កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់ទាំង១០ ដែលទទួលបានថ្លៃពលកម្មខ្ពស់បំផុតឆ្នាំ ២០២៣
11, Jan 2023 , 9:32 am        
រូបភាព
ការក្លាយជាទៅកីឡាករដែលទទួលបានប្រាក់ថ្លៃពលកម្មខ្ពស់ជាងគេគឺមិនមែនជារឿងសាមញ្ញនោះឡើយ ព្រោះទម្រាំក្លាយជាកីឡាករកម្រិតកំពូលលើពិភពលោក កីឡាករនីមួយៗត្រូវសាងកេរ្តិ៍ឈ្មោះល្បី និងមានប្រជាប្រិយភាព។


កីឡាករបាល់ទាត់រកបានប្រាក់ចំណូលរបស់ពួកគេជាងរៀងរាល់សប្តាហ៍ពីការប្រកួតឱ្យក្រុម ហើយប្រភពតែមួយនៃចំណូលរបស់កីឡាករដែលបានបង្កើតលុយជាច្រើនគឺបានមកពីកិច្ចព្រមព្រៀងនិងការយល់ព្រមគ្នានានាពីក្រុមហ៊ុនឧបត្ថម្ភ។
 
មិនមែនរឿងដែលគួរឱ្យភ្ញាក់ផ្អើលឡើយដែលថាកីឡាករល្បីឈ្មោះកំពូលក្នុងពិភពលោកអាចរកចំណូលបានខ្ពស់ផងដែរនោះ។ លើសពីនេះទៅទៀតក្លិបដែលទទួលបានជោគជ័យច្រើនលើពិភពលោកគឺតែងមានធនធានភាគច្រើនសម្រាប់ប្រើប្រាស់ផ្តល់ប្រាក់ឈ្នួលដល់កីឡាករទាំងនោះទៅតាមសមត្ថភាពរបស់ពួកគេ។ 
 
ខាងក្រោមនេះជាកីឡាករបាល់ទាត់ល្បីៗក្នុងពិភពលោកទាំង ១០រូបដែលមានតម្លៃពលកម្មខ្ពស់បំផុតក្នុងឆ្នាំ ២០២៣៖

​១. Cristiano Ronaldo ទៅកាន់ក្លិប Al Nassr ២១៣លានដុល្លារ
 
ផ្លាស់ទៅទឹកដីអារ៉ាប៊ីសាអូឌីតដោយគ្មានតម្លៃខ្លួនក្នុងពេលទីផ្សារដោះដូរក្នុងឆ្នាំ ២០២៣ Ronaldo ចូលរួម Al Nassr ទទួលបានតម្លៃប្រាក់ពលកម្មប្រមាណជាង ២១៣លានដុល្លារក្នុងមួយឆ្នាំជាមួយកិច្ចសន្យា ២ឆ្នាំកន្លះរហូតដល់ឆ្នាំ ២០២៥។ ជាមធ្យមប្រាក់ពលកម្មរបស់ Ronaldo ក្នុងមួយខែរកបាន ៧៥លានដុល្លារ ខណៈប្រាក់ចំណូលទាំងនេះរកបានពីសិទ្ធិប្រើប្រាស់រូបគេរបស់គេ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេង។ ក្នុងមួយសប្តាហ៍ Ronaldo រកបានប្រមាណ ៣.៦លានអឺរ៉ូនៅ Al Nassr


 
២. Kylian Mbappe នៅក្លិប Paris Saint Germain ១២៨លានដុល្លារ
 
ចាប់តាំងពីហៀបចូលរួមជាមួយក្រុម Real Madrid កាលពីដើមរដូវកាលមក ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ បានចុះកុងត្រាបន្តជាមួយ PSG រហូតដល់ឆ្នាំ ២០២៥។ បើតាមរបាយការណ៍កីឡាករសញ្ជាតិបារាំងរូបគេនឹងរកបានប្រាក់ប្រមាណជាង ១លានអឺរ៉ូក្នុងមួយសប្តាហ៍ ហើយ Mbappe បានក្លាយជាកីឡាករដែលមានតម្លៃពលកម្មថ្លៃជាងគេលើពិភពលោកមុនពេល Ronaldo ទៅចូលរួមជាមួយ Al Nassr។ ប្រាក់ពលកម្មរបស់ Mbappe រកបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗរបស់ក្លិប PSG។


 
៣. Lionel Messi ក្លិប Paris Saint Germain ១២០លានដុល្លារ
 
Lionel Messi បានក្លាយជាកីឡាករល្អបំផុតប្រចាំប្រវត្តិសាស្ត្របាល់ទាត់ក្រោយរូបគេឈ្នះពាន World Cup 2022 នៅកាតា។ Messi ចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួនដោយផ្លាស់ពី Barcelona ក្នុងឆ្នាំ ២០២១ ហើយតារាបាល់ទាត់ឆ្នើមសញ្ជាតិអាហ្សង់ទីនទទួលបានប្រាក់ចំណូលប្រមាណ ៩៦០,០០០អឺរ៉ូក្នុងមួយសប្តាហ៍។ កីឡាករវ័យ ៣៥ឆ្នាំ រូបនេះទទួលបានប្រាក់ចំណូលពីក្លិបប្រមាណ ៦៥លានដុល្លារ និងប្រមាណជាង ៥៥លានដុល្លារទៀតពីការគាំទ្រក្រៅទីលាន។
  


៤. Neymar JR ក្លិប Paris Saint Germain ៨៧លានដុល្លារ
 
PSG បានធ្វើឱ្យខ្សែបម្រើប្រយុទ្ធប្រេស៊ីលក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោក ​ដោយបាននាំយករូបគេពី Barcelona ក្នុងតម្លៃ ២២២លានអឺរ៉ូកាលពីឆ្នាំ ២០១៧។ នៅ PSG ​កីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីលរូបនេះទទួលបានប្រាក់ឈ្នួលដ៏ខ្ពស់ ហើយដោយរូបគេបានបន្តកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ ២០២៥។ Neymar JR រកបានប្រាក់ឈ្នួលជាមធ្យមពីក្លិបចំនួន ៥៥លានដុល្លារ ខណៈ ៣២លានដុល្លារផ្សេងទៀតបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។


 
៥. Mohammed Salah ក្លិប Liverpool ៥៣លានដុល្លារ
 
កាលពីរដូវកាលមុនអនាគត​ Salah ហាក់បីស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពីបានផុតកិច្ចសន្យាជាមួយ Liverpool តែទោះជាយ៉ាងរូបគេក៏បានបន្តកុងត្រាថ្មីបន្ថែម ៣ឆ្នាំជាមួយហង្ស់ក្រហម។ Salah នៅ ​Liverpool រកបានប្រាក់ពលកម្ម ៤សែនអឺរ៉ូក្នុងមួយសប្តាហ៍។
  


៦. Erling Haaland ក្លិប Manchester City ៣៩លានដុល្លារ
 
Haaland បានចូលរួមជាមួយក្រុមមេឃខៀវ Manchester City កាលពីដើមរដូវកាល ២០២២-២៣ នេះ ហើយមកដល់ទឹកដីអង់គ្លេសកីឡាករបាល់ទាត់វ័យ ២២ឆ្នាំរូបនេះបានបំបែកកំណត់ត្រាជាច្រើននៅ ​Premier League។ តែទើជាយ៉ាងណាក្រុម Man City ចុះកិច្ចសន្យាយករូបគេក្នុងតម្លៃមិនជាខ្ពស់ប៉ុន្មានឡើយ ដោយកីឡាកររូបគេនឹងរកបានប្រាក់ចំណូលពី Man City ប្រមាណ ៣៩លានដុល្លារក្នុងមួយរដូវកាល។
  


៧. Robert Lewandowski ក្លិប Barcelona ៣៥លានដុល្លារ
 
Lewandowski ជាមធ្យមទទួលបានប្រាក់ឈ្នួលពីក្រុម Barca ចំនួន ៣៥លានដុល្លារក្នុងមួយឆ្នាំ ដែលរូបគេក៏ជាខ្សែប្រយុទ្ធមួយរូបល្បីឈ្មោះខ្លាំងនៅលើពិភពលោក។ រូបគេបានចូលរួមជាមួយក្រុម Barcelona កាលពីដើមរដូវកាលដោយផ្ទេរពី Bayern Munich ក្នុងតម្លៃ ៥០លានអឺរ៉ូ។
  


៨. ​Eden Hazard ក្លិប​ Real Madrid ៣១លានដុល្លារ
 
ខ្សែបម្រើប្រយុទ្ធរូបនេះបានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០១៩ ហើយរូបគេបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងនៅទឹកដីអេស្ប៉ាញ យ៉ាងណាមិញកីឡាករបាល់ទាត់រូបនេះទទួលបានប្រាក់ចំណូលក្នុងមួយឆ្នាំ ៣១លានដុល្លារពីក្លិប។
  


៩. Andres Iniesta ក្លិប Vissel Kobe ជប៉ុន ៣០លានដុល្លារ
 
បន្ទាប់ពីទទួលបានភាពជោគជ័យនៅ Barcelona កីឡាករខ្សែបម្រើវ័យចំណាស់រូបនេះបានផ្លាស់ទៅចូលរួមជាមួយក្លិបប្រទេសជប៉ុនមុនពេលចូលនិវត្តន៍ជាមួយក្លិប Vissel Kobe។ ក្នុងឆ្នាំ ២០២២ ក៏បានបើកលក់ស្បែកជើងដែលជាមាកយ៉េហោផ្ទាល់ខ្លួនដែលមានឈ្មោះថា Capitten។ កីឡាករវ័យចំណាស់រូបនេះរកបានប្រាក់ចំណូល ៣០លានដុល្លារក្នុងមួយឆ្នាំពីតម្លៃពលកម្មក្លិប និងកិច្ចព្រមព្រៀងពាណិជកម្មផ្សេងៗ។
 
១០. Kevin De Bruyne ក្លិប Manchester City ២៩លានដុល្លារ
De Bruyne ជាខ្សែបម្រើល្អបំផុតមួយនៅលើពិភពលោកសម្រាប់កីឡាករស្រទាប់ជំនាន់មុន ហើយរូបគេក៏ជាកីឡាករល្អបំផុតរបស់ Man City មកដល់បច្ចុប្បន្ន ជាមួយទេសពកោសល្យរបស់គេលើទីលានបានធ្វើឱ្យគេរកបានប្រាក់ចំណូលជាមធ្យម ២៩លានដុល្លារក្នុងមួយឆ្នាំ៕
 


Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com