ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃ​៧​មករា​៖ សម្ដេច ហ៊ុន សែន បន្ត​ប្រកាស​កម្ចាត់​ក្រុម​អ្នកនយោបាយ​ជ្រុលនិយម​
07, Jan 2023 , 10:50 am        
រូបភាព
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្ដេជ្ញា​កម្ចាត់​ក្រុម​អ្នកនយោបាយ​ដែល​សម្ដេច​ហៅថា ជា​ក្រុម​ជ្រុលនិយម និង​ដែល​អាច​បង្កឱ្យមាន​ការ​បែកបាក់​ជាតិ​។ សម្ដេច ហ៊ុន សែន បានប្រកាស​សារ​នយោបាយ​នេះ​នៅក្នុង​ទិវា​៧​មករា​ឆ្នាំ​២០២៣​នេះ ដែល​ត្រូវ​បានរៀបចំ​នៅលើ​ទីធ្លា​កោះ​ពេជ្រ​។​
 
​សម្តេច​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​សូម​គូសបញ្ជាក់ថា​ជូន​ជនរួមជាតិ​ថា យើង​ត្រូវ​កម្ចាត់​នយោបាយ​ជ្រុលនិយម​របស់​ទណ្ឌិត​ក្បត់ជាតិ និង​បក្សពួក​ដែល​កំពុង​គេចខ្លួន​រស់នៅ​ក្រៅប្រទេស​ឱ្យ​អស់ពី​សង្គមជាតិ​យើង​។ [​យើង​] មិនត្រូវ​ទុកឱ្យ​វា​បន្ត​បំពុលសង្គម បំផ្លាញ​ដំណើរ​រីកចម្រើន និង​បង្ក​ការបែកបាក់​ជាតិ ដែល​នឹង​នាំ​ដល់​គ្រោះមហន្តរាយ​ជាថ្មីទៀត​សម្រាប់​ប្រជាជាតិ​យើង​។​»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​បុគ្គល និង​ក្រុម​អ្នកនយោបាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​ជ្រុលនិយម​ក្បត់ជាតិ ត្រូវ​កែប្រែ​ខ្លួន ដើម្បី​ចៀស​ផុតពី​វិធានការ​ច្បាប់​។​
 
​បើតាម​ប្រសាសន៍​របស់​សម្ដេច ហ៊ុន សែន ការប្ដេជ្ញា​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ធានា​រក្សា​សន្តិភាព សមិទ្ធផល​ដែល​រដ្ឋា​ភិ​របស់លោក​បាន​ដឹកនាំ​កសាង​ក្នុងអំឡុងពេល​៤៤​ឆ្នាំ​កន្លងមកហើយ និង​ដើម្បី​ធានាថា «​គ្មាន​ការកើត​ជាថ្មី​នូវ​សង្គ្រាម​បែកបាក់​ជាតិ និង​អំពើ​ប្រល័យពូជសាសន៍​ដូច​ពី​អតីតកាល​»​។ 
 
​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​យើង​គប្បី​ចងចាំ​ថា គឺ​កត្តា​ផ្ទៃក្នុង​របស់​ជាតិ ដែលជា​កត្តា​កំណត់​នៃ​ជ័យជម្នះ រីឯ​កត្តា​ខាងក្រៅ​គ្រាន់តែ​ជា​កត្តា​ជះឥទ្ធិពល​ប៉ុណ្ណោះ​។ ក្នុងន័យនេះ ប្រជាជាតិ​មួយ​ដែលមាន​ឯកភាព​ជាតិ ប្ដូរផ្ដាច់​ការពារ​ឯក​រាជ្យ សេរីភាព​របស់ខ្លួន មិនអាច​ត្រូវ​អនុភាព​ខាងក្រៅ​ណា​ធ្វើឱ្យ​បរាជ័យ​បានឡើយ​។​»​។ 
 
​នៅក្នុង​សុន្ទរកថា សម្ដេច ហ៊ុន សែន បាន​រម្លឹក​ឡើងវិញ​ពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​១៨​ខែមីនា​ឆ្នាំ​១៩៧០​របស់​សេនាប្រមុខ លន់ នល់ ដែល​សម្ដេច​ចាត់ទុកថា ជា​ចំណុច​ចាប់ផ្តើម​ដែល​នាំ​កម្ពុជា​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​ផ្ទៃក្នុង រហូត​បង្កឱ្យមាន​រប​ប​ប៉ុល ពត ដែល​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​៣​លាន​នាក់​យ៉ាង​អយុត្តិធម៌​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com