កីឡាអន្តរជាតិ
អន្តរជាតិ
Newcastle រក្សាភាពមិនចាញ់១៣ប្រកួតជាប់គ្នា ក្រោយស្មើក្រុមកំពូលតារាង Arsenal
04, Jan 2023 , 11:59 am        
រូបភាព
Newcastle United មិនទាន់ស្គាល់បរាជ័យឡើយក្នុងការប្រកួត១៣លើកចុងក្រោយ ក្នុងក្របខណ្ឌ Premier League បន្ទាប់ពីស្មើ Arsenal ០-០ ក្នុងជំនួបសប្តាហ៍ទី១៨របស់ខ្លួននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។


ក្រុមរហស្សនាមសារិកាព្រៃ បានបង្ហាញភាពលេចធ្លោខ្លាំងនៅរដូវកាល២០២២-២៣នេះ ក្រោយពួកគេនាំចូលកីឡាករមានទេពកោសល្យមួយចំនួន បន្ទាប់ពីមានម្ចាស់ថ្មីដែលសម្បូរទ្រព្យចូលទៅកាន់កាប់។ 
 
ក្រោយស្មើក្រុមកំពូលតារាង Arsenal ក្នុងលទ្ធផល ០-០ Newcastle បានរក្សាការប្រកួតមិនចាញ់សោះក្នុង១៣ប្រកួតចុងក្រោយ។ ចំណោម១៣ប្រកួតនេះ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Eddie Howe ឈ្នះ៨លើក និងស្មើ៥។ បើគិតទាំងការប្រកួតទាំង១៨លើកក្នុងលីគរដូវកាលនេះ Newcastle ចាញ់តែមួយលើកគត់ ក្រៅពីនោះឈ្នះ៩ និងស្មើ៨។
 
Newcastle សព្វថ្ងៃស្ថិតនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយតាមពីក្រោយក្រុមលេខ២ Manchester City ដែលប្រកួត១៦លើក ចំនួន១ពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាង Arsenal ដែលប្រកួត១៧លើក ចំនួន៩ពិន្ទុ។
 
ដោយឡែក Manchester United ក្រោយយកឈ្នះ AFC Bournemouth ៣-០ បានកើនពិន្ទុដល់៣៥ពិន្ទុពីការប្រកួត១៧លើក ឈរនៅចំណាត់ថ្នាក់ទី៤ដដែល។ Man Utd ស្មើពិន្ទុ Newcastle ដោយចាញ់តែសំណល់គ្រាប់ស៊ុតប៉ុណ្ណោះ។
 
លទ្ធផលប្រកួតរបស់ក្រុមដទៃទៀត Everton ឈ្នះ Brighton & Hove Albion ១-៤ និង Fulham ឈ្នហ Leicester City ១-០៕ 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com