ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ សិស្សសាលាបឋមអណ្ដូងទឹក ជាង១០នាក់ បានបោះបង់ការសិក្សាដោយសារកត្តាជីវភាព
02, Jan 2023 , 9:29 am        
រូបភាព
ដោយ៖ វុធ អ៊ីត (យុវជនអណ្ដូងទឹក)
 
ស្រុកបទុមសាគរ, កោះកុង៖ សិស្សនៅសាលាបឋមសិក្សាអណ្ដូងទឹក សរុបមាន ៥៣៥នាក់ ក្នុងនោះមានសិស្សបោះបង់ការសិក្សា ប្រមាណជាង ១០នាក់ ក្នុងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ។ បើតាម លោក សៅ រិទ្ធ នាយកសាលាបឋមសិក្សាអណ្ដូងទឹក សិស្សដែលបោះបង់ការសិក្សានេះ ព្រោះពួកគេមានជីវភាពខ្វះខាត និងផ្ទះឆ្ងាយ ពិបាកធ្វើដំណើរមកសាលារៀន។
 
លោក សៅ រិទ្ធ បានរៀបរាប់ថា សាលាបឋមសិក្សាអណ្ដូងទឹក មានសិស្សសរុបទាំងកម្រិតមត្តេយ្យ និងបឋមចំនួន ៥៣៥នាក់ ក្នុងនោះសិស្សស្រីមានចំនួន ២០៧នាក់។ លោកនាយកសាលា បានបន្តថា សិស្សនៅទីនោះ បានបោះបង់ចោលការសិក្សា មានចំនួន ១៤នាក់ ក្នុងនោះស្រី៦នាក់។ មូលហេតុនៃការឈប់រៀនរបស់ពួកគេ ព្រោះផ្ទះរបស់សិស្សខ្លះ មានចម្ងាយឆ្ងាយពីសាលារៀន គឺប្រមាណពី ២០គីឡូម៉ែត្រ ទៅ៣០គីឡូម៉ែត្រ។ លោក សៅ រិទ្ធ បន្តដូច្នេះថា៖ «ពួកគាត់បោះបង់ការសិក្សា ដោយសារកត្តាជីវភាព និងផ្ទះពួកគេនៅឆ្ងាយមិនមានមធ្យោបាយធ្វើដំណើរមករៀន ហើយពួកគាត់ខ្វះការអត់ធ្មត់ និងព្យាយាម គ្មានឆន្ទៈដោយខ្លួនគាត់ក៏ពិបាកដែរ»។ 


 
លោក សៅ រិទ្ធ បានបន្ថែមថា ចំពោះសិស្សដែលបានបោះបង់ការសិក្សាទាំងនោះ គឺលោកគ្រូ អ្នកគ្រូ ដែលទទួលបន្ទុកថ្នាក់ បានចុះប្រមូលព័ត៌មានគ្រប់ៗគ្នា ហើយឪពុកម្ដាយរបស់ពួកគេបានអះអាងថា កូនរបស់ពួកគាត់បានឈប់រៀន ដោយសារពួកគេឈប់ច្រើន រៀនមិនទាន់គេ។
 
យ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សានៅឆ្នាំក្រោយៗទៀត នាយកសាលាអណ្ដូងទឹក លោកគ្រូ អ្នកគ្រូ ក៏បានព្យាយាមលើកទឹកចិត្ត និងណែនាំអាណាព្យាបាល ឱ្យជួយជំរុញឲ្យកូនៗរបស់ខ្លួនមករៀនឱ្យបានទៀងទាត់ និងបន្តលើកទឹកចិត្តឱ្យកូនៗរៀននៅផ្ទះបន្ថែមផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 សិស្ស
  អប់រំ
  បោះបង់ការសិក្សា
  ឃុំអណ្ដូងទឹក
© រក្សាសិទ្ធិដោយ thmeythmey.com