កីឡាអន្តរជាតិ
អន្តរជាតិ
មិត្តរួមក្រុម Ronaldo ៣នាក់នៅក្លិប Al-Nassr ធ្លាប់​លេង​តទល់ជាមួយ​កម្ពុជា
08, Jan 2023 , 8:29 pm        
រូបភាព
ខ្សែប្រយុទ្ធ​លំដាប់ពិភពលោក Cristiano Ronaldo បាន​ក្លាយជា​សមាជិក​ថ្មី​ផ្លូវការរបស់ក្លិប Al-Nassr នៃក្របខណ្ឌកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League។ ក្នុងចំណោម​សមាជិក​ក្រុម​ដែល​ដឹកនាំ​ដោយគ្រូបង្វឹក​បារាំង Rudi Garcia យ៉ាងហោចណាស់​មាន​កីឡាករ​អារ៉ាប៊ី​សាអូឌីត​៣នាក់​ធ្លាប់​បាន​ប្រកួត​តទល់​ជាមួយក្រុម​ជម្រើស​ជាតិ​កម្ពុជា។
 
នាជំនួប​មិត្តភាព​អន្តរជាតិ នៅកីឡដ្ឋាន Sheikh Zayed Cricket Stadium ក្រុងអាប៊ុយដាប៊ី កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៧ កម្ពុជា​ដែលស្ថិតក្រោម​ការ​ដឹកនាំ​របស់គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon បាន​ចាញ់អារ៉ាប៊ីសាអូឌីត របស់គ្រូបង្វឹក​ហូឡង់ Bert van Marwijk ក្នុងលទ្ធផល ៧-២។
 
កីឡាករ​៣រូបដែល​លេងឲ្យ​ក្លិប Al-Nassr នាពេល​បច្ចុប្បន្ន បាន​បង្ហាញ​ខ្លួន​ក្នុងជំនួប​ជាមួយ​កម្ពុជា កាលពី​៦​ឆ្នាំមុន ដែល​ក្នុងនោះ​មាន ខ្សែបម្រើ Abdulfattah Asiri ដែលលេងនៅ​តង់ទីមួយ, អ្នក​ចាំទី Waleed Abdullah ចូលលេង​ចាប់ពីដើមតង់ទីពីរ និង​ខ្សែបម្រើ Sami Al-Najei ដែលបាន​បង្ហាញ​វត្តមាន​ពីនាទី​៧៦ រហូតដល់បញ្ចប់ការប្រកួត។
 


កាលណោះ អារ៉ាប៊ីសាអូឌីត បានស៊ុត​បញ្ចូលទី៧គ្រាប់ ដោយ​ក្នុងនោះ​៣គ្រាប់ជា​បាល់ប៉េណាល់ទី និង​១គ្រាប់ជាការភ្លាត់ស្នៀត​ចូលទីខ្លួនឯង រីឯ២គ្រាប់​របស់​កម្ពុជា សុទ្ធតែ​សម្រេចបាននៅ​តង់ទីមួយ ដោយ​ ឃួន ឡាបូរ៉ាវី និង​ កែវ សុខ​ផេង។ ជម្រើស​ដំបូងរបស់​កម្ពុជានាពេលនោះ មាន អ៊ុំ សេរីរ័ត្នន៍, សឿត បារាំង, រស់ គង់សម្រេច, សំអឿន ពិដោរ, សឿយ វិសាល, ហូយ ផល្លីន, ច្រឹង ពលរដ្ឋ, កែវ សុខផេង, សុះ ស៊ូហាណា, ឃួន ឡាបូរ៉ាវី, នុប តុលា រីឯ នេន សុធារ័ត្ន, សុក សំណាង, អ៊ិន សូដាវីដ, លី វ៉ាហេទ, លី មីហ្សាន, និងឆេង ម៉េង សុទ្ធតែត្រូវបាន​ប្តូរចូលជាបន្តបន្ទាប់។ កែវ សុខសិលា តែម្នាក់គត់​ដែល​មិនបាន​ចូល​លេង។



នៅក្លិប Al-Nassr ដែលជាទ្រនំថ្មី​របស់ខ្សែប្រយុទ្ធ​ជម្រើសជាតិព័រទុយហ្គាល់ Ronaldo ក្រោយការ​ចាកចេញពី Manchester United មាន​កីឡាករដ៏គួរឲ្យ​កត់សម្គាល់មួយចំនួន​ផងដែរ រួមមានអ្នកចាំទី​កូឡុំប៊ី David Ospina អតីតកីឡាករ Arsenal, ខ្សែការពារអេស្ប៉ាញ Alvaro Gonzalez អតីតកីឡាករ Villarreal, អតីតជម្រើសជាតិអាហ្សង់ទីន Pity Martinez, អតីតជម្រើសជាតិកូតឌីវ័រ Ghislain Konan និងជម្រើសជាតិកាមេរូន Vincent Aboubakar ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com