ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ នាយកបឋមសិក្សាអណ្ដូងទឹក បារម្ភសិស្សមានពិការភាពរងសម្ពាធពីមជ្ឈដ្ឋាន​នៅជុំវិញ
02, Jan 2023 , 6:59 pm        
រូបភាព
 ដោយ៖ ណាន គីមហ៊ួយ (យុវជនអណ្ដូងទឹក)

ស្រុកបទុមសាគរ, កោះកុង៖ នាយកសាលាបឋមសិក្សាអណ្ដូងទឹក លោក សៅ រិទ្ធ បានលើកឡើងថា នៅក្នុងសាលាបឋមសិក្សាអណ្ដូងទឹក គ្មានសិស្សដែលមានពិការភាពទៅរៀននោះទេ។ ប៉ុន្តែបើទោះជាគ្មាន ក៏លោកនៅតែបារម្ភដល់សិស្សពិការភាពទាំងនោះ ខ្លាចពួកគេមិនហ៊ានមករៀន ដោយសារពួកគេមានភាពខ្មាសអៀន គិតដោយខ្លួនឯងធ្វើឱ្យរងសម្ពាធពីមជ្ឈដ្ឋានខាងក្រៅ និងមនុស្សនៅជុំវិញរបស់ពួកគេ។
 
លោក សៅ រិទ្ធ បានរៀបរាប់បែបនេះ បើទោះបីគ្មានសិស្សពិការទៅរៀននៅសាលាបឋមសិក្សាអណ្ដូងទឹក ក៏នាយកសាលារូបនេះ បានសាងសង់ជម្រាលជនពិការរួចរាល់ ដើម្បីត្រៀម ក្រែងមានសិស្សពិការពួកគេ បានទៅរៀននៅសាលាបឋមសិក្សាអណ្ដូងទឹក។
 


ជម្រាលជនពិការមានសារៈសំខាន់ និងសារៈប្រយោជន៍ណាស់ សម្រាប់អ្នកដែលពិការជើង ដើម្បីឱ្យពួកគេងាយស្រួលជិះរទេះឡើង។ លោកនាយកលើកឡើងបែបនេះ ហើយបន្តថា អ្នកមានពិការភាព មានច្រើនប្រភេទមានអ្នកពិការភ្នែក ពិការដៃ ថ្លង់ និងពិការជើងជាដើម។
 
«ប្រព័ន្ធអប់រំគ្មានអ្វីដែលត្រូវរើសអើងគាត់នោះទេ សិស្សពិការត្រូវបានគេលើកទឹកចិត្ត និងផ្ដល់អាទិភាពមុនគេ។ ជាធម្មតាខ្លាចតែគាត់មានសម្ពាធពីមជ្ឈដ្ឋានខាងក្រៅ និងមនុស្សនៅជុំវិញខ្លួន និងនៅក្នុងគ្រួសារទេ»។ នេះបើតាមលោក សៅ រិទ្ធ។
 

ជម្រាលជនពិការនៅសាលាបឋមសិក្សាអណ្ដូងទឹក



នាយកសាលាបឋមរូបនេះ បន្ថែមថា ដើម្បីឱ្យអ្នកពិការភាពទទួលបានព័ត៌មានឱ្យទូលំទូលាយ គឺត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដែលទាក់ទងទៅនឹងការរើសអើង និងលើកទឹកចិត្តឲ្យពួកគេ និងក្មេងដែលមានកាយសម្បទាគ្រប់គ្រាន់ឱ្យពួកគេរាប់អានគ្នាដូចជាមនុស្សធម្មតា។ ហើយត្រូវលើកទឹកចិត្តពួកគេ និងជំរុញឲ្យមានភាពក្លាហាន ត្រូវតែរឹងមាំនឹងត្រូវប្រឈមមុខ និងបញ្ហាហើយព្រមទទួលការពិតថាពួកគេជាជនពិការពិតមែន។ 
 
ជាមួយគ្នានេះ លោក សៅ រិទ្ធ ក៏បានតាំងចិត្តយកចិត្តទុកដាក់លើក្មេងមានពិការភាព និងសំណូមពរឲ្យដាក់ពិន័យសម្រាប់ជនណាដែលប្រមាថលើងាយជនពិការទៅតាមច្បាប់ផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
 (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ជម្រាលជនពិការ
  បឋមសិក្សាអណ្ដូងទឹក
© រក្សាសិទ្ធិដោយ thmeythmey.com