ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ វាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីលោក គង់ គាំ មកវិញ
11, Jan 2023 , 4:59 pm        
រូបភាព
ក្រោយអានលិខិតរបស់លោក គង់ គាំ ទីប្រឹក្សាគណបក្សភ្លើងទៀនហើយ សម្ដេច ហ៊ុន សែន បានពន្លយសម្តីថា វាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីរបស់អ្នកនយោបាយជើងចាស់នេះ មកវិញហើយ។
 
លិខិតលោក គង់ គាំ បានរៀបរាប់ពីតំណាលរឿងទាក់ទងដីនិងផ្ទះលោក ដែលបានស្នាក់នៅតាំងពីឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្ននេះ ។ ក្នុងតំណាលរឿងយ៉ាងលម្អិតនេះ លោក គង់ គាំ បានរំលេចឃ្លាមួយថា៖«ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី (សម្ដេច ហ៊ុន សែន) ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក»។ 
 
ត្រង់ឃ្លានេះហើយ ដែលសម្ដេច ហ៊ុន សែន ចាត់ទុកថា ជាភស្តុតាងដែលលោក គង់ គាំ មិនអាចប្រកែកបាន ។ តាមរយៈហ្វេសប៊ុកខ្លួន ប្រមុខរដ្ឋាភិបាលបានសរសេរដូច្នេះថា៖«ដូចនេះ តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ»។
 
មិនតែប៉ុណ្ណោះ សម្ដេច បានចោទលោក គង់ គាំ ថា បានក្លែងបន្លំឯកសារយកដី និងផ្ទះរដ្ឋទៀតផង។«ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាមានការយោគយល់ចំពោះស្នាក់នៅនៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែ ខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។ រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិលើដីនេះ គឺជាក្លែងបន្លំយកដីនិងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន»។ នេះបើតាមនាយករដ្ឋមន្រ្តី។
 
គួរបញ្ជាក់ថា ដី និងផ្ទះរបស់លោក គង់ គាំ រស់នៅបច្ចុប្បន្ននេះ ជាអតីតក្រសួងបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោក គង់ គាំ មករស់នៅទីនោះ ក្រោយពេលត្រឡប់មកពីបំពេញការងារជាឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងហាណូយ ប្រទេសវៀតណាម ៕
 
 
 

Tag:
 ហ៊ុន សែន
  គង់ គាំ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com