ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ តស៊ូនឹងបក្សកាន់អំណាច ដល់តុលាការកំពូល
04, Jan 2023 , 4:39 pm        
រូបភាព
លោក សុន ឆ័យ ថ្លែងក្នុងពិធីរម្លឹកខួប២៧ឆ្នាំនៃកំណើតគណបក្សភ្លើងទៀន។ រូបពីវីដេអូរបស់គណបក្សភ្លើងទៀន
លោក សុន ឆ័យ ថ្លែងក្នុងពិធីរម្លឹកខួប២៧ឆ្នាំនៃកំណើតគណបក្សភ្លើងទៀន។ រូបពីវីដេអូរបស់គណបក្សភ្លើងទៀន
ទោះចាញ់២ដងរួចមកហើយក្តី តែលោក សុន ឆ័យ នៅតែបន្តការតទល់ជាមួយបក្សកាន់អំណាច រហូតដល់តុលាការកំពូល ដែលជាដំណាក់កាលចុងក្រោយនៃប្រព័ន្ធតុលាការ។


លោក ជូង ជូងី មេធាវីរបស់លោក សុន ឆ័យ អនុប្រធនគណបក្សភ្លើងទៀន បានដាក់បណ្តឹងសាទុក្ខទៅកាន់តុលាការកំពូលរួចហើយ។ លោក បានបង្ហោះពាក្យបណ្តឹងសាទុក្ខលើទំព័រហ្វេសប៊ុករបស់លោក ទុកជាការជូនដំណឹងដល់សាធារណជន។
 
លោកមេធាវី មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទបានខ្លីប៉ុណ្ណោះថា លោក ដាក់បណ្តឹងសាទុក្ខនេះ ទៅតុលាការកំពូល កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ហើយប្រព័ន្ធទូរស័ព្ទ ក៏ដាច់បាត់ទៅ។ បណ្តឹងរបស់លោកមេធាវី បញ្ជាក់ថា បណ្តឹងសាទុក្ខនេះ គឺប្តឹងសាទុក្ខនឹងសាលដីការបស់សាលាឧទ្ធរណ៍។
 
កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ បានចេញសាលដីកា ដោយសម្រេចឲ្យលោក សុន ឆ័យ ចាញ់គណបក្សប្រជាជនកម្ពុជា ដូចការសម្រេចរបស់តុលាការភ្នំពេញដែរ។ មិនត្រឹមតែប៉ុណ្ណោះ សាលាឧទ្ធរណ៍ ថែមទាំងសម្រេចឲ្យលោក បង់ប្រាក់កាន់តែច្រើនជាងមុន ទៅគណបក្សប្រជាជនកម្ពុជា។
 
សាលក្រមរបស់តុលាការភ្នំពេញ កាលពីដើមខែតុលា ឆ្នាំ២០២២ កំណត់ឲ្យលោក សុន ឆ័យ បង់ប្រាក់ត្រឹមតែជាង៧,៣សែនដុល្លារ តែសាលដីការបស់សាលាឧទ្ធរណ៍ បានកំណត់ឲ្យអនុប្រធានគណបក្សភ្លើងទៀនរូបនេះ បង់ប្រាក់ដល់ជាង៩,៧សែនដុល្លារ គឺកើតជាង២សែនតុលាការទៀត ដល់គណបក្សប្រជាជនកម្ពុជា។  
 
នៅអំឡុងខែនៅខែវិច្ឆិកា ឆ្នាំ២០២២ តុលាការភ្នំពេញ បានចេញដីកា១ដោយឡែក ស្តីពីការរឹបអូសយកដីនិងអគារ២កន្លែងរបស់លោកជាបណ្តោះអាសន្ន ដោយ១កន្លែង នៅរាជធានីភ្នំពេញ និង១កន្លែង នៅខេត្តសៀមរាប។ តុលាការ សំអាងហេតុផលថា ការរឹបអូសយកដីនិងអគាររបស់លោកជាបណ្តោះអាសន្ន ដោយសារលោក គ្មានឆន្ទៈបង់ប្រាក់ទៅគណបក្សប្រជាជនកម្ពុជា។ 
 
សូមរម្លឹករឿងរ៉ាវខាងលើថា លោក សុន ឆ័យ ត្រូវគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្តឹង ដោយសារលោក និយាយជាមួយសារព័ត៌មានថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ស្ថិតក្រោមការគ្រប់គ្រងស្ទើរទាំងស្រុងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោត មានការលួចបន្លំ៕
 

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com