កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នៅមិនអាចលេងឱ្យ Al Nassr ទេ ព្រោះលើសកូតាកីឡាករបរទេស
06, Jan 2023 , 5:19 pm        
រូបភាព
រូបភាព៖ AlNassr FC
រូបភាព៖ AlNassr FC
Cristiano Ronaldo នៅមិនទាន់អាចបង្ហាញខ្លួនឱ្យ ​Al Nassr ទេ ព្រោះវត្តមានរបស់ខ្លួនបានធ្វើឱ្យក្រុមស្ថិតនៅលីគកំពូលអារ៉ាប៊ីសាអូឌីតមួយនេះលើសកូតាកីឡាករបរទេសក្នុងក្រុម។ នេះបើតាមប្រភពពីក្លិប ​Al Nassr ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៥ ខែមករា។


នៅពេលដែល Ronaldo ត្រូវបានបង្ហាញខ្លួនចំពោះមុខអ្នកគាំទ្រក្រុម Al Nassr លើកដំបូងកាលពីថ្ងៃទី៤ ខែមករា​ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បាននិយាយថារូបគេពិតជាចង់លេងជាមួយក្រុមឱ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន។ តាមគម្រោងការក្រុម Al Nassr នឹងត្រូវប្រកួតទល់ក្រុម ​Al Ta’ee នៅថ្ងៃទី៥ ក្នុងកីឡដ្ឋាន Mrsool Park ប៉ុន្តែការប្រកួតត្រូវបន្តពន្យារពេលដោយសារតែបញ្ហាដាច់ចរន្តអគ្គីសនីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
 
ប៉ុន្តែទោះជាយ៉ាងណា ​Ronaldo ដែលបានផ្លាស់ទៅកាន់ក្លិប Al Nassr ដែលមានកិច្ចព្រមព្រៀងប្រមាណជាង ២១៣លានដុល្លារក្នុង១ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ ២០២៥ តារាបាល់ទាត់រូបនេះជាកីឡាករបរទេសទី៩ ហើយដែលក្លិបបាននាំចូល។ បើតាមកូតាកីឡាករនៅតាមក្លិបក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្លិបនីមួយៗអាចមានសមត្ថភាពនាំចូលកីឡាករបរទេសបានត្រឹមតែ ៨នាក់ប៉ុណ្ណោះ ស្របតាមការអនុញ្ញាតពីអាជ្ញាធរបាល់ទាត់អារ៉ាប៊ីសាអូឌីត។
 
បើតាមការអះអាងពីសំណាក់ក្លិប Al Nassr បានប្រាប់ទៅកាន់ទីភ្នាក់ងាសារព័ត៌មាន AFP ម្ចាស់ពាន Ballon d’Or ៥សម័យសញ្ជាតិព័រទុយហ្កាល់នៅមិនទាន់អាចចុះឈ្មោះលេងបាននៅឡើយទេ។ 
 
«Al Nassr នៅមិនទាន់អាចចុះឈ្មោះ Ronaldo បាននៅឡើយទេ ព្រោះតែក្លិបបច្ចុប្បន្នមិនទាន់មានកន្លែងទំនេរសម្រាប់ការបន្ថែមកីឡាករបរទេសនៅឡើយ។ កីឡាករបរទេសណាម្នាក់អាចនឹងត្រូវចាកចេញដើម្បីចុះឈ្មោះ Ronaldo ដូចគ្នាទៅនឹងការលក់កីឡាករបរទេសម្នាក់នោះ ឬក៏ត្រូវបញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងគ្នាតែម្តង។»។ នេះបើតាមក្លិប Al Nassr ប្រាប់ទៅកាន់ AFP។
 
បច្ចុប្បន្នក្លិប ​Al Nassr មានកីឡាករបរទេសចំនួន ៨នាក់ដូចជា អ្នកចាំទីកូឡុំប៊ី David Ospina, ខ្សែបម្រើប្រេស៊ីល Luiz Gustavo, Pity Martinez, Talisca, ខ្សែការពារ Alvaro Gonzalez, Ghislain Konan, Jaloliddin Masharipov និងខ្សែប្រយុទ្ធ Vincent Aboubakar។
 
យ៉ាងណាមិញក្លិប Al Nassr បានបដិសេធមិនបញ្ជាក់អំពីរឿងរ៉ាវដែល Ronaldo ត្រូវជាប់បម្រាមចំនួន ២ប្រកួតក្រោមការពិន័យរបស់សមាគមបាល់ទាត់អង់គ្លេសដោយកាលពីខែវិច្ឆិកាតារាបាល់ទាត់វ័យ ៣៧ឆ្នាំ បានយកទូរស័ព្ទរបស់អ្នកគាំទ្រ Everton ម្នាក់គប់ចោល បន្ទាប់ពីការប្រកួតក្រុម Manchester United ចាញ់ក្រោមថ្វីជើង ​Everton។
 
បើតាមការអះអាងរបស់លីគកំពូលអារ៉ាប៊ីសាអូឌីត(Saudi pro League) ការប្រកួតដំបូងរបស់ក្រុម Al Nassr ចាប់តាំងពីការមកដល់របស់ Ronaldo នឹងត្រូវលើកទៅធ្វើនៅថ្ងៃទី៦ ខែមករា នាកីឡដ្ឋាន Mrsool Park ក្នុងរដ្ឋធានីរីយ៉ាដ បន្ទាប់ពីការប្រកួតតាមគម្រោងត្រូវបានផ្អាកដោយសារតែការព្រួយបារម្ភផ្នែកសុវត្ថិភាពនៃចរន្តអគ្គីសនី។ 
 
ក្រោយមកក្លិប ​Al Nassr បានចេញសេចក្តីថ្លែងការណ៍សុំទោសអ្នកគាំទ្រចំពោះការពន្យារពេលប្រកួតដូច្នេះថា៖«កីឡដ្ឋានមិនអាចរៀបចំការប្រកួតបានឡើយ ដោយសារតែមូលហេតុភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីដើម្បីបំភ្លឺភ្លើងក្នុងកីឡដ្ឋាន។ នេះបើតាមរបាយការណ៍ពីសំណាក់ក្រុមវិស្វករបច្ចេកទេស និងដើម្បីរក្សាសុវត្ថិភាពកីឡាករនិងអ្នកចូលទស្សនា ការប្រកួតត្រូវតែផ្អាកបណ្តោះអាសន្ន។»៕
 
 
 
 
 
 

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com