ជាតិ
ទូកកានូ និងរ៉ូអ៊ីង៖ លោក ប៉ាន សូរស័ក្តិ សរសើរការប្រឹងប្រែងរបស់អត្តពលិក
11, Jan 2023 , 10:59 pm        
រូបភាព
អត្តពលិកកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្នុងពិធីសំណេះសំណាលដោយលោក ប៉ាន សូរស័ក្តិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
អត្តពលិកកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្នុងពិធីសំណេះសំណាលដោយលោក ប៉ាន សូរស័ក្តិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
លោក ប៉ាន សូរស័ក្តិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលបានខិតខំអនុវត្តការងារកន្លងមកបានយ៉ាងល្អប្រសើរ និងទទួលបានផ្លែផ្កា។
 
ការវាយតម្លៃខ្ពស់ចំពោះមន្រ្តីបច្ចេកទេស គឺគាត់ទទួលបានការហ្វឹកហ្វឺនខ្ពស់លើកម្រិតបច្ចេកទេសដែលទទួលបានការបង្ហាត់បង្រៀន និងបំពាក់បំប៉នថ្នាក់អន្តរជាតិ ដែលរៀបចំវគ្គបណ្តុះបណ្តាលដោយសហព័ន្ធកីឡាទូកកានូ និងកាយ៉ាកអាស៊ី។ ការតេស្តសាកល្បងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គឺទទួលបានជោគជ័យ ទាំងគណៈកម្មការរៀបចំការប្រកួត និងគ្រូបង្វឹកកាត់សេចក្តីក្នុងការប្រកួតនោះផង។
 
ចំណែកកីឡាករ-កីឡាការិនី ក្រោយដណ្តើមបានមេដាយសំរឹទ្ធ១ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី នៅប្រទេសថៃ ការហ្វឹកហាត់បន្តសកម្មភាពមានជារៀងរាល់ថ្ងៃដែលមានការបង្ហាត់បង្ហាញពីគ្រូអន្តរជាតិមកពីប្រទេសមីយ៉ាន់ម៉ាលោក Naing Naing htoo ជាមួយគ្នានោះដែរការវាយតម្លៃចំពោះកម្រិតសមត្ថភាពអត្តពលិករីកចំរើនគួរឱ្យកត់សម្គាល់ ទាំងកម្លាំង និងបច្ចេកទេសអ៊ុំ។
 
លោក ប៉ាន សូរ ស័ក្តិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ថាការធ្វើបានលទ្ធផលល្អកន្លងមកជាយានឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត ជាពិសេសការដណ្តើមមេដាយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។
 
លោក ប៉ាន សូរ ស័ក្តិ និយាយថា៖«ជាការពិតណាស់ ការរៀបចំព្រឹត្តិការណ៍ប្រកួតជាច្រើនកន្លងមក ក៏ដូចជាការទៅចូលរួមប្រកួតអន្តរជាតិនានា វាផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីរបស់យើង បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់ ហើយជ័យជម្នះ ដែលកីឡាករ កីឡាការិនី ទទួលបានកន្លងមកនេះ វាជាបទពិសោធន៍មួយដ៏ល្អសម្រាប់កីឡាករ កីឡាការិនី ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។
 
គួរបញ្ជាក់បន្ថែមផងដែរថា លោក ប៉ាន សូរស័ក្តិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រូវបានសម្តេច ស ខេង ប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តែងតាំងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com