កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Spurs ​ធ្លាក់ពីតំបន់ Top 4 ក្រោយចាញ់ Aston ខណៈ Chelsea ស្មើ Forest ប្រឈមខកខានកៅអីអឺរ៉ុប
02, Jan 2023 , 11:29 am        
រូបភាព
ក្រុម Tottenham Hotspurs ប្រកួតចាញ់ក្រុម Aston Villa ក្នុងទឹកដីខ្លួនក្នុងលទ្ធផល ២-០​ ធ្លាក់ចេញពីតំណែងក្រុមកំពូលទាំង ៤ ក្នុងតារាង Premier League គិតត្រឹមការប្រកួតសប្តាហ៍ទី១៧ នៅរាត្រីថ្ងៃទី១ ខែមករា។ Chelsea បន្តមានគម្លាត់ពិន្ទុឆ្ងាយពីតំបន់ក្រុមកំពូលទាំង ៤ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះ Nottingham Forest ១-១។

​Aston Villa ដឹកនាំដោយលោក Unai Emery នៅតែធ្វើបានល្អក្នុងការប្រកួតដើម្បីដណ្តើមពិន្ទុប្រជែងក្នុងក្របខណ្ឌ Premier League ដោយរកបានជ័យជម្នះលើមាន់ក្នាយមាស Tottenham Hotspur ដល់ក្នុងផ្ទះតែម្តងក្នុងលទ្ធផល ២-០។ ២គ្រាប់ជ័យជម្នះកើតឡើងនៅក្នុងវគ្គទីពីរដោយខ្សែប្រយុទ្ធ Emiliano Buendia នៅនាទី៥០​ និងខ្សែបម្រើ Douglas Luiz នៅនាទី៧៣។
  


បរាជ័យនេះ បានធ្វើឱ្យ Spurs ធ្លាក់ទៅចំណាត់ថ្នាក់លេខ៥វិញ ដោយ Manchester United ដណ្តើមយកតំណែងលេង ៤ ក្រោយពួកគេប្រកួតឈ្នះក្រុម Wolver លទ្ធផល ១-០ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​ ២០២២។ ក្រោយទទួលបានជ័យជម្នះដ៏ធំមួយនេះក្រុមដឹកនាំដោយលោក Unai Emery បន្តឈរនៅចំណាត់ថ្នាក់លេខ ១២ ដដែល ដោយរកបាន២១ពិន្ទុ។ 
 
Chelsea បានត្រឹមចែកគ្នាជាមួយម្ចាស់ផ្ទះ Nottingham Forest ក្រុមបាតតារាងម្នាក់ ១ពិន្ទុម្នាក់ ក្រោយបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ១-១ ​ក្នុងកីឡដ្ឋាន City Ground រាត្រីថ្ងៃទី១ ខែមករា។ តោខៀវ ដែលកំពុងស្វែងរកទម្រង់ថ្មីរបស់ក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Graham Potter នៅទទួលបានលទ្ធផលមិនសមប្រកបមួយរយៈពេលចុងក្រោយមកនេះ។ 
 
ស្មើ ១-១ ទល់ម្ចាស់ផ្ទះ Nottingham Forest តោខៀវជាអ្នករកបានគ្រាប់បាល់នាំមុខមុនដោយខ្សែប្រយុទ្ធ Raheem Sterling នៅត្រឹមនាទី១៦ ហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួតវគ្គទីមួយ។ ឈានចូលវគ្គទីពីរបានត្រឹម ១៨នាទី ក្រុមម្ចាស់ផ្ទះក៏រកបានឱកាសស៊ុតបាល់តាមស្មើ ១គ្រាប់មកវិញដោយកីឡាករខ្សែបម្រើស្លាបស្តាំ ​Serge Aurier នាទី៦៣។ លទ្ធផល Nottingham Forest ទប់ស្មើ ១-១ ទល់Chelsea បន្តរហូតចប់ការប្រកួតពេញ ៩០នាទី។ 
 
លទ្ធផលស្មើនេះធ្វើឱ្យ Chelsea បន្តមានគម្លាត់ឆ្ងាយពីតំបន់ Top 4 ដល់ទៅ ៧ពិន្ទុ ខណៈការប្រកួតប្រជែងក្នុងក្របខណ្ឌកំពូលអង់គ្លេសមួយនេះ ធ្វើដំណើរដល់ពាក់កណ្តាលរដូវកាល។ ក្រោយបញ្ចប់ការប្រកួត​តោខៀវបន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៨ មាន ២៥ពិន្ទុដដែល។ ចំណែក Nottingham Forest ទោះរកបាន ១ពិន្ទុបន្ថែមពួកគេនៅតែស្ថិតនៅចំណាត់ថ្នាក់បាតតារាងលេខ ១៨ ដោយមាន ១៤ពិន្ទុស្មើ West Ham United នៅចំណាត់ថ្នាក់លេខ ១៧៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com