ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អំពើចោរកម្មក្នុងឃុំអន្សាចំបក់កើនឡើង ខណៈមុខសញ្ញាជាក្រុមមនុស្សមកពីតំ​បន់ផ្សេង
05, Jan 2023 , 8:59 am        
រូបភាព
ដោយ៖ ឡំ សេងហុង (យុវជនអន្សាចំបក់) 

ស្រុកក្រគរ, ពោធិ៍សាត់ ៖ ​ករណីចោរកម្មនៅក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំ២០២២ដោយសារការធ្វេសប្រហែលរបស់ប្រជាពលរដ្ឋ។ ចំពោះមុខសញ្ញាដែលធ្វើសកម្មភាពខុសច្បាប់នេះ ត្រូវបាននាយប៉ុស្តិ៍នគរបាលអន្សាចំបក់​អះអាងថា ជាក្រុមមនុស្សមកពីតំបន់ផ្សេង ហើយអាជ្ញាធរ ពិបាកក្នុងការកំណត់មុខសញ្ញានិងបង្ក្រាប។
លោក ថេត សុវត្ថធី ប្រាប់ដូច្នេះថា៖« យើងមើលឃើញថា សកម្មភាពចោរកម្ម ដែលកើតឡើង វាស្ដែងចេញពីការធ្វេសប្រហែស របស់ម្ចាស់ទ្រព្យ សឹងតែ ៩៥ភាគរយ។ អ្នកខ្លះទុកម៉ូតចោល។ ហើយខ្លះ អូសចូលបន្ទប់ដែរ តែអត់ចាក់សោ។ អ៊ីចឹង វាធ្វើឱ្យចោរហ្នឹង ងាយស្រួលលួច។ ម្យ៉ាងទៀត ក្រុមអ្នកប្រព្រឹត្ត សុទ្ធតែមកពីខាងក្រៅទាំងអស់។ អ៊ីចឹង ធ្វើឱ្យសមត្ថកិច្ចវាយតម្លៃមុខសញ្ញានៃការបង្រ្កាបយឺតយ៉ាវ»។ 
 
យ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០២២ដដែល​ អាជ្ញាធរឃុំអន្សាចំបក់ ក៏បាន​​បង្រ្កាបបទល្មើសចោរកម្ម បានចំនួន៦ករណី​ដែរ។
 
សម្រាប់​ នាយប៉ុស្តិ៍នគរបាលអន្សាចំបក់ បញ្ហាចោរកម្មនេះ បានគំរាមកំហែងយ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋក្នុងឃុំរបស់ខ្លួន។ នៅចំពោះមុខបញ្ហានេះ ប៉ុស្តិ៍នគរបាលអន្សាចំបក់ បានពង្រឹងការផ្សព្វផ្សាយដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងទុកដាក់របស់ ទ្រព្យសម្បត្តិ ឱ្យបានត្រឹមត្រូវ ជៀសវាងការធ្វេសប្រហែស។ ទន្ទឹមនឹងនេះ ប៉ុស្តិ៍នគរបាលឃុំអន្សាចំបក់ ក៏នឹងបង្កើនការយាមល្បាត នៅពេលយប់បន្ថែមដែរ ដើម្បីបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនពលរដ្ឋ បើទោះជាប៉ុស្តិ៍នៅមានកង្វះខាតកម្លាំងមន្ត្រីក៏ដោយ៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ

(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ប៉ុស្តិ៍នគរបាលអន្សាចំបក់
  ចោរកម្ម
  សុវត្ថិភាព
  សន្តិសុខ
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com