ជាតិ
សង្គមជាតិ
កម្ពុជា ចង់បានប៉ូលិស ដែលមានសមត្ថភាពខ្ពស់ ដូចប៉ូលិសអន្តរជាតិ
05, Jan 2023 , 4:07 pm        
រូបភាព
 ប៉ូលិស ជួបជុំគ្នាត្រៀមចេញដើរល្បាត និងការពារសន្តិសុខក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
ប៉ូលិស ជួបជុំគ្នាត្រៀមចេញដើរល្បាត និងការពារសន្តិសុខក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើនគរបាលកម្ពុជា ជម្រាបដល់លោក ស្ទេហ្វាន ម៉េសសឺរើ (Stefan Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាថា កម្ពុជា ចង់ឲ្យនគរបាលខ្លួន មានសមត្ថភាពខ្ពស់ និងត្រូវស្តង់ដារ ដូចនគរបាលអន្តរជាតិដែរ។ សម្តេច ទទួលជួបលោក ស្ទេហ្វាន ម៉េសសឺរើ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
 
នៅចំពោះមុខលោក ស្ទេហ្វាន ម៉េសសឺរើ សម្តេច ស ខេង ស្នើឲ្យប្រទេសអាល្លឺម៉ង់ពិនិត្យឡើងវិញនូវលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យនគរបាលអាល្លឺម៉ង់ជាមួយវិស័យនគរបាលកម្ពុជា។ សម្ដេចរដ្ឋមន្រ្តីមហាផ្ទៃ លើកឡើងថា បច្ចុប្បន្ន កម្ពុជា ត្រូវការធនធានមនុស្សផ្នែកវិស័យនគរបាលជាចាំបាច់ ដើម្បីរក្សាសន្តិសុខ ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។ 
 
លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យនគរបាលកម្ពុជា-អាល្លឺម៉ង់ ថាជាការងារដ៏សំខាន់ ដោយសារមន្ត្រីនគរបាល ធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយត្រូវទាមទារឲ្យមានវិជ្ជាជីវៈខ្ពស់ និងមានសុជីវធម៌ល្អ។ លោក ជម្រាបសម្តេចរដ្ឋមន្រ្តីថា ប្រទេសអាល្លឺម៉ង់ កំពុងតែសិក្សាជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា លើការងារលើកកម្ពស់សមត្ថភាពរបស់មន្ត្រីនគរបាល៕ 
 

 សម្តេច ស ខេង ជួបលោក ស្ទេហ្វាន ម៉េសសឺរើ ទូតអាល្លឺម៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ 
 

Tag:
 នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com