ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យបក្សប្រឆាំង បញ្ចប់វប្បធម៌ «ឡាំប៉ា» ក្រោយពេលបោះឆ្នោត
09, Jan 2023 , 9:35 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យគណបក្សប្រឆាំង បញ្ចប់វប្បធម៌ «ឡាំប៉ា» ក្រោយពេលបោះឆ្នោត។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ មករា។


ប្រមុខរដ្ឋាភិបាល ប្រកាសលែងឱ្យគណបក្សប្រឆាំងចោទ គណបក្សប្រជាជនកម្ពុជា ថាជា«ចោរ» នៅក្រោយការបោះឆ្នោតទៀតហើយ។ ការប្រកាសរបស់សម្ដេច ហ៊ុន សែន នេះ ដោយសារមានការចោទប្រកាន់មកគណបក្សប្រជាជនថា លួចបន្លំសន្លឹកឆ្នោត ជារៀងរាល់អាណត្តិ។
 
«ត្រូវបញ្ចប់វប្បធម៌ «ឡាំប៉ា» ក្រោយពេលបោះឆ្នោត។ គណបក្សប្រជាជនមិនអាចទទួលយកបាននូវពាក្យថា ជាចោរលួចបន្លំសន្លឹកឆ្នោតទេ។ អ្នកណាហ៊ាននិយាយបែបនេះ យើងត្រូវតែប្ដឹង ហើយសំណុំរឿងនៅតុលាការកំពូល យើងត្រូវតែធ្វើ(ប្ដឹង)»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
ត្រង់ចំណុចនេះមេដឹកនាំបក្សកាន់អំណាច បានសង្កត់ថា ជម្រើសលប់បំបាត់វប្បធម៌ឡាំប៉ានេះ គឺមានតែពីរទេ «មួយប្រើផ្លូវច្បាប់ ឯមួយទៀតប្រើដំបង»។ ដូច្នេះសម្ដេចប្រកាសប្រើផ្លូវច្បាប់ ដើម្បីកុំឱ្យមានវប្បធម៌ចោទបក្សកាន់អំណាច ថា ជា«ចោរ»ទៀត។
 
កន្លងមក គណបក្សប្រឆាំង ចាត់ទុកការនិយាយថា គណបក្សប្រជាជនលួចបន្លំសន្លឹកឆ្នោតនេះ គឺជាសិទ្ធិបញ្ចេញមតិប៉ុណ្ណោះ។ ប៉ុន្តែសម្ដេច ហ៊ុន សែន មិនអាចទទួលយកបានឡើយ។ សម្រាប់ប្រមុខរដ្ឋាភិបាល ការចោទគណបក្សប្រជាជនបែបនេះ គឺជាការប្រមាថធ្ងន់ធ្ងរ។
 
«គណបក្សប្រជាជន ត្រូវតែប្ដឹង ដើម្បីបំបាត់ការចោទគណបក្សប្រជាជន ថា ជាចោរ និងបំបាត់វប្បធម៌ឡាំប៉ា ក្រោយការបោះឆ្នោត»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេចបានក្ដាប់ព័ត៌មានរបស់គណបក្សប្រឆាំង នៅក្នុងកិច្ចប្រជុំនៅសៀមរាប និងកំពង់ចាម ដែលមានផែនការបង្កើតវប្បធម៌ឡាំប៉ា និងវាយប្រហារមកលើបក្សប្រជាជន នាអំឡុងពេលបោះឆ្នោតខាងមុខ។
 
អត្ថបទទាក់ទង
 
កន្លងមកគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្តឹង លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ ក្រោយលោក និយាយជាមួយសារព័ត៌មានថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ស្ថិតក្រោមការគ្រប់គ្រងស្ទើរទាំងស្រុងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោត មានការលួចបន្លំ។
 
កាលពីដើមខែតុលា ឆ្នាំ២០២២ តុលាការបានកំណត់ឲ្យលោក សុន ឆ័យ បង់ប្រាក់ត្រឹមតែជាង៧,៣សែនដុល្លារ តែសាលដីការបស់សាលាឧទ្ធរណ៍ បានកំណត់ឲ្យអនុប្រធានគណបក្សភ្លើងទៀនរូបនេះ បង់ប្រាក់ដល់ជាង៩,៧សែនដុល្លារ គឺកើតជាង២សែនតុលាការទៀត ដល់គណបក្សប្រជាជនកម្ពុជា។ តុលាការភ្នំពេញ ក៏បានចេញដីកា១ដោយឡែក ស្តីពីការរឹបអូសយកដីនិងអគារ២កន្លែងរបស់លោកជាបណ្តោះអាសន្ន ដោយ១កន្លែង នៅរាជធានីភ្នំពេញ និង១កន្លែង នៅខេត្តសៀមរាប។ 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com