កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Melbourne ត្រូវដក១០ពិន្ទុ៤រដូវកាល និងពិន័យជិតកន្លះលានដុល្លារ ដោយសារអ្នកគាំទ្របង្កចលាចល
11, Jan 2023 , 5:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (FA) នៅថ្ងៃទី១០ ខែមករា បានពិន័យជាកំណត់ត្រាមិនធ្លាប់មានលើក្លិប  ទៅលើក្រុម Melbourne Victor នៃក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលអូស្ត្រាលី ជាប្រាក់ប្រមាណ ៤៥០,០០០ដុល្លារអូស្ត្រាលី (៣១០,៤១០ដុល្លារអាម៉េរិក)និងដក១០ពិន្ទុ ៤រដូវកាល ក្រោយអ្នកគាំទ្រខ្លួនអុកលុកក្នុងទីលាន។ ហេតុការណ៍នេះ បណ្តាលឱ្យមានកីឡាករម្នាក់របួសអំឡុងការប្រកួតនាជំនួប Derby រវាង Melbourne Victory ទល់និង Melbourne City កាលពីខែធ្នូឆ្នាំ ២០២២។


នាហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនោះ កីឡាករក្រុម Melbourne City អ្នកចាំទី Tom Glover បានចាកចេញពីទីលានដោយនៅលើផ្ទៃមុខពោរពេញដោយឈាម បន្ទាប់ពីត្រូវបានអ្នកគាំទ្រខាងក្រុម Melbourne Victory យកធុងដែកគប់ចំនៅពេលដែលពួកគេបានរត់ចូលអុកលុកក្នុងទីលាននាកីឡដ្ឋាន Rectangular។ ជាលទ្ធផលការប្រកួតរវាងក្រុមក្នុងទីក្រុងតែមួយដូចគ្នាត្រូវបានអាជ្ញាកណ្តាលសម្រេចផ្អាកមិនបន្តការប្រកួតតែម្តង។
 
ក្រោយហេតុការណ៍ដ៏អាក្រក់នេះ ស្ថាប័នបាល់ទាត់កំពូលអូស្ត្រាលី FA បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះក្លិប Melbourne Victory ដោយត្រូវកាត់ ១០ពិន្ទុទាំងរដូវកាលនេះ និង៣រដូវកាលបន្ទាប់ទៀត ក្រោមមូលហេតុនៃការប្រព្រឹត្តិខុសរបស់អ្នកគាំទ្រ។ 
 
មិនត្រឹមតែប៉ុណ្ណោះ ក្រុម Melbourne Victory ក៏ត្រូវបានហាមឃាត់ចំពោះការលក់សំបុត្រចូលទស្សនាសម្រាប់ទីកន្លែងអង្គុយដែលអ្នកគាំទ្របានរត់ចូលទីលានពីទីតាំងអង្គុយនោះ ហើយក៏ហាមឃាត់អ្នកគាំទ្រមិនឱ្យទៅទស្សនាការប្រកួតក្រៅទឹកដីផងដែររហូតចប់រដូវកាល។ ចំពោះការដាក់ទណ្ឌកម្មដូចខាងលើនេះ​ FA ក៏បានគណនាបន្ថែមដែលថាការដាក់ទណ្ឌកម្មទាំងនេះនឹងធ្វើឱ្យក្លិបខាតបង់ប្រាក់បន្ថែមប្រមាណ ១០០,០០០ដុល្លារអូស្ត្រាលី។
 
បើតាមលោក ​James Johnson ប្រធាន FA នេះជាហេតុការណ៍ដ៏អាក្រក់បំផុតមិនធ្លាប់មានសម្រាប់ការប្រកួតនៅប្រទេសអូស្ត្រាលីចាប់តាំងពីការបង្កើតលីគកំពូល A League ពីឆ្នាំ ២០០៤ មក។
 
«ការប្រកួតក្នុងទីលាននេះគឺជារឿងដ៏គួរឱ្យភ័យខ្លាច និងសុវត្ថិភាពសម្រាប់កីឡាករយើងជារឿងចាំបាច់និងសំខាន់បំផុត រួមទាំងក្រុមមន្រ្តីនៃការប្រកួត។ អ្នកដែលចូលអុកឡុកក្នុងទីលានដោយខុសច្បាប់ បានបង្កការខូចខាតសម្បត្តិក្នុងទីលាន និងបានប្រើអំពើហិង្សា និងពាក្យសម្តីមិនសមរម្យ រួមទាំងការបង្ករបួសដល់កីឡាករនិងមន្ត្រីការប្រកួត។ នេះជាទង្វើរដែលហួសព្រំដែន។[…]។»។ លោក Johnson បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធ FA បែបនេះ។
 
ក្រៅពីការដាក់ទណ្ឌកម្មនិងពិន័យលើក្រុម Melbourne Victory អ្នកគាំទ្រចំនួន ១៧នាក់ដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលបានបង្កសកម្មភាពក្នុងហេតការណ៍នោះក៏ត្រូវបានសហព័ន្ធហាមឃាត់ពីវិស័យបាល់ទាត់ពេញមួយជីវិតផងដែរ។
 
ស្របគ្នាទៅនឹងការដាក់ទណ្ឌកម្មពីសំណាក់សហព័ន្ធ FA ក្នុងប្រទេសក្រុម Melbourne Victory បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់កំហុសរបស់ខ្លួនដែលបង្កឡើងដោយអ្នកគាំទ្រ និងមិនដាក់ពាក្យប្តឹងឧទ្ធរណ៍ចំពោះការពិន័យនោះវិញទេ៕
 
 
 
 
 
 

Tag:
 Melbourne Victory
  Australia
© រក្សាសិទ្ធិដោយ thmeythmey.com