ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ អាហារូបករណ៍ ជួយសិស្សក្រីក្រនៅសាលាបឋមសិក្សាអណ្តូងទឹក បន្តសិក្សាបានខ្ពស់
01, Jan 2023 , 5:59 pm        
រូបភាព
ដោយ៖ ណាន គីមហ៊ួយ (យុវជនអណ្ដូងទឹក)
 
ស្រុកបទុមសាគរ, កោះកុង៖ ក្នុងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ បានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ចំនួន ៣៥នាក់ ក្នុងនោះមានស្រី ២១នាក់។ បើតាម លោក សៅ រិទ្ធ ដែលជានាយកសាលាបឋមសិក្សាអណ្ដូងទឹក អាហារូបករណ៍នេះ បានជួយឱ្យសិស្សមានលទ្ធភាព បន្តការសិក្សាបានខ្ពង់ខ្ពស់ផងដែរ។
 
លោក សៅ រិទ្ធ នាយកសាលាបឋមសិក្សាអណ្ដូងទឹក បានលើកឡើងថា សាលាបឋមសិក្សាអណ្ដូងទឹក ការផ្ដល់អាហារូបករណ៍ បានបែងចែកពីរផ្នែកផ្សេងគ្នា គឺការផ្ដល់អាហារូបករណ៍ដោយក្រសួងអប់ យុវជន និងកីឡា និងការផ្ដល់អាហារូបករណ៍ដោយអង្គការដៃគូនានា ទាំងនៅក្នុង និងក្រៅប្រទេស។ 
 
នាយកសាលារូបនេះ បានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អាហារូបករណ៍ឱ្យសិស្សក្រីក្រចំនួន ៣៥នាក់ ក្នុងនោះមានស្រី ២១នាក់។ ក្រៅពីនោះ ជាអាហារូបករណ៍ពីអង្គការដៃគូ ដែលបានផ្ដល់ជាកញ្ចប់សម្លៀកបំពាក់ និងសម្ភារសិក្សា ដល់សិស្សចំនួន ១៤៤នាក់ ស្រី៦៧នាក់ ក្នុងនោះក៏មាន ឱ្យកង់ចំនួន ១០នាក់ សម្រាប់វគ្គទី១។ ហើយសម្រាប់វគ្គទី២ បានផ្ដល់ជាកញ្ចប់សិក្សាដូចគ្នា គឺផ្ដល់ឱ្យសិស្ស ៣១នាក់ ស្រី ១៦នាក់ និងកង់ចំនួន ៥នាក់ផងដែរ។

លោក សៅ រិទ្ធ នាយកសាលាបឋមសិក្សាអណ្ដូងទឹក។
 
លោក សៅ រិទ្ធ បានបញ្ជាក់បន្ថែមថា ចំពោះសិស្សដែលត្រូវបានអាហារូបករណ៍ គឺពួកគេជាសិស្សក្រីក្រ ដែលមានប័ណ្ណក្រីក្របញ្ជាក់មកពីអាជ្ញាធរភូមិឃុំ ដែលខាងនាយកសាលា និងភូមិឃុំបានសហការគ្នា ដើម្បីដឹងថាសិស្សទាំងនោះ ពិតជាក្រីក្រពិតមែន ទើបក្រសួង និងអង្គការដៃគូ កំណត់ឈ្មោះប្រគល់អាហារូបករណ៍ឱ្យពួកគេ។ លើសពីនេះ ពួកគេត្រូវទៅរៀនឱ្យបានទៀងទាត់ និងពេលវេលា កុំឱ្យអវត្តមានច្រើន និងត្រូវរៀនឱ្យជាប់ចំណាត់ថ្នាក់ជារៀងរាល់ខែ។ លោក រិទ្ធ បន្តថា អាហារូបករណ៍មានសារសំខាន់ សម្រាប់សិស្សក្រីក្រមួយចំនួន បើទោះបីជាមិនច្រើនក៏ដោយ ប៉ុន្តែវាអាចជួយសម្រួលដល់ការចាយវាយ និងទិញសម្ភារសិស្សារបស់ពួកគេបានមួយកម្រិតដែរ។ 
 
«កញ្ចប់ថវិកា ២៤ម៉ឺន ក្នុងមួយឆ្នាំ មិនអាចធ្វើឱ្យសិស្សក្រីក្រអាចប្រសើរឡើងទេ បើទោះបីឧបត្តម្ភពួកគាត់ច្រើនជាងនេះក៏ដោយ។ បើតាមខ្ញុំចង់ឱ្យអង្គការដៃគូ ក៏ដូចជាសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសចូលរួមជួយ និងផ្ដល់ឱ្យពួកគាត់ដោយបណ្ដុះបណ្ដាល បែបបំណិនជីវិតវិញល្អជាង»។ នេះបើតាមលោក សៅ រិទ្ធ។
 
លោក រិទ្ធ បានបញ្ជាក់ថា សម្រាប់សិស្សដែលទទួលបានអាហារូបករណ៍ ពីក្រសួងក្នុងម្នាក់ទទួលបាន ២៤ម៉ឺនក្នុងឆ្នាំ ហើយបើក ៣ដំណាក់កាល ក្នុងមួយចំណាក់កាល បើកបាន ៨ម៉ឺនរៀល។ 
 
សូមជម្រាបថា សាលាបឋមសិក្សាអណ្ដូងទឹក មានសិស្សសរុបទាំងកម្រិតមត្តេយ្យ និងបឋមមានចំនួន ៥៣៥នាក់ ក្នុងនោះស្រី ២០៧នាក់។ ក្នុងឆ្នាំសិក្សាកន្លងទៅ មានសិស្សបានបោះបង់ចោលការសិក្សាចំនួន ១៤នាក់ ក្នុងនោះស្រី ៦នាក់៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 



Tag:
 អប់រំ
  អាហារូបករណ៍
  បឋមសិក្សាអណ្ដូងទឹក
© រក្សាសិទ្ធិដោយ thmeythmey.com