កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយឈ្នះគ្រប់យ៉ាងនៅអឺរ៉ុប Ronaldo ចង់បានការប្រកួតប្រជែងថ្មីនៅអាស៊ីជាមួយ Al Nassr
04, Jan 2023 , 4:09 pm        
រូបភាព
បង្ហាញខ្លួនលើកដំបូងជាកមួយក្លិបថ្មី ​Al Nassr ខ្សែប្រយុទ្ធ Cristiano Ronaldo នៅថ្ងៃទី៣ ខែមករា និយាយចំពោះមុខអ្នកកាសែតថា ការងាររបស់ខ្លួននៅអឺរ៉ុបបានសម្រេចរួចរាល់អស់ហើយ។ Ronaldo ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ដើម្បីទទួលបានការប្រកួតប្រជែងថ្មីនៅតំបន់អាស៊ី និងជួយអភិវឌ្ឍបាល់ទាត់អារ៉ាប៊ីសាអូឌីត។


Ronaldo បានផ្លាស់ទៅកាន់ក្លិបថ្មី Al Nassr ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយរូបគេបានចែកផ្លូវជាមួយក្រុមបិសាចក្រហម Manchester United កាលពីខែវិច្ឆិកាដោយសារបញ្ហារកាំរកូសក្នុងរដូវកាលថ្មីនេះ។ ចូលរួមជាមួយក្រុម Al Nassr កាលពីសប្តាហ៍មុនជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ អតីតខ្សែប្រយុទ្ធ Real Madrid នឹងទទួលបានថ្លៃពលកម្មប្រមាណ ២១៣លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
  


ក្នុងសន្និសីទកាសែតលើកដំបូងក្នុងថ្ងៃបង្ហាញខ្លួនឱ្យ Al Nassr តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់បាននិយាយថា ការងាររបស់ខ្លួននៅអឺរ៉ុបសម្រេចអស់ហើយ ហើយការទៅដល់ទឹកដីអារ៉ាប់ ដើម្បីទទួលបានការប្រកួតប្រជែងថ្មី​​​ជាមួយក្លិប Al Nassr។ 
 
បន្ទាប់ពីបង្ហាញចំណាប់អារម្មណ៍ក្នុងសន្និសីទកាសែតរួច Ronaldo ក៏បង្ហាញខ្លួនលើកដំបូងចំពោះមុខអ្នកគាំទ្រជាង ២ម៉ឺននាក់នាកីឡដ្ឋាន Mrsool Park រួមទាំងមិត្តរួមក្រុមថ្មីរបស់ Al Nassr។ តារាបាល់ទាត់ឆ្នើមវ័យ ៣៧ឆ្នាំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមថ្មី។ 
 
«ខ្ញុំបានឈ្នះអ្វីគ្រប់យ៉ាង ខ្ញុំបានលេងឱ្យក្រុមសំខាន់ៗនៅតំបន់អឺរ៉ុប ហើយពេលនេះវាគឺជាការប្រកួតប្រជែងថ្មីមួយជាមួយ Al Nassr ក្នុងតំបន់អាស៊ី ខ្ញុំពិតជាចង់អរគុណដល់ Al Nassr ដែលបានផ្តល់ឱកាសដល់ខ្ញុំដើម្បីជួយអភិវឌ្ឍបាល់ទាត់សម្រាប់ស្រទាប់យុវវ័យជំនាន់ក្រោយ និងសម្រាប់បាល់ទាត់នារីដែរ។ សម្រាប់ខ្ញុំវាគឺជាការប្រកួតប្រជែងថ្មី តែខ្ញុំក៏ទទួលបានអារម្មណ៍សប្បាយចិត្តនិងមានមោទកភាព។ ខ្ញុំនិងគ្រួសារ ពិតជាចង់អរគុណចំពោះអ្នកទាំងអស់គ្នាដែលបានគាំទ្រនិងការស្វាគមន៍ដ៏កក់ក្តៅ។ យើងនឹងផ្តល់អ្វីគ្រប់យ៉ាងដែលយើងអាចធ្វើទៅកាន់។»។ ម្ចាស់ពាន Ballon d’Or ៥សម័យបាននិយាយបែបនេះ។
 
ដើម្បីឆ្លើយតបចំពោះសំនួរដែលទាក់ទងទៅនឹងការរិះគន់ដែលថារូបគេបានសម្រេចចិត្តមកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត Ronaldo និយាយថារូបគេមានអារម្មណ៍ធម្មតាចំពោះការរិះគន់ ព្រោះអ្នកទាំងនោះគិតខ្លួនជាកីឡាករម្នាក់ដែលពិសេស។ 
 
លើសពីនេះតារាឆ្នើមរបស់ព័រទុយហ្កាល់ក៏បានបង្ហើបបន្ថែមដែរថា មុនពេលគេសម្រេចចិត្តទៅកាន់ក្លិប Al Nassr គេទទួលបានឱកាសជាច្រើនពីបណ្តាក្លិបធំៗតំបន់អឺរ៉ុប ប្រេស៊ីល អូស្ត្រាលី អាម៉េរិក និងព័រទុយហ្កាល់ ប៉ុន្តែចិត្តគំនិតរបស់ Ronaldo ចង់ជួយអភិវឌ្ឍបាល់ទាត់ និងរឿងរ៉ាវផ្សេងៗក្រៅពីបាល់ទាត់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕
 
 
 

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com