ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អំពើហិង្សាក្នុងគ្រួសារនៅឃុំអន្សាចំបក់ ថយចុះក្រោយ​អាជ្ញាធរ​មានចំណាត់ការតឹងរឹង​
04, Jan 2023 , 5:59 pm        
រូបភាព
ដោយ៖ ឃឿន លីហួរ (យុវជនឃុំអន្សាចំបក់)
 
​ស្រុកក្រគរ, ពោធិ៍សាត់ ៖ អំពើហិង្សាក្នុងគ្រួសារ នៅមូលដ្ឋានឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយអាជ្ញាធរដាក់វិធានការរឹតបន្តឹង។ នៅឆ្នាំ ២០​២២នេះ អំពើហិង្សាក្នុងគ្រួសារ កើតឡើង រង្វង់ ១០ទៅ ២០ករណីប៉ុណ្ណោះ ​ថយចុះយ៉ាងច្រើនគួរឱ្យកត់សម្គាល់បើធៀបនឹងកាលពីប្រមាណ ៥ឆ្នាំមុន ដែលករណីនេះ កើតមានដល់ ៦០ទៅ ៧០ករណីឯណោះក្នុងមួយឆ្នាំ។ បទល្មើសហិង្សាក្នុងគ្រួសារ ភាគច្រើន កើតចេញពីការប្រើប្រាស់គ្រឿងស្រវឹង និងសារធាតុញៀន។ 
 
នាយប៉ុស្តិ៍នគរបាលអន្សាចំបក់ លោក ថេត សុវត្ថធី បានលើកឡើងថា ពីមួយឆ្នាំ ទៅមួយឆ្នាំ បទល្មើសហិង្សាក្នុងគ្រួសារ បានថយចុះជាលំដាប់ ក្រោយលោក និងអាជ្ញាធរ ភូមិ ឃុំ សហការគ្នា​ អនុវត្តវិធានការតឹងរឹង។ ជានិច្ចកាល លោកបានជំរុញការផ្សព្វផ្សាយ «លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ» ដល់ពលរដ្ឋ ជាពិសេសសម្របសម្រួលឱ្យពួកគេ ដោះស្រាយទំ​នាស់ក្រៅប្រព័ន្ធតុលាការ។ 
 
លោក ថេត សុវត្ថធី ប្រាប់ដូច្នេះថា៖«ពាក្យថា អំពើហិង្សាហ្នឹង វាបានចែកក្នុងច្បាប់រួចស្រេចហើយ។ អ៊ីចឹងយើងយកតែច្បាប់ ទៅពន្យល់គាត់ ហើយយើងតែងណែនាំគាត់ថា ការឈ្លោះវាមិនចំណេញនោះទេ។ ករណីហិង្សានេះ យើងអាចសម្របសម្រួលក្នុងប៉ុស្តិ៍ហ្នឹង បានរហូតដល់ ៩៩ ភាគរយឯណោះ មានន័យថា យើងដោះស្រាយក្រៅប្រព័ន្ធ ព្រោះយើងអត់ចង់ឱ្យវែងឆ្ងាយដល់ តុលាការអីនោះទេ»។ 
 
អំពើហិង្សាក្នុងគ្រួសារ គឺជាជម្លោះ ឬការបំពាន ដែលកើតចេញរវាងមនុស្សពីរនាក់ ដែលមានទំនាក់ទំទងជិតស្និទ្ធ ដូចជាប្ដីប្រពន្ធ ឪពុកម្ដាយ និងកូននៅក្នុងបន្ទុកគ្រួសារជាដើម។ អំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារ ការប្រើប្រាស់គ្រឿងស្រវឹង សារធាតុញៀន ឬមកពីកម្រិតនៃការអប់រំទាបជាដើម ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ ស្រ្តី កុមារ សង្គមជាតិ និងសេដ្ឋកិច្ចគ្រួសារ។
 
លោក ថេត សុវត្ថធី បានត្អូញត្អែរថា នៅពេលចុះទៅបង្រ្កាបបទល្មើសហិង្សាក្នុងគ្រួសារ តែងតែជួបការលំបាក ដោយសារជនបង្កមួយចំនួនតូច អាចបង្ករបួសស្នាមដល់សមត្ថកិច្ច។ ថ្វីដ្បិត ជាមួយការលំបាក ប៉ុន្តែនាយប៉ុស្តិ៍រូបនេះ តាំងចិត្តណែនាំ និងដាក់វិធានការតឹងរឹង ដើម្បីធ្វើយ៉ាងណាលុបបំបាត់ អំពើហិង្សាក្នុងសហគមន៍។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 អំពើហិង្សា
  សន្តិសុខសង្គម
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com