កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FIFA ចង់ឱ្យប្រទេសសមាជិក ដាក់ឈ្មោះកីឡដ្ឋានតាមលោក Pele ដើម្បីក្មេងជំនាន់ក្រោយស្គាល់
03, Jan 2023 , 8:29 pm        
រូបភាព
លោក Gianni Infantino ប្រធាន FIFA ក្នុងពិធីគោរពវិញ្ញាណក្ខនលោក Pele
លោក Gianni Infantino ប្រធាន FIFA ក្នុងពិធីគោរពវិញ្ញាណក្ខនលោក Pele
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ស្នើបណ្តាប្រទេសទាំងអស់ដែលជាសមាជិក ​FIFA ដាក់ឈ្មោះកីឡដ្ឋានណាមួយក្នុងប្រទេសពួកគេថា Pele ដើម្បីជាការរំលឹក និងឧទ្ទិសដល់វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele ដែលគេចាត់ទុកជាស្តេចបាល់ទាត់ពិភពលោក។


លោក Pele ដែលជាកីឡាករបាល់ទាត់តែម្នាក់ដែលបានឈ្នះពានរង្វាន់ World Cup ចំនួន៣លើក បានទទួលមរណភាពកាលពីសប្តាហ៍មុនក្នុងវ័យ ៨២ឆ្នាំ ដោយសារតែការវិវត្តធ្ងន់ធ្ងរនៃជំងឺមហារីក។ បន្ទាប់ពីការបាត់បង់លោក Pele ប្រទេសប្រេស៊ីលបានសម្រេចធ្វើបុណ្យជាតិរយៈពេល ៣ថ្ងៃសម្រាប់កាន់ទុក្ខដល់ស្តេចបាល់ទាត់រូបនេះ។
 
មឈូលរបស់លោក Pele ត្រូវបានដាក់ក្នុងទីលាននៃកីឡដ្ឋាន Urbano Caldeira របស់ក្លិប Santos ដែលជាទីលានក្លិបកំណើតរបស់លោកនាទីក្រុង Sao Paulo ដើម្បីឱ្យប្រជាជនប្រទេសស៊ីលបានចូលផ្តល់ការគោរព។ លោក Gianni Infantino ប្រធាន FIFA ក៏បានទៅចូលរួមគោរពវិញ្ញាណក្ខនលោក Pele នៅថ្ងៃទី២ ខែមករានោះដែរ។
 
ស្ថិតនៅកីឡដ្ឋានរបស់ក្លិប Santos ប្រធាន FIFA បាននិយាយទៅកាន់អ្នកកាសែតថា លោកនឹងសាកសួរទៅកាន់ប្រទេសសមាជិក FIFA ទាំងអស់នៅទូទាំងពិភពលោក ឱ្យយកកីឡដ្ឋានមួយដាក់ឈ្មោះតាមលោក Pele។
 
«យើងនឹងសាកសួរទៅកាន់ប្រទេសដែលជាសមាជិករបស់យើងទាំងអស់ យ៉ាងហោចណាស់ក៏មានកីឡដ្ឋានមួយដែលមានឈ្មោះដាក់តាមលោក Pele។ រឿងនេះនឹងកើតឡើង​ ដូច្នេះកុមារក្មេងៗនឹងអាចដឹងពីលោក Pele ថាមានសារៈសំខាន់យ៉ាងណាសម្រាប់កីឡាបាល់ទាត់មួយនេះ។»។ លោក Infantino បាននិយាយបែបនេះ។ 
 
ការដាក់ឈ្មោះកីឡដ្ឋានតាមឈ្មោះកីឡាករល្បីបំផុតលើលោក ដែលបង្កើតប្រវត្តិសាស្ត្រក្នុងបាល់ទាត់មិនមែនជារឿងចៃដន្យនោះទេ ព្រោះថាកីឡដ្ឋានមួយចំនួននៅតាមក្លិបធំៗតំបន់អឺរ៉ុបបានធ្វើរឿងនេះរួចទៅហើយ។ 
 
ឧទាហរណ៍ដូចជាកីឡដ្ឋានរបស់ក្រុម ​​SSC Napoli បានដាក់ឈ្មោះតាមលោក Diego Amando Maradona, កីឡដ្ឋានក្រុមជម្រើសជាតិហុងគ្រី Puskas Arena ដាក់ឈ្មោះតាមលោក Ferenc Puskas ដែលជាវីរបុរសបាល់ទាត់ពួកគេ និងកីឡដ្ឋានរបស់ក្រុម Ajax Amsterdam ក៏ដូចជាក្រុមជម្រើសជាតិហូឡង់ដាក់ឈ្មោះតាមលោក Johan Cruyff។ យ៉ាងណាមិញនៅមានកីឡដ្ឋានជាច្រើនបន្ថែមទៀតដែលបានដាក់ឈ្មោះតាមកីឡាករល្បីៗតាមប្រទេសពួកគេនីមួយៗ៕
 
 

Tag:
 FIFA
  Gianni Infantino
  Pele
© រក្សាសិទ្ធិដោយ thmeythmey.com