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ។
 
បើតាមកសេចក្ដីជូនដំណឹងពីរដ្ឋបាលជលផល «ត្រីត្រូវ» ចាប់ផ្ដើមត្រូវ ដោយសារត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទៅទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ ប៉ុន្តែត្រីសម្បូរនេះ គឺអាស្រ័យនឹងអាកាសធាតុអំណោយផលផងដែរ ពោលគឺក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខេ ឬមិនទទួលរងឥទ្ធិពលភ្លៀង។


 
រដ្ឋមន្រ្តីកសិកម្ម វាយតម្លៃថា ត្រីឆ្នាំនេះត្រូវច្រើនខ្លាំង ដោយសារប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសក្នុងបឹងទន្លេសាប កាលពីរដូវត្រីពងកន្លងមក ។  
 
លោក ឌិត ទីណា បានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា ត្រីធម្មជាតិរបស់យើងនៅមានលទ្ធភាពកកើតនិងរីកធំធាត់ឡើងកាន់តែច្រើន បើយើងនៅតែបន្តរក្សាបាននូវជំរកត្រីពងតាមព្រៃលិចទឹកទាំងឡាយ និងបែងចែកឲ្យមានរដូវនេសាទសមល្មមផ្តល់ពេលវេលាឱ្យមច្ឆាជាតិទាំងឡាយ អាចរីកលូតលាស់បន្តពូជពង្ស។ តុល្យភាពរវាងការអភិរក្ស និងផលិតកម្ម ជាគន្លឹះនៃនិរន្តរភាព»។ 
 
លោក ឌិត ទីណា អំពាវនាវឱ្យអ្នកនេសាទទាំងអស់បន្តគោរពច្បាប់នេសាទ ដើម្បីរក្សាធនធាននេះឱ្យបានយូរអង្វែង។ អ្នកប្រព្រឹត្តល្មើស នឹងប្រឈមទោសទណ្ឌយ៉ាងតឹងតែង៕ 
 

Tag:
 ត្រីប្រហុក
  រដូវត្រីត្រូវ
  នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com