ជាតិ
ក្រសួង​មហាផ្ទៃ បង្កើត​ភូមិ​ថ្មីចំនួន ១៥ភូមិ ក្នុង​ខេត្ត​ពោធិ៍សាត់
05, Jan 2023 , 6:59 pm        
រូបភាព
 រូបភាពរដ្ឋបាលខេត្តពោធិ៍សាត់
រូបភាពរដ្ឋបាលខេត្តពោធិ៍សាត់
ភ្នំពេញ៖​ ក្រសួង​មហាផ្ទៃ បាន​បង្កើត​​ភូមិ​ថ្មី​ចំនួន ១៥​ភូមិ​បន្ថែម​ទៀត ក្នុង​មូលដ្ឋានខេត្ត​ពោធិ៍សាត់។ ការ​បង្កើត​ភូមិនេះ ធ្វើឡើងតាម​សំណើ​របស់រដ្ឋបាលខេត្ត​ពោធិ៍សាត់។​ ​​នេះបើតាម​ប្រកាស​ដែល​ចុះ​ហត្ថលេខា​ដោយសម្ដេច​​ ស ខេង កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ​២០២២។


ក្នុង​ក្រុង​ពោធិ៍សាត់ មាន​​ភូមិ​ថ្មីចំនួន ៧ភូមិ រួម​មាន​ភូមិ​បរវង្ស, ភូមិ​ផ្ទះ​ព្រៃ, ភូមិ​សំពៅ​មាស, ​ភូមិ​ចំការ​ចេក, ភូមិ​ថ្ម​បី​ដុំ, ភូមិ​អូរត្រាវ និង​ភូមិ​ឈើ​ទាល​រូង។ ភូមិ​បរវង្ស ជា​ភូមិ​ថ្មី ដែល​​បំបែក​​ចេញ​ពី​ភូមិ​ទួល​គ្រួស​ នៃ​សង្កាត់​ចំរើន​ផល​ ក្រុង​ពោធិ៍សាត់។ 
  


ចំណែក ភូមិ​ផ្ទះ​ព្រៃ ត្រូវ​បាន​បំបែក​ចេញ​​ពី​ភូមិ​ពាល​ញែក​១, ភូមិ​សំពៅ​មាស ​បំបែក​ចេញ​ពី​​ភូមិ​ពាលញែក​២ និងភូមិ​ចំការ​ចេក បំបែក​ចេញ​ពី​ភូមិ​ចំការចេកខាង​ជើង ​នៃ​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់។ រីឯ​សង្កាត់​រលាប ក្នុង​ក្រុង​ពោធិ៍សាត់ ក៏​មាន​ភូមិថ្មី​​ចំនួន៣ដែរ រួមមាន​ភូមិ​ថ្ម​បី​ដុំ ជាភូមិថ្មីបំបែកចេញ​ពី​ភូមិ​អូរ​ថ្កូវ, ភូមិ​អូរត្រាវ បំបែក​ចេញ​ពី​ភូមិ​រលាប និង​ភូមិ​ឈើ​ទាល​រូង បំបែក​ចេញ​ពី​ភូមិ​ព្រៃ​ឱម៉ាល់។ 
 
បើតាម​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ​ ក្នុងឃុំកញ្ជរ ​ស្រុក​កណ្ដៀង នៃ​ខេត្ត​ពោធិ៍សាត់ មាន​ភូមិថ្មីចំនួន ២ រួមមាន​​ ភូមិ​តាម៉ៅ បំបែកចេញ​ពី​ភូមិ​ព្រែក​ត្របែក និង​ភូមិ​ប្រឡាយ​ធំ បាន​បំបែក​ចេញ​ពី​ភូមិ​ទួល​ទទឹង។ ដោយ​ឡែក ភូមិ​ព្រាល ត្រូវបានបំបែកចេញពី​ភូមិ​និគមន៍​លើ នៃ​ឃុំ​ស្វាន​ដូនកែវ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។
  


សម្រាប់​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់វិញ មាន​ភូមិ​ថ្មីចំនួន២ រួមមាន ភូមិ​ស្រគំ បាន​បំបែក​ចេញ​ពី​ភូមិ​ក្រឡាញ់ នៃ​ឃុំ​ក្បាល​ត្រាច និង​ភូមិ​ក្រាំងខឿន បំបែក​ចេញ​ពី​ភូមិ​​ផ្ទះចេក និង​ភូមិ​ឈើ​ទែប នៃ​ឃុំ​ឈើ​តុំ។ ក្រឡេក​ទៅមើល​ស្រុក​ភ្នំក្រវ៉ាញ មាន​ភូមិ​ចំនួន ៣ រួមមាន ភូមិ​រគោ ដែល​បំបែក​ចេញ​ពី​ភូមិ​អង្រ្គង នៃ​ឃុំ​សំរោង, ភូមិ​អូរ បំបែកចេញ​ពី​ភូមិ​ព្រងិល នៃ​ឃុំ​ព្រងិល និង​ភូមិ​ព្រៃ​អណ្ដូង បំបែក​ចេញ​ពី​ភូមិ​អូរ​បាក់​ត្រា នៃ​ឃុំ​ព្រងិល។​
 
គួរ​បញ្ជាក់ថា ក្រៅពី​បង្កើត​ភូមិ​ថ្មី​ក្នុង​ខេត្ត​ពោធិ៍សាត់​ រដ្ឋាភិបាល​ក៏​បាន​បង្កើតស្រុក-​ក្រុងថ្មីមួយចំនួនផងដែរ។ ស្រុក-ក្រុង​ថ្មីទាំងនោះ រួមមាន ស្រុកអូរគ្រៀលសែនជ័យ នៃខេត្តក្រចេះ, ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃ​ខេត្តកណ្ដាល, ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ ដែល​បំបែកពី​ស្រុកឧដុង្គ៕​
 

Tag:
 ពោធិ៍សាត់
  ភូមិ​
© រក្សាសិទ្ធិដោយ thmeythmey.com