ជាតិ
អាកោត្នោត នំអត្តសញ្ញាណ និងជួយលើកស្ទួយសេដ្ឋកិច្ចអ្នកភូមិព្រះដាក់
02, Jan 2023 , 7:59 am        
រូបភាព
នំអាកោត្នោតដាក់ប្រអប់ស្មុគនៅតូបអ្នកស្រី សូត ចាន់ធូ
នំអាកោត្នោតដាក់ប្រអប់ស្មុគនៅតូបអ្នកស្រី សូត ចាន់ធូ
សៀមរាប៖ ប្រមាណ៣ឆ្នាំមកហើយ ដែលគ្រួសារអ្នកស្រី សូត ចាន់ធូ ចាប់ផ្តើមរបរធ្វើនំអាកោត្នោត លក់នៅមុខផ្ទះ នាភូមិព្រះដាក់ ស្រុកបន្ទាយស្រី។ របរនេះកាន់តែមានអតិថិជនគាំទ្រច្រើនពីមួយថ្ងៃទៅ មួយថ្ងៃ ដោយសាររសជាតិ និងការល្បីតៗគ្នា។ នំខ្មែរមួយនេះ កំពុងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់អ្នកភូមិព្រះដាក់ឱ្យមានជីវភាពធូរធារមួយផ្នែកធំ។
 
ម៉ោងជាងមួយរសៀល ម៉ូតូ ឡាន បានឈប់ចតមុខតូបលក់នំអាកោត្នោតរបស់អ្នកស្រី សូត ចាន់ធូ ជាបន្ត បន្ទាប់។ ទីនោះ ហាក់មានភាពមមាញឹកជាងមុខផ្ទះអ្នកភូមិឯទៀត ដែលមានលក់អាហារ នំនេក និងវត្ថុអនុស្សាវរីយ៍ ដែលភាគច្រើនធ្វើឡើងដោយស្នាដៃអ្នកភូមិផ្ទាល់។ 
 
ទេសចរមកពីរាជធានីភ្នំពេញ លោក ធៀម សីហា ពេញចិត្តជាខ្លាំងចំពោះបរិយាកាស និងការលក់ដូរ របស់ប្រជាពលរដ្ឋនៅភូមិព្រះដាក់។ លោកថា នំអាកោត្នោត ជានំអត្តសញ្ញាណមួយរបស់ខ្មែរ ហើយវា កំពុងក្លាយជាផ្នែកមួយនៃការទាក់ទាញទេសចរផងដែរ។


 
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប លោក សីហា រីករាយជាខ្លាំង ពេលដែលនំខ្មែរ ពិសេសនំអាកោត្នោត មានការគាំទ្រ និងផ្សព្វផ្សាយបានទូលំទូលាយ។
 
អ្នកស្រី សូត ចាន់ធូ បានផ្តើមធ្វើនំអាកោត្នោតនេះកាលពី៣ឆ្នាំមុន គឺក្រោយពេលដែលរបររត់រ៉ឺម៉កកង់បី អ្នកស្រីមិនមានភ្ញៀវដឹកតទៅទៀត ដោយសារវិបត្តិជំងឺកូវីដ១៩។ តាមពិតទៅ អ្នកស្រីធ្វើនំលក់នេះក្រោយអ្នកភូមិឯទៀតទេ តែដោយសារមានការផ្សព្វផ្សាយពីបណ្ដាញសង្គម ធ្វើឱ្យនំអាកោត្នោតអ្នកស្រី ដែលមាន យីហោថា «នំអាកោត្នោត ចាន់ធូ» ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរ ពិសេសអ្នកមកពីបណ្ដាខេត្ត រាជធានីផ្សេងៗ៕


 

Tag:
 នំអាកោត្នោត
  ភូមិព្រះដាក់
© រក្សាសិទ្ធិដោយ thmeythmey.com