កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Felix បង្ហាញខ្លួនដំបូងបានកាតក្រហម ស្របពេល Chelsea ចាញ់ Fulham
13, Jan 2023 , 11:29 am        
រូបភាព
Joao Felix  ដែល Chelsea ទើបខ្ចីជើងពី Atletico Madrid ​ទទួលបានកាតក្រហមក្នុងការបង្ហាញខ្លួនដំបូង ស្របពេលតោខៀវរងបរាជ័យក្រោមថ្វីជើង Fulham ក្នុងលទ្ធផល ២​-១ នៃជំនួបក្របខណ្ឌ ​Premier League ថ្ងៃទី១២ ខែមករា។ លទ្ធផលនេះ បានបន្ថែមសម្ពាធកាន់តែខ្លាំងឡើងសម្រាប់លោក Graham Potter សម្រាប់កៅអីអ្នកចាត់ការទូទៅ ខណៈ ៩ប្រកួតចុងក្រោយរកបានជ័យជម្នះតែ១លើកតែប៉ុណ្ណោះ។


ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Felix ចូលជួយក្រុម Chelsea ភ្លាមៗតែម្តង បន្ទាប់ពីសម្រេចការផ្ទេរដោយខ្ចីជើងពីក្រុមអេស្ប៉ាញ Atletico Madrid។ បង្ហាញខ្លួនដំបូង Felix បែជាទទួលកាត់ក្រហម និងធ្វើឱ្យក្រុមបរាជ័យថែមទៀត។ Felix ទទួលបានកាតក្រហមនៅនាទី៥៨ នៃការប្រកួតក្រោយរូបគេបានទៅប៉ះទង្គិចគ្នាជាមួយកីឡាករខ្សែការពារ Kenny Tete អំឡុងពេលការប្រកួតស្ថិតក្នុងលទ្ធផលស្មើ ១-១។
 
កីឡាករដែលមានវ័យត្រឹម ២៣ឆ្នាំ ទទួលបានកាតក្រហមធ្វើឱ្យក្រុមម្ចាស់ផ្ទះ Fulham ចំណេញកម្លាំងកីឡាករម្នាក់ក្នុងការប្រយុទ្ធលើទីលានទល់ក្រុមភ្ញៀវ រហូតកីឡាករខ្សែប្រយុទ្ធ Carlos Vinicius សញ្ជាតិប្រេស៊ីលរកបានគ្រាប់បាល់ជ័យជម្នះទៅលើតោខៀវ ២-១ នៅត្រឹមនាទី៧៣ ដោយការតែតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ។ គ្រាប់បាល់ទីមួយរបស់ Fulham ធ្វើបានដោយកីឡាករប្រេស៊ីល William នៅនាទី២៥ ចំណែក ១គ្រាប់របស់ Chelsea រកបានដោយខ្សែការពារ Kalidou Koulibaly នាទី៤៧។
 
ក្រោយក្រុមបន្តរងភាពអាម៉ាស់ដូច្នេះលោក Graham Potter ជាគ្រូបង្វឹកហាក់បីមិនបង្ហាញអារម្មណ៍ខឹងសម្បាអ្វីឡើយចំពោះក្រុម ដោយលោកគ្រាន់តែលើកឡើងអំពីបញ្ហាប្រឈមដោយទទួលបានកាតក្រហម និងការបង្កកំហុសបន្តិចបន្តួចពីសំណាក់កីឡាករតែប៉ុណ្ណោះ។
 
«យើងចាប់ផ្តើមការប្រកួតបានល្អ យើងមានឱកាសល្អពីដើមវគ្គមក ប៉ុន្តែកំហុសក៏តែងកើតមានដែលនាំឱ្យក្រុមគេនាំមុខ ១គ្រាប់មុន យើងបានឆ្លើយតបយ៉ាងល្អដោយអាចតាមស្មើ។ តែទោះយ៉ាងណាកាតក្រហមបានផ្លាស់ប្តូរការប្រកួត និងធ្វើឱ្យយើងជួបបញ្ហាលំបាកខ្លាំងឡើង។ យើងអាចធ្វើបានកាន់តែល្អចំពោះការស៊ុតបញ្ចូលទី ហើយរឿងនេះជាអ្វីដែលយើងចង់បាន។»។ លោក Potter និយាយប្រាប់ BT Sports បែបនេះ។
 
លទ្ធផលឈ្នះ ២-១ បានជួយ Fulham ក្រសោបបាន ៣ពិន្ទុបន្ថែមដើម្បីឡើងឈរលេខ៦ មាន៣១ពិន្ទុ ក្នុងតារាងលីគកំពូលអង់គ្លេស សម្រាប់សប្តាហ៍ទី១៩ ដោយឈរពីលើក្រុមហង្សក្រហម ​​Liverpool ដែលទើបប្រកួត១៧លើក ចំនួន៣ពិន្ទុ។ 
 
នេះបានក្លាយជាបរាជ័យការប្រកួតក្នុងលីគលើកទី៨ សម្រាប់ Chelsea ក្នុងរដូវកាលនេះ និងជាបរាជ័យ ៣លើកជាប់គ្នានៅរាល់គ្រប់កម្មវិធីប្រកួត។ ​តោខៀវស្ថិតនៅចំណាត់ថ្នាក់លេខ ១០ មានត្រឹម ២៥ពិន្ទុពីការប្រកួតចំនួន ១៨លើកនៃ Premier league។
 
ចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជាថ្ងៃនៃការប្រកួត Champions League ចុងក្រោយទល់ក្រុម Dimano Zagreb ដែលកាលនោះ Chelsea យកឈ្នះដោយលទ្ធផល ២-១ ហើយមកដល់ឆ្នាំ ២០២៣ ដែលការប្រកួតយប់មិញនេះជាការប្រកួត ១០លើកចុងក្រោយបង្អស់របស់ Chelsea។ ១០ប្រកួតចុងក្រោយមកនេះ Chelsea រកបានជ័យជម្នះបានត្រឹមតែ ២លើកប៉ុណ្ណោះ ស្មើ១ លើកចាញ់ ៨លើក ក្រោមការដឹកនាំរបស់លោក Potter៕
 
 

Tag:
 Premier League
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com