ជាតិ
សង្គមជាតិ
សាលាឈ្មោះ “សម្តេច ហ៊ុន សែន” នៅប្រទេសម៉ាលី ក្លាយជាគ្រឹះស្ថានអប់រំដ៏លេចធ្លោមួយ
04, Jan 2023 , 8:59 am        
រូបភាព
ម៉ាលី ដែល​ស្ថិតនៅអាហ្វ្រិក​ខាងលិច និងចម្ងាយ​ជាង​១ម៉ឺន​គីឡូម៉ែត្រពី​កម្ពុជា មាន​សាលា​សម្តេច ហ៊ុន សែន? មិនច្រឡំនោះឡើយ ពិតជាមានមែន។ ហៅជាភាសាបារាំងថា «Complexe Scolaire SAMDECH HUN SEN» គ្រឹះស្ថានសិក្សាដែលភ្ជាប់ឈ្មោះប្រមុខរដ្ឋាភិបាលកម្ពុជាមួយនេះ ស្ថិតនៅក្រុងបាម៉ាកូ ហើយកំពុងតែដើរតួនាទីសំខាន់ក្នុងវិស័យអប់រំនៅម៉ាលី ចាប់តាំងពីឆ្នាំ២០១៤មក។
 
ផ្តួចផ្តើមឡើងដោយលោកស្រី Eva Mysliwiec សាលា Complexe Scolaire Samdech HUN SEN (CSSHS) គឺជាផ្លែផ្កានៃគម្រោងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង រវាងកម្ពុជា និងម៉ាលី។ លោកស្រី Eva ជនជាតិអាម៉េរិក គឺជាអ្នកជំនាញអភិវឌ្ឍន៍ និងសហគ្រិនសង្គមដ៏ល្បីល្បាញមួយរូប ដែលបានបំពេញការងារពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១១។ ក្នុងរយៈពេល៣០ឆ្នាំនៅកម្ពុជា លោកស្រីបានបង្កើតអង្គការមួយចំនួន ជាពិសេសវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងអង្គការយុវតារាកម្ពុជា (Youth Star Cambodia) ដែលបានរួមចំណែកយ៉ាងផុសផុលឲ្យមានចលនាយុវជនស្ម័គ្រចិត្តនៅតាមសហគមន៍។

អានអត្ថបទជាភាសាអង់គ្លេសនៅលើ Cambodianess (The Samdech Hun Sen School Complex in Bamako: a Story of Aid and Partnership between Mali and Cambodia)
 
 
លោកស្រី Eva Mysliwiec នាពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ នាអំឡុងវត្តមានលោកស្រីនៅភ្នំពេញ កាលពីថ្ងៃទី​២៩ ខែធ្នូ កន្លងមក។ រូបថត Nicolo Tissier 

មកដល់កម្ពុជាដំបូងកាលពីដើមទសវត្សរ៍៨០ លោកស្រី Eva មានគម្រោងបំពេញការងារតែ៣ខែប៉ុណ្ណោះ ប៉ុន្តែទីបំផុតគាត់បានរស់នៅរហូតដល់៣០ឆ្នាំក្នុងព្រះរាជាណាចក្រនៃស្នាមញញឹមមួយនេះ។ ក្នុងជំនួបជាមួយសារព័ត៌មានថ្មីៗ នាឱកាសដែលលោកស្រីបានមកកាន់រាជធានីភ្នំពេញកាលពីចុងខែធ្នូ លោកស្រីបានរំលឹកពីការតាំងចិត្តរបស់លោកស្រីក្នុងការរួមចំណែកអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កើតអង្គការក្រៅរដ្ឋាភិបាល ពោលគឺការបង្កើត CDRI កាលពីឆ្នាំ១៩៩១ និងអង្គការយុវតារាកម្ពុជានៅឆ្នាំ២០០៥។
 
ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង
នៅឆ្នាំ២០១២ លោកស្រី Eva បានវិលត្រឡប់ទៅគម្រោងដើមរបស់ខ្លួនវិញ មុនពេលមកកាន់កម្ពុជា នោះ គឺការលើកកម្ពស់ក្មេងស្រីក្នុងវិស័យអប់រំនៅប្រទេសម៉ាលី។ លោកស្រីបានលើកឡើងពីគម្រោងសាលារៀននៅក្នុងក្រុងបាម៉ាកូ ហើយបានប្រាប់ទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មិនមានបញ្ហាអ្វីនោះឡើយ ដោយសារទំនាក់ទំនងដ៏ល្អ ប្រមុខរដ្ឋាភិបាលកម្ពុជា បានគាំទ្រភ្លាមៗចំពោះគំនិតផ្តួចផ្តើមនេះ។
 
សាលា CSSHS ដែលមានទីតាំងលើផ្ទៃដី១ហិកតានៅក្រុងបាម៉ាកូ ត្រូវបានសម្ពោធកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្រោមអធិបតីភាពរដ្ឋមន្ត្រីអប់រំ យុវជន និងកីឡាកម្ពុជា លោក ហង់ ជួនណារ៉ុន និងរដ្ឋមន្ត្រីក្រសួងអប់រំជាតិម៉ាលី លោកស្រី Togola Jacqueline Marie Nana ដែលតំណាងឲ្យប្រមុខរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន។
 
លោកស្រី Eva ដែលទទួលបានសញ្ជាតិខ្មែរផងដែរនោះ បានបញ្ជាក់ថា៖ «សម្តេច ហ៊ុន សែន មានសុច្ឆន្ទៈក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សាលា ដោយសម្តេចសម្តែងការរីករាយក្នុងការជួយដល់អ្នកដទៃ ជាពិសេសលើការពង្រឹងវិស័យអប់រំ»។
 
ផ្តើមឡើងពីសិស្សត្រឹម៦០នាក់នៅកម្រិតបឋម បច្ចុប្បន្ន សាលារៀនសម្តេច ហ៊ុន សែននៅក្រុងបាម៉ាកូ កើនឡើងដល់សិស្ស៤៤០នាក់ និងឈានដល់កម្រិតមធ្យមសិក្សា។ «ហើយ ៥១ភាគរយក្នុងចំណោមសិស្សទាំងនោះ គឺជាក្មេងស្រី»។ អ្នកស្រី Eva អះអាងដោយភាពរីករាយ។
 
 

ជំនួយពីកម្ពុជាភាគច្រើន ត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់អគារ ហើយបច្ចុប្បន្ន សាលាបានក្លាយជាគ្រឹះស្ថានឯកជន ដែលអាចដំណើរការដោយខ្លួនឯង ដោយមិនពឹងផ្អែកលើជំនួយទៀតនោះឡើយ។ លោកស្រី Eva រៀបរាប់ថា៖ «យើងមានមោទកភាពដែលអាចទៅមុខដោយខ្លួនឯងចាប់តាំងពីឆ្នាំ២០១៨មក។ យើងមិនពឹងផ្អែកលើអង្គការណាមួយឡើយ យើងមានដៃគូភាគហ៊ុន ដែលអាចដោះស្រាយបានលើការចំណាយ»។
 
បើតាមស្ថាបនិក និងជាប្រធានអគ្គនាយិការូបនេះ សាលា CSSHS ជាគ្រឹះស្ថានឯកជន ដូច្នេះគ្មានអ្វីដែលមិនគិតថ្លៃនោះឡើយ។ «យើងត្រូវការរ៉ាប់រងការចំណាយរបស់យើង ប៉ុន្តែយើងរក្សាតម្លៃក្នុងកម្រិតដែលអាចទទួលយកបាន។ មានការបញ្ចុះតម្លៃសម្រាប់គ្រួសារដែលមានកូនចាប់ពី៣នាក់ ហើយក៏មានការផ្តល់អាហារូបករណ៍ទៅដល់សិស្សស្រីដែលគ្មានលទ្ធភាពមួយចំនួនផងដែរ»។ នេះជាការបញ្ជាក់របស់លោកស្រី Eva។
 
រៀងរាល់ព្រឹក ទង់ជាតិពីរត្រូវបានបង្ហូតឡើង ដោយមួយជាទង់ជាតិម៉ាលី និងមួយទៀតជាទង់ជាតិកម្ពុជា។ ស្ថាបនិកសាលា បានអះអាងថា កម្ពុជាគឺជាផ្នែកដ៏សំខាន់សម្រាប់សាលា ដោយរៀងរាល់ឆ្នាំសិស្សទាំងអស់ត្រូវសិក្សាមេរៀនជាក់លាក់មួយអំពីប្រវត្តិសាស្ត្រកម្ពុជា។
 
 
 
តើអ្វីជាចំណុចរួមរវាងកម្ពុជា និងម៉ាលីដែលស្ថិតនៅអាហ្វ្រិកខាងលិច? លោកស្រី Eva បានប្រៀបធៀបថា ប្រទេសទាំងពីរជាប្រទេសកសិកម្ម និងនាំចេញកសិផល ហើយក៏ធ្លាប់ជាអាណាចក្រដ៏ធំកាលពីអតីតកាលដូចគ្នា។ សិស្សនៅសាលា CSSHS សុទ្ធតែដឹងអំពីកម្ពុជា ហើយពួកគេក៏តែងតែកែតម្រូវឪពុកម្តាយរបស់ខ្លួនផងដែរនៅពេលដែលពួកគាត់ហៅពាក្យ «សម្តេច» មិនត្រឹមត្រូវ។
 
កម្មវិធីសិក្សានៅសាលា Complexe Scolaire SAMDECH HUN SEN គឺប្រើប្រាស់ភាសាបារាំងជាមូលដ្ឋានរួម ខណៈសិស្សមានប្រភពមកពីសហគមន៍ជនជាតិដើមភាគច្រើនផ្សេងៗគ្នានៅទូទាំងប្រទេស។ «គោលដៅរបស់សាលា គឺផ្តល់ឲ្យកុមារនូវគ្រឹះដ៏ល្អ និងរឹងមាំមួយ។ យើងចង់កសាងធនធានពលរដ្ឋប្រកបដោយឧត្តមគតិ ដោយពួកគេនឹងផ្តល់ផលវិជ្ជមានត្រឡប់ទៅវិញសម្រាប់សង្គមជាតិរបស់ពួកគេ»។
 
កម្មវិធីរដ្ឋាភិបាលកុមារ
ដើម្បីឈានដល់ការកសាងធនធានគំរូ សាលាបានអនុវត្តកម្មវិធី «រដ្ឋាភិបាលកុមារ» (Gouvernement des Enfants- G.D.E) ដោយជារៀងរាល់ឆ្នាំ បណ្តាសិស្សនាំគ្នាបោះឆ្នោតរើសនាយករដ្ឋមន្ត្រី និងបណ្តារដ្ឋមន្ត្រីប្រចាំសាលា ក្នុងនោះមានដូចជា រដ្ឋមន្ត្រីកីឡា រដ្ឋមន្ត្រីសុខាភិបាល រដ្ឋមន្ត្រីវប្បធម៌ រដ្ឋមន្ត្រីបរិស្ថាន រដ្ឋមន្ត្រីអប់រំ និងរដ្ឋមន្ត្រីសាមគ្គីភាព។
 

តំណាង​រដ្ឋាភិបាលកុមារ កាលពី​ឆ្នាំកន្លងមក

ទាក់ទងនឹងកម្មវិធីនេះ លោកស្រី Eva បានអះអាងថា នាយករដ្ឋមន្ត្រី និងបណ្តារដ្ឋមន្ត្រីនៃរដ្ឋាភិបាលកុមារ ចេះរៀបចំ និងចាត់ចែងគម្រោងដោយខ្លួនឯង ទាំងសកម្មភាពក្នុងសាលា និងក្នុងសហគមន៍។ នេះជាផ្នែកមួយដែលឲ្យពួកគេបានរៀនសូត្រអំពីប្រជាធិបតេយ្យ និងយល់ដឹងអំពីការងាររបស់ថ្នាក់ដឹកនាំ។
 
វត្តមានរយៈពេល៩ឆ្នាំក្នុងវិស័យអប់រំនៅម៉ាលី ជាពិសេសនៅក្នុងរដ្ឋធានីបាម៉ាកូ សាលាដែលដាក់ឈ្មោះសម្តេច ហ៊ុន សែន មួយនេះ ត្រូវបានទទួលស្គាល់ជាសាលាប្រកបដោយគុណភាព និងមានកិត្តិនាមល្បីល្បាញ។ សិស្ស CSSHS ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនពីការប្រកួតប្រជែងថ្នាក់ជាតិផងដែរ។
 
បន្ថែមពីលើនេះ សិស្សមួយចំនួនពីសាលាសម្តេច ហ៊ុន សែន នៅបាម៉ាកូ ក៏ទទួលបានអាហារូបករណ៍ទៅសិក្សាបន្តនៅបរទេស ដូចជាសហរដ្ឋអាម៉េរិក កាណាដា និងម៉ារ៉ុក ជាដើម។
 
មិត្តរបស់សាលា
នៅក្នុងគេហទំព័ររបស់ខ្លួន សាលា CSSHS បានអរគុណជាពិសេសដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការជ្រោមជ្រែងក្នុងភាពជាដៃគូ ចាប់តាំងពីដំណាក់កាលចាប់ផ្តើម។ ក្រៅពីទំនាក់ទំនងជាមួយដៃគូក្នុងស្រុក និងអន្តរជាតិនានា សាលាមួយនេះ ក៏តែងតែស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់មិត្តពីកម្ពុជាផងដែរ។
 
 
Complexe Scolaire Samdech Hun Sen តែងតែទទួលស្វាគមន៍​យ៉ាងកក់ក្តៅសម្រាប់ភ្ញៀវពីកម្ពុជា

«យើងតែងតែណែនាំសិស្សឲ្យស្គាល់ពលរដ្ឋខ្មែរ ជាពិសេសក្រុមមន្ត្រីកងកម្លាំងរក្សាសន្តិភាពកម្ពុជានៅម៉ាលី [MINUSMA]»។ លោកស្រី Eva បានបញ្ជាក់យ៉ាងដូច្នេះ ហើយក៏រំពឹងមានដំណើរទស្សនកិច្ចផ្លាស់ប្តូរការសិក្សាក្នុងក្របខណ្ឌសាលា CSSHS ជាមួយបណ្តាសាលានៅកម្ពុជាផងដែរ។
 
ឆ្លងកាត់បទពិសោធន៍៣០ឆ្នាំនៅកម្ពុជា លោកស្រី Eva វាយតម្លៃថា យុវជនខ្មែរមានការរីកចម្រើនទៅមុខដ៏គួរឲ្យកត់សម្គាល់ ហើយបន្តរំពឹងជានិច្ចចំពោះការបោះជំហានទៅមុខរបស់យុវជនម៉ាលី។ លោកស្រីថា ការកសាងធនធានមនុស្សគឺពិតជាត្រូវការពេលវេលា៕
 








ប្រភពរូបថតពីទំព័រហ្វេសប៊ុក
COMPLEXE SCOLAIRE SAMDECH HUN SEN

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com