កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe រិះគន់ប្រធានបាល់ទាត់បារាំង Le Graet ចំពោះការមិនគោរព Zidane
10, Jan 2023 , 8:29 am        
រូបភាព
ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានចេញមុខការពារលោក Zinedine Zidane បន្ទាប់ពីប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) និយាយថាខ្លួននឹងមិនលើកទូរសព្ទទេ ប្រសិន Zidane ខលហៅទីពិភាក្សាគ្នាជុំវិញការងារជាគ្រូជម្រើសជាតិបារាំង។


FFF បានប្រកាសពីការបន្តកិច្ចសន្យារបស់គ្រូបង្វឹកលោក Didier Deschamps កាលពីសប្តាហ៍មុន បន្ទាប់ពីលោក Deschamps បានដឹកនាំក្រុមមាន់គកបារាំងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីពីរ បើទោះបានត្រឹមរងជើងឯកក្រោយចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រនៅកាតា។ មុនបន្តកិច្ចសន្យានេះ លោក Zidane ត្រូវបានគេឡើងឡើងថាទំនងអាចក្លាយជាគ្រូបារាំង​​ស្នង​តំណែង Deschamps។
 
នៅពេលសួរថាតើ Zidane ដែលជួយបារាំងលើកពាន World Cup ឆ្នាំ ១៩៩៨ អាចជំនួស Deschamps វិញទេ លោក Le Graet ប្រធាន FFF បានឆ្លើយដោយបង្ហាញពីការមិនពេញចិត្តសម្រាប់ជម្រើសថ្មីជា Zidane ឡើយ។
 
ប្រធាន FFF ប្រាប់កាសែត RMC ថា៖«ខ្ញុំដឹងច្បាស់ថា Zidane តែងតែស្ថិតក្នុងជម្រើសរបស់ក្រុមបារាំង។ គាត់មានអ្នកគាំទ្រច្រើន អ្នកខ្លះកំពុងរង់ចាំការចាកចេញរបស់ Deschamps... ប៉ុន្តែពេលនេះគ្មានអ្នកណាសមជាង Deschamps ទេ?»។
 
អ្វីដែលគួរភ្ញាក់ផ្អើល លោក Le Graet បន្ថែមថា បើ Zidane ព្យាយាមខលទូរសព្ទមកខ្លួន ដើម្បីនិយាយរឿងតំណែងគ្រូបារាំង លោកនឹងមិនលើកទូរសព្ទឡើយ។
 
ការលើកឡើងរបស់លោក Graet​ ទៅកាន់ Zidane បែបនេះ បានធ្វើឱ្យ Mbappe ខ្សែប្រយុទ្ធបារាំង មិនពេញចិត្តឡើយ។ សមាជិកក្រុម Paris Saint-Germain រូបនេះ បានបង្ហោះលើបណ្តាញសង្គម Twitter ថា លោក Zidane ជាវិរបុរសរបស់បារាំងម្នាក់ដែរ មិនគួរលោក Le Graet និយាយមិនឱ្យតម្លៃបែបនេះទេ។
 
មិនត្រឹមតែ Mbappe ឡើយ រដ្ឋមន្ត្រីក្រសួងកីឡាបារាំងអ្នកស្រី Amelie Oudea-Castera ក៏ប្រតិកម្មនឹងការអត្ថាធិប្បាយរបស់ Le Graet ដែរ។ អ្នកស្រីនិយាយថា ប្រធានសហព័ន្ធកីឡាបាល់ទាត់ដ៏ធំបំផុតរបស់បារាំងមិនសមនិយាយពាក្យនេះទេ៕
 

Tag:
 Kylian Mbappe
  Zinedine Zidane
© រក្សាសិទ្ធិដោយ thmeythmey.com