FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
AFF Cup៖ FIFA ស្នើ​​​បន្តឹង​សន្តិសុខបន្ថែម ក្នុងជំនួបរវាងម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី និង​វៀតណាម
06, Jan 2023 , 3:49 pm        
រូបភាព
ជំនួបរវាងឥណ្ឌូណេស៊ី ទល់វៀតណាម ពាន AFF Cup ឆ្នាំ២០២០។ រូបថត៖ AFF
ជំនួបរវាងឥណ្ឌូណេស៊ី ទល់វៀតណាម ពាន AFF Cup ឆ្នាំ២០២០។ រូបថត៖ AFF
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ AFF Cup រវាងម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងវៀតណាម នៅថ្ងៃទី៦​ ខែមករា ត្រូវបង្កើនការការពារតឹងរឹងជាងមុននៅក្នុងទីលានប្រកួត។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដោយស្នើឱ្យមានការរៀបចំ និងធានាសុវត្ថិភាពសម្រាប់អ្នកចូលរួម និងកីឡាករ ដ្បិតឥណ្ឌូណេស៊ីបានបង្កបញ្ហាជារឿយៗ។
 
ការ​ប្រកួត​ជើង​ទី​១ រវាងឥណ្ឌូណេស៊ី និងវៀតណាម​ នឹងចាប់ផ្តើមនៅ​ម៉ោង​៤:៣០​រសៀល [ម៉ោងនៅកម្ពុជា] នេះ ដោយដំបូងឡើយត្រូវធ្វើនៅម៉ោង ៧:៣០នាទីយប់។ ដោយមើលឃើញថា ម្ចាស់ផ្ទះឥណ្ឌូណេស៊ីធ្លាប់មានប្រវត្តិបង្កបញ្ហាអំឡុងពេលប្រកួត រហូតដល់មានការដាក់ពិន័យ និងក្រោយមកហាក់ដូចជាបង្ហាញឥរិយាបថមិនសមរម្យពីសំណាក់អ្នកគាំទ្រទៀតនោះ FIFA បានស្នើក្រុមម្ចាស់ផ្ទះបង្កើនសន្តិសុខ តឹងរឹងជាងប្រកួតមុនៗ។
 
ស្របពេលគ្នានេះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក នឹងបញ្ជូនបុគ្គលិកដែលមានបទពិសោធន៍ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីតាមដានការប្រកួត ហើយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងបញ្ជូនមន្ត្រីសន្តិសុខសម្រាប់ការប្រកួតនេះថែមទៀត។
 
«នឹងមានអ្នកមើលការខុសត្រូវចំនួនពីររូបបន្ថែម ខុសពីការប្រកួតធម្មតា ដែលមិនធ្លាប់មានពីមុនមកសម្រាប់ការប្រកួតពានរង្វាន់តំបន់អាស៊ានឆ្នាំ២០២២នេះ»។ នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress។
 
ការដាក់ការ​ប្រុង​ប្រយ័ត្ននេះដែរ ​ក៏ដោយសារ​ថ្មីៗ​នេះ​នៅ​ក្នុង​កីឡដ្ឋាន Kanjuruhan របស់​ឥណ្ឌូណេស៊ី មានអ្នកគាំទ្រ ១៣០ នាក់​បាន​ស្លាប់​ក្នុង​ការ​រត់​ជាន់​គ្នា​អំឡុង​ពេល​ការ​ប្រកួត​មួយ។
នាជំនួបវគ្គសន្សំពិន្ទុពូល A រវាងឥណ្ឌូណេស៊ី និងថៃ នៅថ្ងៃទី២៩ ខែធ្នូ រថយន្តក្រុងដឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃទៅកាន់កីឡដ្ឋាន Gelora Bung Karno ដែលជាកន្លែងប្រកួតរវាងវៀតណាម និងឥណ្ឌូណេស៊ីនេះដែរ ត្រូវបានឡោមព័ទ្ធ គំរាមកំហែង និងវាយបំបែកកញ្ចក់ឡាន ពីសំណាក់អ្នកគាំទ្រឥណ្ឌូណេស៊ីទៀតផង។
 
ក្រោយមានហេតុការនេះកើតឡើងចំពោះក្រុមថៃ អ្នកនាំពាក្យសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានស្នើឱ្យសហព័ន្ធបាល់ទាត់អាស៊ាន និងអ្នករៀបចំការប្រកួតពង្រឹងសន្តិសុខទ្វេដងផងដែរ។
 
«ការធានាសុវត្ថិភាព និងសុវត្ថិភាពនៃការប្រកួត សម្រាប់ក្រុមក្រៅដីជាការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ»។ នេះជាការបញ្ជាក់របស់ VFF៕
 

Tag:
 AFF Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com