ជាតិ
អ្នកជំនាញ បានសង្គ្រោះ ទន្សោងឈ្មោលមួយក្បាល ដែលជាប់អន្ទាក់ ដាច់ជើងមុខ
11, Jan 2023 , 6:59 pm        
រូបភាព
 សត្វទន្សោងឈ្មោលជាប់អន្ទាក់មួយក្បាលនៅខេត្តកំពង់ស្ពឺ ត្រូវបានជួយសង្គ្រោះ
សត្វទន្សោងឈ្មោលជាប់អន្ទាក់មួយក្បាលនៅខេត្តកំពង់ស្ពឺ ត្រូវបានជួយសង្គ្រោះ
ដោយ:
ភ្នំពេញ៖  ទន្សោងឈ្មោល​បានជាប់អន្ទាក់ដាច់ជើងមុខខាងឆ្វេងមួយក្បាលនៅក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុមត្រូវបានជួយសង្គ្រោះពីព្រៃ ដើម្បីស្ដារនីតិសម្បទានៅក្នុងមជ្ឈមណ្ឌលថែរក្សានិងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ខេត្តតាកែវ។ លោកយង់ រតនា ថាសត្វមួយក្បាលនេះត្រូវការការព្យាបាល និងតាមដានរបួសបន្តពីពេទ្យជំនាញ។
 
សត្វនេះអាចមានភាគរយតិចណាស់ ដែលអាចត្រឡប់ចូលព្រៃធម្មជាតិវិញ។ សហគមន៍ការពារព្រៃឈើប្រាំបីមុម មានផ្ទៃដីសរុប ១ ២២១ ហិកតាស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
 
បច្ចុប្បន្នសហគមន៍នេះមានសត្វទន្សោងជាង១០០ក្បាលកំពុងរស់នៅ។ ក្រៅពីសត្វទន្សោងនៅទីនោះក៏មានសត្វខ្ទីង ក្ងោក ប្រើស ជ្រូកព្រៃ និងសត្វមួយចំនួនទៀតផងដែរ។  
 

   រូបភាពទន្សោងឈ្មោល ជាប់អន្ទាក់នៅសហគមន៍ការពារព្រៃឈើប្រាំបីមុម។ រូបភាពដោយ សួនសត្វភ្នំតាម៉ៅ។
 
 
លោក សឿន ឡាយ ជាប្រធានសហគមន៍ការពារព្រៃឈើប្រាំបីមុមបានប្រាប់សារព័ត៌មានThmeyThmey25ថា បច្ចុប្បន្នទន្សោងនៅក្នុងសហគមន៍សរុបទាំងអស់ជាង១០០ក្បាល ដែលកំពុងរស់នៅ​ក្នុងព្រៃសហគមន៍។ ជាមួយគ្នានេះ លោកបានលើកឡើងថាសត្វទន្សោងកើនឡើងច្រើនអាចជាដំណឹងរីករាយ ប៉ុន្ដែទន្ទឹមនេះសហគមន៍កំពុងបារម្ភបញ្ហាសត្វជាប់អន្ទាក់នៅក្រៅសហគមន៍។ លោក ឡាយ បញ្ជាក់បែបនេះ៖ « យើងរាល់ថ្ងៃបារម្ភបំផុតគឺបញ្ហាសត្វជាប់អន្ទាក់នៅក្រៅសហគមន៍។
 
វាចេញទៅរកស៊ីនៅក្នុងចម្ការអំពៅ នៅទីនោះមានអន្ទាក់ច្រើនព្រោះជាដីរបស់ក្រុមហ៊ុនចម្ការអំពៅ យើងមិនអាចគ្រប់គ្រងបានទេ។ ឆ្នាំនេះទន្សោង បើមិនបីក៏បួនក្បាលដែលកំពុងមានរហួសដោយសារជាប់អន្ទាក់»។ 
 
ប្រធានសហគមន៍ខាងលើបន្តថា ការសង្គ្រោះទន្សោងនេះធ្វើឡើយចំនួនបួនដងមកហើយដោយបីដង បរាជ័យ ចំណែកលើកទីបួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះទទួលជោគជ័យ
និងត្រូវបានយកទៅសង្គ្រោះ និងស្ដារនីតិសម្បទា នៅក្នុងមជ្ឈមណ្ឌលថែរក្សានិងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ក្នុងខេត្តតាកែវ។ 
  

ទន្សោងឈ្មោលសង្គ្រោះពីសហគមន៍ការពារព្រៃឈើប្រាំមីមុម។ រូបភាពពីសួនសត្វភ្នំតាម៉ៅ។

លោក យង់ រតនា អនុប្រធានការិយាល័យអភិរក្ស និងវិបុលកម្ម បានបញ្ជាក់ថា ពេលនេះសត្វទន្សោងឈ្មោលនោះ បានមកដល់កន្លែងសង្គ្រោះនៅក្នុងភ្នំតាម៉ៅហើយ។
 
ទន្ទឹមនេះក្រុមការងារជំនាញកំពុងតាមដាននិងព្យាបាលជើងរបួសរបស់វា។ «ជើងមុខខាងឆ្វេងរបស់វាបានដាច់ដោយសារអន្ទាក់ខ្សែកាបដូច្នេះក្រុមយើងត្រូវព្យាបាល ដើម្បីប្រកដថារបួសនោះមិនរាលទៅដល់កន្លែងផ្សេង។ 
 
ជាមួយគ្នានេះយើងព្យាយាមព្យាបាលរបួសនោះ ដើម្បីការពារជីវិតរបស់វា»។ នេះជាការលើកឡើងរបស់ លោក រតនា។លោកបន្ថែមថា ជាគម្រោងការសង្គ្រោះសត្វប្រភេទ ហ្នឹងមានជាបន្តនៅក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុមប៉ុន្ដែត្រូវចាំការបញ្ជាក់ព័ត៌មានច្បាស់លាស់ពីក្រុមសហគមន៍។
 
អនុប្រធានការិយាល័យអភិរក្ស និងវិបុលកម្មខាងអះអាងថាសត្វទន្សោងឈ្មោលនេះអាចត្រូវបានរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះនិងថែរក្សាសត្វព្រៃភ្នំតាម៉ៅច្រើនជាងយកទៅលែងក្នុងសហគមន៍ការពារវិញ។ មូលហេតុធំបំផុតដោយសារវាពិការ និងភាពអសុវត្ថិភាពនៃតំបន់ដែលជាជម្រកដើមរបស់វា។ 
 
ដោយលោកបញ្ជាក់ដូច្នេះ៖ « យើងមិននិយាយថាការស្ដារនីតិសម្បទានេះ នឹងជោគជ័យមួយរយភាគរយទេប៉ុន្ដែយើងសង្ឃឹមថាយើងអាចជួយវា នៅពេលវាសះស្បើយ។
 
ក៏មិនប្រាកដថាអាចយកទៅប្រាំបីមុមវិញដែរ ព្រោះជើងសល់តែបីប៉ុណ្ណោះដែលអាចប្រើបាន។ប្រសិនបើយកទៅទីនោះវិញអាចមិនមានសុវត្ថិភាព ព្រោះអន្ទាក់ច្រើន»។
 
ទាំងលោក រតនា និងលោក ឡាយ បានសំណូមពរដល់ពលរដ្ឋនិងជនឆ្លៀតឱកាសមួយចំនួនសូមបញ្ឈប់សកម្មភាពដាក់អន្ទាក់ជាបន្ទាន់ព្រោះនេះជាហានិភ័យខ្លាំងណាស់សម្រាប់សត្វ ដែលអាចឈានដល់ដំណាក់កាលផុតពូជសត្វប្រភេទកម្រៗនៅក្នុងប្រទេសកម្ពុជា៕ 
 
 

Tag:
 កំពង់ស្ពឺ
  ជាប់អន្ទាក់
  សហគមន៍ការពារសត្វព្រៃប្រាំបីមុម
© រក្សាសិទ្ធិដោយ thmeythmey.com