កីឡាអន្តរជាតិ
អន្តរជាតិ
Bale ប្រកាសចូលនិវត្តន៍ត្រឹមវ័យ ៣៣ឆ្នាំ ក្រោយក្លិបនៅតំបន់អឺរ៉ុប ហាក់គ្មានការចាប់អារម្មណ៍
10, Jan 2023 , 3:15 pm        
រូបភាព
Gareth Bale, វែលស៍
Gareth Bale, វែលស៍
Gareth Bale វីរបុរសបាល់ទាត់ក្រុមជម្រើសជាតិវែលស៍ និងជាអតីតកីឡាករដ៏ល្បីរបស់ក្លិប Tottenham Hotspur និង Real Madrid បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ទាំងនៅក្លិប និងក្រុមជម្រើសជាតិ ត្រឹមវ័យ ៣៣ឆ្នាំ។ ការប្រកាសរបស់ Bale ធ្វើឡើងតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមនាថ្ងៃទី៩ ខែមករា។


កីឡាករជំនាញជើងឆ្វេងរូបនេះ រកបានគ្រាប់បាល់ចំនួន ៣៣គ្រាប់ ពីការបង្ហាញខ្លួន ១១១ប្រកួត សម្រាប់ក្រុមជម្រើសជាតិវែលស៍។ ក្នុងនោះ Bale ក៏បានបង្ហាញវត្តមានឱ្យជម្រើសជាតិខ្លួន ក្នុងព្រឹត្តិការណ៍បាល់ទាត់ធំៗដូចជា UEFA Euro ចំនួន ២លើក និង World Cup កាតា។
  


នៅក្នុងការបង្ហោះសារលើបណ្តាញសង្គមនាថ្ងៃទី៩ ខែមករានោះ ខ្សែប្រយុទ្ធដែលបានជួយ Real Madrid ឈ្នះពានរង្វាន់ Champions League រូបនេះ បានអះអាងថា រូបគេបានសម្រេចចិត្តប្រកាសចូលនិវត្តន៍នេះ ដោយគិតយ៉ាងល្អិតល្អន់បំផុត។
 
«បន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្ន ខ្ញុំសូមប្រកាសតែម្តងអំពីការចូលនិវត្តន៍ពីការប្រកបអាជីបនៅក្លិប និងបាល់ទាត់ក្រុមជម្រើសជាតិ។ ខ្ញុំពិតជាមានសំណាងដ៏អស្ចារ្យដែលអាចសម្រេចក្តីស្រមៃ ដែលខ្ញុំអាចលេងកីឡាដែលខ្ញុំស្រលាញ់ ចូលចិត្ត វាបានផ្តល់នូវអ្វីម្យ៉ាងពិសេសបំផុតចំពោះជីវិតរបស់ខ្ញុំ។ ហើយឆ្លងកាត់ការប្រកួតរយៈពេល ១៧រដូវកាលដ៏អស្ចារ្យមកនេះ ពិតជារកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ បើទោះបីជារឿងរ៉ាវបន្ទាប់ទៀតទៅជាបែបណាក្តីសម្រាប់ខ្ញុំ[…]។»។ នេះជាសារដែល Bale បានបង្ហោះនៅលើបណ្តាញសង្គម។
ការចាប់ផ្តើមអាជីពកម្រិតខ្ពស់ដំបូង
  


ប្រធានក្រុមជម្រើសជាតិវែលស៍បានចាប់ផ្តើមអាជីពនៅក្នុងវិស័យបាល់ទាត់កម្រិតខ្ពស់នៅក្លិប Southampton កាលពីឆ្នាំ ២០០៦ ត្រឹមវ័យ ១៦ឆ្នាំ និង២៧៥ថ្ងៃ រូបគេបានក្លាយជាកីឡាករវ័យក្មេងបំផុតលំដាប់ទីពីរប្រចាំប្រវត្តិសាស្ត្រក្លិប ដែលបានចុះកិច្ចសន្យា បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធ ​Theo Walcott ដែលចូលរួមត្រឹមវ័យ ១៦ឆ្នាំ ១៣២ថ្ងៃ។ 
បង្ហាញខ្លួនដ៏អស្ចារ្យឱ្យក្រុម Southampton បាន ១រដូវកាល Bale ត្រូវបានក្លិប Tottenham Hotspur ទិញទៅក្នុងឆ្នាំ ២០០៧ ដែលមានតម្លៃខ្លួនកាលនោះត្រឹម ៧លានអឺរ៉ូតែប៉ុណ្ណោះ។ គ្រានោះ Baleលេងក្នុងនាមជាខ្សែការពារស្លាបឆ្វេង នៅ Southampton ។
 
ទៅលេងនៅក្រុមមាន់ខ្នាយមាស​ Tottenham Hotspur ខ្សែប្រយុទ្ធសញ្ជាតិវែលស៍រូបនេះ  បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយអភិវឌ្ឍន៍ខ្លួនពីខ្សែការពារស្លាបឆ្វេង រហូតក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួច តាមរយៈបច្ចេកទេសដ៏ល្អ និងល្បឿនដ៏លឿនរហ័ស។ តាមរយៈសមត្ថភាពដ៏ពិសេសនេះ Bale បានជួយក្រុមប្រជែងក្នុងពានរង្វាន់លីគកំពូលអង់គ្លេស ។  ។ Bale រកបាន ៧២គ្រាប់ និងបញ្ជូនបាល់ ៥៨គ្រាប់ទៅកាន់មិត្តរួមក្រុម ក្នុងការបង្ហាញខ្លួន ២៣៧ប្រកួត នៅ Spurs។


 
ចាប់ផ្តើមភាពល្បីល្បាញលើកដំបូងក្នុងឆ្នាំ ២០១០-១១​
 
ស្ថិតក្នុងអាជីពនៅក្លិប Spurs នារដូវកាល ២០១០-១១ Bale បានជួយឱ្យក្រុមមាន់ខ្នាយមាសនេះ ប្រជែងក្នុងក្របខណ្ឌពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League ទៀតផង។ ពេលនោះហើយ ដែលរូបគេទទួលបានការចាប់អារម្មណ៍នឹងភាពល្បីល្បាញខ្លាំង។
 
កាលនោះក្នុងការប្រកួតវគ្គចែកពូលដ៏តានតឹង ដែលមានក្រុមដូចជា Werder Bremen មកពីអាល្លឺម៉ង់ ក្រុម Twente Enschede និង Inter Milan មកពីអ៊ីតាលី Bale បានបង្ហាញទម្រង់លេងយ៉ាងល្អ សម្រាប់ក្លិបធំៗចាប់អារម្មណ៍។ ក្នុងជំនួបក្រុមយក្សអ៊ីតាលី Inter Milan ចំនួន ២ជើង Bale រកបានគ្រាប់បាល់ Hat-Trick ​ក្នុងការប្រកួតដែលលទ្ធផល ​Inter Milan យកឈ្នះ Spur ៤-៣ ក្នុងជើងទីមួយនៅទឹកដីអ៊ីតាលី ។ ដ្បិត Spur ចាញ់ក្តីដែរ ប៉ុន្តែវត្តមាន Bale បង្ហាញឱ្យក្រុមដទៃទៀត មើលឃើញពីភាពខ្លាំងរបស់ Spur។

  
 
ចាប់តាំងពីពេលនោះមក Bale មានឈ្មោះល្បីល្បាញខ្លាំងឡើងៗ ហើយក្នុងឆ្នាំ ២០១១ រូបគេបានក្លាយជាកីឡាករឈ្នះពានរង្វាន់ឯកត្តជន ​PFA Player’s Player of the Year និង UEFA Team of the Year។ ក្នុងឆ្នាំ ២០១៣ Bale បានជាប់ឈ្មោះជាកីឡាករ PFA Young Player of the Year, FWY Player of the Year និងជាកីឡាករល្អប្រចាំលីគកំពូលអង់គ្លេស Premier League Player of the Season។ ចាប់តាំងពីឆ្នាំ ២០១១-១៣ ប្រធានក្រុមវែលសន៍ជាប់ឈ្មោះជាកីឡាករ PFA Team of the Year ចំនួន ៣លើក។
បន្តភាពល្បីល្បាញកាន់តែខ្លាំង ពេលផ្លាស់ទៅកាន់ Real Madrid 
 
ក្រោយបង្កើតភាពអស្ចារ្យនៅទឹកដីអង់គ្លេសរួចមក ភាពល្បីល្បាញរបស់កីឡាករនិយមជើងឆ្វេងរូបនេះ ត្រូវបានក្លិបយក្សនៅអេស្ប៉ាញ Real Madrid ចាប់អារម្មណ៍ ហើយបានទិញរូបគេទៅចូលរួមក្រុមនៅក្របខណ្ឌ La Liga ក្នុងតម្លៃការផ្ទេរ ១០០លានអឺរ៉ូកាលឆ្នាំ ២០១៣ មុនបើករដូវកាលថ្មី ២០១៣-១៤។ ក្លាយជាមិត្តរួមក្រុមដែលលេងជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo និង Karim Benzema បានធ្វើឱ្យតំបន់ប្រយុទ្ធ ក្លាយជាទីតាំងដ៏គួរឱ្យភ័យខ្លាចសម្រាប់ក្រុមដទៃ នៅពេលដែលប្រកួតប៉ះ Real Madrid។ 
  


ភាពអស្ចារ្យរបស់ Bale ចាប់តាំងពីចូលរួមជាមួយក្លិបយក្ស Real Madrid រូបគេក៏បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ Copa del Rey និង UEFA Champions League នៅរដូវកាលដំបូងរបស់គេតែម្តង ។ នារដូវកាលដំបូងដ៏ជោគជ័យនោះ រូបគេបន្តឈ្នះពាន UEFA Super Cup និង ​FIFA Club World Cup ដោយកាលនោះ Bale ស្ថិតក្រោមការដឹកនាំរបស់លោក Carlo Ancelotti។ 
 
កសាងកេរ្តិ៍ឈ្មោះកាន់តែខ្លាំងបន្ថែមទៀត! Bale បានជួយ Real Madrid ឈ្នះពានរង្វាន់ La Liga ក្នុងរដូវកាល ២០១៦-១៧ និងក្នុងឆ្នាំ ២០១៩-២០ ។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែប្រយុទ្ធរូបនេះ ក៏បានជួយ Real ឈ្នះពានរង្វាន់កំពូលអឺរ៉ុប Champions League រដូវកាល ២០១៥-១៦, ២០១៦-១៧ និង ២០១៧-១៨ ផងដែរ។  រូបគេបានបង្ហាញខ្លួនលេងទាំង៣លើកជាប់គ្នា ដោយស្ថិតក្រោមការដឹកនាំរបស់លោក Zinedine Zidane។ ពានរង្វាន់ Champions League លើកទី៥ នៅក្នុងអំឡុងឆ្នាំ ២០២១-២២ ដែលជារដូវកាលចុងក្រោយរបស់គេនៅ Real Madrid។
ភាពល្បីល្បាញរបស់ Bale ចាប់ផ្តើមរសាត់អំឡុងហៀបចេញពី Real Madrid
 
ចាប់ផ្តើមរបួសបន្តិចម្តងៗចាប់តាំងពីរដូវកាល ២០១៧-១៨ មក Gareth Bale ចាប់ផ្តើមបាត់បង់ការចាប់អារម្មណ៍ពីសំណាក់គ្រូបង្វឹក នៅពេលដែលក្រុមអធិរាជ«ស» បង្កើតបានកីឡាករល្អៗ ជំនួសតំណែងBale ចំនួនពីររូប ក្នុងនោះរួមមាន ​Marco Asensio និង Isco។ តាំងពីពេលនោះមក ​Bale បាត់បង់ការចាប់អារម្មណ៍ខ្លាំង ហើយបន្តមានបញ្ហាជារឿយៗនៅក្នុងក្រុមជាមួយបញ្ហារបួស និងការអវត្តមានលេងឱ្យក្រុម។
 
មិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកចាត់ការជាបន្តបន្ទាប់ ហើយញាំញីជាមួយបញ្ហារបួសនោះ Bale បានផ្លាស់ពី Real Madrid ទៅលេងឱ្យក្រុមចាស់ Tottenham Hotspur លើកទី២ ក្នុងកិច្ចសន្យាខ្ចីជើងនារដូវកាល ២០២០-២១ ។ ប៉ុន្តែបញ្ហារបួសនៅតែបន្ត ដោយ Bale អាចបង្ហាញខ្លួនឱ្យក្រុមចាស់នៅអង់គ្លេស​ បានត្រឹមតែប៉ុន្មានប្រកួតប៉ុណ្ណោះ។ វិលមកកាន់ Real Madrid រដូវកាល ២០២១-២២ ដែលជាពេលក្រុមលើកពាន UCL លើកទី១៤ ក្នុងប្រវត្តិសាស្រ្តនេះ Bale ក៏មានឈ្មោះជាកីឡាកររបស់ក្រុមអធិរាជសម្នាក់ដែរ តែរូបគេមិនមានវត្តមានជាមួយក្រុមឡើយ។ 
 
មិនសូវទទួលបានការចាប់អារម្មណ៍ពីក្រុមនៅតំបន់អឺរ៉ុប ដោយយល់ថាប្រធានក្រុមវែលស៍ជា កីឡាករកំពុងស្ថិតក្នុងបញ្ហារបួសជារឿយៗ Bale បានផ្លាស់ទៅកាន់ក្រុម Los Angeles FC នៅលីគកំពូលបាល់ទាត់អាម៉េរិក ដោយក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយរូបគេផុតកិច្ចសន្យាជាមួយក្រុមអធិរាជស។ ជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំង ដែល Bale ធ្លាប់ជាកីឡាករមានតម្លៃខ្លួនថ្លៃដល់ទៅ ១០០លានអឺរ៉ូកាលពីឆ្នាំ ២០១៣ មានគុណសម្បត្តិច្រើនជួយដល់ ​Real Madrid ប៉ុន្តែបែរជាត្រូវចាកចេញដោយគ្មានតម្លៃខ្លួនទៅវិញ។
 
អាជីពនៅទឹកដីអាម៉េរិកមុនពេលប្រកាសចូលនិវត្តន៍ត្រឹមវ័យ ៣៣ឆ្នាំ
ចូលរួមជាមួយក្រុម Los Angeles FC ក្នុងឆ្នាំ ២០២២ ដោយគ្មានតម្លៃខ្លួន Bale មានបំណងលេងនៅក្របខណ្ឌប្រទេសអាម៉េរិក ដើម្បីពង្រឹងសមត្ថភាពលេងឱ្យក្រុមជម្រើសជាតិវែលស៍ នៅព្រឹត្តិការណ៍ World Cup ដែលជាការបង្ហាញខ្លួនសាជាថ្មីក្រោយក្រុមខកខានរយៈពេលជិត ៦០ឆ្នាំ។ នៅក្រុម Los Angeles FC ភាពល្បីល្បាញរបស់ Bale នៅលីគកំពូលអឺរ៉ុបបានរសាត់តែម្តងពីសំណាក់អ្នកគាំទ្រ ដោយរូបគេមិនសូវជាទទួលបានការចាប់អារម្មណ៍ប៉ុន្មានឡើយ។ ប៉ុន្តែនៅទឹកដីអាម៉េរិក Bale បានជួយ Los Angeles FC ឈ្នះពានរង្វាន់លីគកំពូលនៅរដូវកាលដំបូងតែម្តង។ Bale ចុះកិច្ចសន្យាដំបូងជាមួយ Los Angeles FC រយៈពេល ១២ខែជាមួយជម្រើសបន្ត ៣ឆ្នាំ។ តែយ៉ាងណាចប់រដូវកាល Bale បានប្រកាសចូលនិវត្តន៍ត្រឹមវ័យ ៣៣ឆ្នាំ ដែលនេះបានបង្ហាញថា រូបគេមិនត្រូវបានក្រុមកំពូលៗតំបន់អឺរ៉ុបចាប់អារម្មណ៍ទាក់ទងគេទៅលេងឡើយ ចាប់តាំងពីគេចេញពីក្រុម Real Madrid មកម្ល៉េះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com