ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក វ៉ាហ៊ីត គីរីស៊ី ប្រាប់សម្ដេច ហ៊ុន សែន ថា កម្ពុជា-តួកគី មានសក្ដានុពលច្រើន ដែលអាចប្រតិបត្តិរួមគ្នា
11, Jan 2023 , 4:10 pm        
រូបភាព
លោក វ៉ាហ៊ីត គីរីស៊ី រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី ប្រាប់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ប្រទេសទាំងពីរ មានសក្ដានុពលជាច្រើនវិស័យ ដែលអាចសហប្រតិបត្តិការគ្នាបាន។
 
វិស័យសក្ដានុពលទាំងនោះរួមមាន៖ វិស័យកសិកម្ម, ការច្នៃកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ, វិស័យវារីវប្បកម្ម, វិស័យគ្រឿងយន្តកសិកម្ម, វិស័យសំណង់, វិស័យ IT, វិស័យកែច្នៃម្ហូបអាហារ និងអាហារហាឡាល់, វិស័យអប់រំ, ការផ្ដល់អាហាររូបករណ៍ឲ្យនិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសតួគី, ការហោះហើរត្រង់ពីប្រទេសតួកគី មកកាន់កម្ពុជា និងវិស័យជាច្រើនដទៃទៀត។ នេះជាការលើកឡើងរបស់លោ វ៉ាហ៊ីត គីរីស៊ី ។
 
ហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានស្រង់សម្តីរដ្ឋមន្រ្តីកសិកម្មតួកគី មករៀបរាប់ដូច្នេះថា៖«ប្រទេសទាំងពីរ កម្ពុជា-តួគី មានសក្ដានុពលច្រើនដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់១ពាន់លានដុល្លារក្នុងមួយឆ្នាំ»។
 
សម្ដេច ហ៊ុន សែន គាំទ្រ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពល ដូចរដ្ឋមន្ត្រីកសិកម្មតួកគី បានលើកឡើងខាងលើនេះ។ សម្ដេច ក៏ស្នើឱ្យលោក វ៉ាហ៊ីត គីរីស៊ី ជួយជំរុញអ្នកវិនិយោគតួកគី មកមករកស៊ីនៅកម្ពុជា តាមរយៈលក់ផលិតផលម៉ាស៊ីនសម្រាប់កែច្នៃ, សង់ឃ្លាំងស្តុក និងរៀបចំបណ្ដាញទិញផលិតផលកសិកម្មពីប្រជាជនកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅទីផ្សារប្រទេសតួគីផង និងទីផ្សារដទៃទៀតផង។
 
«កម្ពុជា មានវត្ថុធាតុដើមច្រើនជាអាទិ៍មានស្វាយចន្ទី មានដំឡូង មានកៅស៊ូ មានស្រូវ ដែលអាចកែច្នៃសម្រាប់ការនាំចេញ» ។ នេះបើតាមប្រមុខរដ្ឋាភិបាលកម្ពុជា។
 
ចំពោះដំណើរទស្សនកិច្ចរបស់លោក វ៉ាហ៊ីត គីរីស៊ី រដ្ឋមន្រ្តីកសិកម្មតួកគីនាពេលនេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការអនុវត្តលើកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាកន្លងមក។
 
 
កាលពីខែកក្កដា ២០២២កន្លងមក រដ្ឋសភាកម្ពុជាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ នៃកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធលើប្រាក់ចំណូលជាមួយប្រទេសតួកគី ។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់ និងបង្រ្កាបការគេចវេះពន្ធ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ៕
 

Tag:
 នយោបាយ
  សេដ្ឋកិច្ច
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com