ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញា​ទាំងនេះបញ្ជាក់បាន​ថា ​អ្នក​អាច​មាន​ជំងឺ​មហារីកហើយ
03, Jan 2023 , 6:59 am        
រូបភាព
ជាដំបូង គឺថា​អ្នក​មិន​ត្រូវ​មានការ​ភ្ញាក់ផ្អើល​ពេក​នោះ​ទេ ពី​ព្រោះថា​សញ្ញា និងរោគ​សញ្ញា​ទាំងនេះ​ភាគច្រើន គឺ​តែងតែ​កើត​មាន ចំពោះ​ការ​ឈឺចាប់ និង ជំងឺ​ជា​ទូទៅ ដែល​អ្នកជំងឺ​មិនកើត​មាន​ជំងឺមហារីក ក៏​អាច​នឹង​ជួប​ប្រទះ​បាន​ផង​ដែរ​។
 
ប៉ុន្តែ​វា​ពិតជា ប្រការ​ដ៏​ចាំបាច់ ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ បញ្ហា​មួយ​ចំនួន ដែល​រាង​កាយ​អ្នក​កំពុង​ប្រាប់​អ្នក​នេះ ហើយ​ប្រសិនបើ​អ្នក កំពុង​តែ​ជួប​ប្រទះ​នូវ សញ្ញា​ណាមួយ ឬ ច្រើន​ជាង​នេះ ជា​ប្រចាំ នោះ​អ្នក​គួរតែ​ទៅ​អោយ​គ្រូពេទ្យ​ជំនាញ​ធ្វើការ​ពិនិត្យ​អោយ បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ការ​ឆាប់​បានដឹង​ពី​វា គឺ​ពិតជា​មាន​សារៈសំខាន់ និង អាច​ជួយ​រក្សា​ជីវិត​របស់​អ្នក​បាន ។
 
១. មានការ​ឈឺចាប់
ជា​ការ​ពិត ការ​ឈឺចាប់ អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​យ៉ាង ជា​ធម្មតា មនុស្ស​យើង​ម្នាក់​ៗ តែង​មានការ​ឈឺក្បាល និង ចុក​ចង្កេះ ស្ទើរតែ​រាល់ពេល ដោយ​វា​មិនមែន​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ពេក​នោះ​ទេ​។ ប៉ុន្តែ ការ​បន្ត​នូវ​អាកា​រៈ​ឈឺក្បាល​មិន​បាត់ អាច​ជា​សញ្ញា​ដំបូង​មួយ នៃ​ជំងឺមហារីក​ខួរក្បាល និង ហើយ ការ​ឈឺ​ចុក​រោយ​ចង្កេះ ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ទ្វារ​លាមក ឬ មហារីក​អូវែ​បាន​ផង​ដែរ​។ ប្រសិនបើ​អ្នក នៅ​តែ​បន្ត​មានការ​ឈឺចាប់​ទាំងនេះ មិន​ព្រម​បាត់​ទាល់តែ​សោះ នោះ​អ្នក​គួរតែ​ទៅ​ធ្វើការ ពិនិត្យ​អោយ​បាន​ច្បាស់លាស់​។
 
២.​គ្រុនក្តៅ
ការ​បន្ត​មាន​គ្រុនក្តៅ អាច​ជា​សញ្ញា​ដំបូង នៃ​ជំងឺមហារីក​គ្រាប់​ឈាម ។ ប្រសិនបើ​អ្នក មាន​គ្រុនក្តៅ​មិន​បាត់ នោះ​អ្នក​គួរតែ​ទៅ​អោយ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ បើ​ទោះជា​មិនមែន​ជា​ជំងឺមហារីក ក៏​វា​អាច​ជា​បញ្ហា ជំងឺ​អ្វី​ផ្សេង​ទៀត ដែល​នេះ​ជា​សញ្ញា​ប្រកាស​អាសន្ន​នៃ​រាង​កាយ​អ្នក ក្នុង​ការ​ប្រយុទ្ធ​ឆាំង​នឹង​ការ​បង្ក​រោគ នៅ​ក្នុង​ខ្លួន​។
 
៣. អស់កម្លាំង
ការ​អស់កម្លាំង​ជាប់​រហូត បើ​ទោះជា​អ្នក​បាន​ព្យាយាម ធ្វើការ​សម្រាក​ហើយ​ក៏​ដោយ នេះ​ក៏​អាច​ជា រោគ​សញ្ញា​នៃ​ជំងឺមហារីក​បាន​ផង​ដែរ​។ អាកា​រៈ​នេះ អាច​ធ្វើ​អោយ​យល់​ច្រ​លំ ពីព្រោះ​ថា មាន​មនុស្ស​ជា​ច្រើន អាច​នឹង​មាន​អារម្មណ៍​ថា​អស់កម្លាំង ដោយសារ​តែ​មូលហេតុ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក ចាប់ផ្តើម​មាន​អារម្មណ៍​ថា អស់កម្លាំង​ភ្លាម​ៗ រាល់ពេល​នោះ អ្នក​គួរតែ​ទៅ​ធ្វើការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​អោយ​ប្រាកដ​ថា វា​មិនមែន​បង្ក​មក​ពី​បញ្ហា​សុខភាព​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។
 
៤. ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ
អ្នក​ប្រាកដជា​គិត​ថា ការ​ស្រក​ទម្ងន់​គឺជា​រឿង​ល្អ តើ​មែន​ទេ? ប៉ុន្តែ វា​មិន​ប្រាកដ​តែងតែ​អ​ញ្ចឹ​ង​នោះ​ទេ ។ ប្រសិនបើ​អ្នក​ស្រក​ទម្ងន់ ដោយសារ​តែ​អ្នកធ្វើការ​តម​អាហារ ឬ ដោយសារ​ការ​ហាត់ប្រាណ នោះ​វា​ជា​ការ​ល្អ​។ ប៉ុន្តែ ប្រសិនបើ​អ្នកសុខ​ៗ​ស្រាប់តែ​ស្រក​ទម្ងន់ ដោយ​អ្នក​មិន​បាន​ធ្វើការ​ផ្លាស់​ប្តូរ​នូវ​ទម្លាប់​ប្រចាំ​ថ្ងៃ អ្វី​នោះ នេះ​គឺជា​ការ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ ហើយ​វា​អាច​នឹង​មាន​ទំនាក់ទំនង​ជាមួយនឹង​ជំងឺមហារីក​ជា​ច្រើន​ប្រភេទ រួម​មាន​ដូច​ជា​ជំងឺមហារីក​លំពែង និង ជំងឺមហារីក​ក្រពះ​ជាដើម​។
 
៥. ក្អក​ខ្លាំង
ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ថា​ខ្លួន​អ្នក​ក្អក​ខ្លាំង និង បន្ត​ក្អក​មិន​ព្រម​បាត់​សោះ នោះ​វា​អាច​ជា​សញ្ញា នៃ​ជំងឺមហារីក​សួត ឬ មហារីក​បំពង់​សំលេង​។ វា​អាច​នឹង​ដោយសារ​តែ​អ្នក មាន​ប្រតិកម្ម​នឹង អា​លែ​ហ្សី​ជាមួយនឹង​អាកាសធាតុ ទៅ​តាម​រដូវ​កាល ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​គូរ​តែ​ធ្វើការ​ពិភាក្សា​ជាមួយ ក្រុម​គ្រូពេទ្យ​អោយ​បាន​ត្រឹមត្រូវ ។
 
៦. ការ​រំលាយ​អាហារ​មិនល្អ ឬ មាន​បញ្ហា​នឹង​ការ​ទទួលទាន
ប្រសិនបើ​អ្នកមាន​បញ្ហា​នឹង​ការ​ទទួលទាន , ពិបាក​លេប​អាហារ ឬ ការ​រំលាយ​អាហារ នៅ​ក្នុង​ក្រពះ​មិនល្អ នោះ​អ្នក​អាច​នឹង​មាន ជំងឺមហារីក​បំពង់​អាហារ ឬ ជំងឺមហារីក​ក្រពះ​។ ប៉ុន្តែ​អ្នក​ក៏​គួរ​មាន ការ​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ដែរ ព្រោះថា​មនុស្ស​ភាគច្រើន​ដែល​មាន​បញ្ហា​ពិបាក នឹង​ការ​រំលាយ​អាហារ​នេះ មិនមែន​តែងតែមាន​ជំងឺមហារីក​នេះ នោះ​ទេ​។
 
៧. ឡើង​កូនកណ្តុរ​នៅ​លើ​រាង​កាយ
ប្រសិនបើ​អ្នករក​ឃើញ​កូនកណ្តុរ នៅ​ផ្នែក​ណាមួយ​នៃ​រាង​កាយ នោះ​វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក ។ អ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ឡើង​កូនកណ្តុរ​នៅ​លើ​ដើមទ្រូង និង ពងស្វាស​។ តែ​ទោះជា​យ៉ាងណា អ្នក​មិន​គួរ​មានការ​បារម្ភ​ពេក​នោះ​ទេ ប្រសិនបើ​អ្នក រក​ឃើញ​កូនកណ្តុរ​នៅ​ត្រង់​ដៃ​, ជើង ឬ ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ ព្រោះថា​វា​អាច​គ្រាន់តែ​ជា ដុំ​ទឹក​ធម្មតា​នៅ​ក្នុង​រាង​កាយ ដែល​មិន​បង្ក​បញ្ហា​គ្រោះថ្នាក់​អ្វី​នោះ​ទេ​។
 
៨. មានការ​ហូរ​ឈាម​ខុស​ពី​ធម្មតា
ប្រសិនបើ​អ្នក មានការ​ប្រឈម​នឹង​បញ្ហា​ធ្លាក់ឈាម ខុស​ពី​ធម្មតា វា​អាច​ជា​សញ្ញា​មួយ​ផង​ដែរ នៃ​ជំងឺមហារីក​។ ការ​ក្អក​ធ្លាក់ឈាម អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​សួត​, ឈាម​ក្នុង​លាមក អាច​ជា​ជំងឺមហារីក​ពោះវៀន ឬ ជំងឺមហារីក​ទ្វារ​លាមក​,​ឈាម​ក្នុង​ទឹកនោម អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ប្លោក​នោម​, ឈាម​ធ្លាក់​តាម​ទ្វារមាស អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​មាត់ស្បូន ហើយ​ឈាម​ស្រក់​តាម​ក្បាល​សុដន់ ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​សុដន់​ផង​ដែរ​។
 
៩. បំរែបំរួល​ចំពោះ​មុខងារ​របស់​តម្រងនោម
ប្រសិនបើ​អ្នក​មានការ​ឈឺចាប់ នៅ​ពេល​បត់ជើងតូច​, មាន​ឈាម​នៅ​ក្នុង​ទឹកនោម ឬ មាន​បញ្ហា​ផ្សេង​ៗ​ទៀត ដូច​ជា​ត្រូវការ​ចូល​បន្ទប់ទឹក​ញឹកញាប់ ឬ មិនសូវ​ទាល់តែ​សោះ ទាំងនេះ​អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ប្លោក​នោម ឬ ក្រពេញ​ប្រូ​ស្តា​ត​។ អ្នក​ត្រូវ​តែ​ធ្វើការ​ពិភាក្សា​នូវ​អាកា​រៈ​ប្រែប្រួល​ទាំងនេះ ជាមួយនឹង​គ្រូពេទ្យ​អោយ​បាន​ច្បាស់លាស់​។
 
១០. មានការ​ប្រែប្រួល​ចំពោះ​ដំណើរការ​របស់​ពោះវៀន
ប្រសិនបើ​អ្នក​សម្គាល់​ឃើញ មានការ​ប្រែប្រួល​ចំពោះ​មុខងារ​របស់​ពោះវៀន ដូច​ជា មានការ​រាគ ឬ ទល់លាមក​ជាប់​ជា​ប្រចាំ វា​អាច​ជា​សញ្ញា​ដែល​អាច​ប្រាប់​អោយ​អ្នកដឹង​ថា អ្នក​កំពុង​មាន​ជំងឺមហារីក​ពោះវៀនធំ​។ ការ​ធ្វើការ​ឆ្លុះ​ពោះវៀន អោយ​បាន​ឆាប់ អាច​អោយ​អ្នកដឹង​ពី​បញ្ហា​នេះ ហើយ​វា​អាច​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​អ្នក​បាន​។
 
១១. មាន​របួស​ដែល​មិន​ព្រម​ជា
ប្រសិនបើ​អ្នក​មានការ​ឈឺចាប់ ឬ មាន​ស្នាម​របួស ដែល​ហាក់​នឹង​មិន​ងាយ​ជា​សះស្បើយ នោះ​អ្នក​គួរតែ ទៅ​អោយ​គ្រូពេទ្យ ធ្វើការ​ពិនិត្យ​វា​អោយ​បាន​ត្រឹមត្រូវ អោយ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​។ ការ​ឈឺចាប់​នៅ​ក្នុង​មាត់ អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​មាត់ ហើយ​ការ​ឈឺចាប់​នៅ​លើ​ស្បែក អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ស្បែក​បាន​ផង​ដែរ​។
 
១២. មានការ​ប្រែប្រួល​នៅ​លើ​ស្បែក
ប្រសិនបើ​អ្នក​សំគាល់​ឃើញ​មាននូវ​ការ​ប្រែប្រួល នៅ​លើ​ស្បែក ឬ នៅ​លើ​ស្នាម​ប្រជ្រុយ នោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ស្បែក ប្រភេទ​ម្យ៉ាង​ដែល​ត្រូវ​បាន​គេ​ហៅ​ថា melanoma ។
 
១៣. ស្នាម​ស​ៗ​នៅ​ក្នុង​មាត់
ចំពោះ​អ្នក​ដែល​ជក់បារី និង ប្រើ​ថ្នាំជក់ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សញ្ញា​មួយ​នេះ ។ ការ​ឈឺចាប់​នៅ​ក្នុង​មាត់ ឬ នៅ​លើ​អណ្តាត ដែល​មិន​ព្រម​បាត់​សោះ អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ក្រអូមមាត់​។ អ្នក​គួរ​ឆាប់​ទៅ​អោយ​គ្រូពេទ្យ ធ្វើការ​ពិនិត្យ​អោយ​បាន​ឆាប់រហ័ស ។
 
១៤. បំរែបំរួល​ខុស​ពី​ប្រក្រតី​ផ្សេង​ៗ​ទៀត
ប្រសិនបើ​អ្នក​សំគាល់​ឃើញ​មាន នូវ​ការ​ប្រែប្រួល​ចំពោះ​មុខងារ​ណាមួយ​នៅ​ក្នុង​រាង​កាយ ឬ អារម្មណ៍ នោះ​អ្នក​គួរតែ​ទៅ​អោយ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ ជា​ពិសេស ប្រសិនបើ​ការ​ប្រែប្រួល​នេះ នៅ​តែ​បន្ត​មាន ឬ កាន់តែ​អាក្រក់​ជាង​មុន​។ វា​មិនមែន​តែង​ជា​សញ្ញា​នៃ​ជំងឺមហារីក​ទាំង​អស់នោះ​ទេ ប៉ុន្តែ​រាល់​ការ​ប្រែប្រួល​សំខាន់​ណាមួយ​នេះ គួរតែ​ត្រូវ​បាន​ធ្វើការ​ពិនិត្យ និង តាមដាន​រក​ពី​មូលហេតុ​អោយ​បាន​ច្បាស់លាស់ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com